កំពង់ផែរាម នឹងសម្ពោធនៅដើមខែមេសា ហើយនាវាជប៉ុននឹងបោះយុថ្កាចតមុខគេ
  • ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:២៩ នាទី ល្ងាច
កំពង់ផែរាម នឹងសម្ពោធនៅដើមខែមេសា ហើយនាវាជប៉ុននឹងបោះយុថ្កាចតមុខគេ
លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជួបជាមួយ លោក ហារ៉ា តាកាស៊ី នាយការិយាល័យសេនានុព័ន្ធជប៉ុនថ្មីប្រចាំកម្ពុជា នៅថ្ងៃទី១៨មីនា ឆ្នាំ ២០២៥។ រូបពី អគ្គបញ្ជាការដ្ឋាន ខ.ភ

​កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតនៅ កំពង់ផែរាម ខេត្តព្រះសីហនុមុនគេ បន្ទាប់ពីកំពង់ផែនេះ សាងសង់រួច និងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដំណាក់កាលទី១ នៅខែមេសាខាងមុខ។ នេះបើតាមការចេញផ្សាយរបស់អគ្គបញ្ជាការដ្ឋានខេមរភូមិន្ទ។

TTN-Free-Banner-In-Article-PC

លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបជាមួយ លោក ហារ៉ា តាកាស៊ី នាយការិយាល័យសេនានុព័ន្ធជប៉ុនថ្មីប្រចាំកម្ពុជា កាលពីថ្ងៃទី១៨មីនា នៅអគ្គបញ្ជាការដ្ឋាន។

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទថា ការផ្ដល់អាទិភាពឱ្យនាវាជប៉ុនចូលចតដំបូងគេ ជាប្រវត្តិសាស្ត្រ បង្ហាញពីគោលជំហរ ខ្ពស់នៅក្នុងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងនិងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោក វង្ស ពិសេន ក៏បានអះអាងដែរ កំពង់ផែរាម នឹងបើកឱ្យនាវាពីប្រទេសផ្សេងចូលចត។ លោក លើកឡើងយ៉ាងដូច្នេះ៖ «ជំហររបស់ថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីសម្ពោធដាក់ឲ្យប្រើប្រាស់ជំហានទី១ នឹងបើកចំហឱ្យនាវាប្រទេសផ្សេងៗទៀត ដែលមកទស្សនកិច្ច ឬមកចូលរួមធ្វើសមយុទ្ធនៅកម្ពុជា ចូលចតនៅកំពង់ផែរាម បន្ទាប់ពីការចូលចតរបស់នាវាជប៉ុន»។ 

ជុំវិញ ការសម្ពោធជាផ្លូវការ មូលដ្ឋានកងទ័ពជើងទឹករាម នៅដើមខែមេសាខាងមុននេះ សារព័ត៌មានឌីជីថលថ្មីៗ ពុំអាចសុំព័ត៌មានបន្ថែមពីលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបានឡើយ។

កំពង់ផែរាម សាងសង់ឡើងក្រោមជំនួយរបស់ភាគីចិន។ ដោយសារទទួលបានជំនួយពីចិន គម្រោងការសាងសង់នេះ មានភាពចម្រូងចម្រាស ចោទប្រកាន់ជាច្រើនពីភាគីអាម៉េរិក ដោយលើកឡើងថា កម្ពុជា-ចិន មានកិច្ចព្រមព្រៀង សម្ងាត់ រួមទាំងសង្ស័យថា កម្ពុជាឱ្យកន្លែងឱ្យកងទ័ពចិនជ្រកកោនផងដែរ។ បញ្ហានេះ កើតមានចាប់តាំងពីឡុងឆ្នាំ២០១៩មក ប៉ុន្តែភាគីកម្ពុជាតែងតែ ចេញមុខបដិសេធគ្រប់ពេល និងប្រកាន់ជំហរឯករាជ្យ។ ចំណែក ភាគីចិន ក៏ច្រានចោលដែរ ពីការចោទប្រកាន់របស់អាម៉េរិក៕ 

អត្ថបទទាក់ទង
 


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី