លោក គុជ គីមឡុង៖ ការប្រកួតអុកចត្រង្គ ជាការសម្រួច និងសាងសក្ដានុពលធនធានថ្នាល
- ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:៥០ នាទី យប់

យុវជន លេងអុកចត្រង្គក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ
កីឡាអុកចត្រង្គ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ មានលក្ខណៈពិសេសជាង១០ឆ្នាំមុន ដោយមានវិញ្ញាសាសម្រាប់កុមារ អាយុចាប់ពី៨-១២ឆ្នាំ។ លោក គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គ មានសុទិដ្ឋិនិយមថា ការប្រកួតអុកចត្រង្គសម្រាប់កុមារ ក្នុងអង្គរសង្ក្រាន្ដ ជាការសម្រួចទិសដៅ និងជំរុញឲ្យកុមារ ចាប់ផ្ដើមសាងសក្ដានុពល លើកីឡាអត្ដសញ្ញាណជាតិមួយនេះ។

សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ សហព័ន្ធកីឡាអុកចត្រង្គ នឹងរៀបចំឲ្យមានការប្រកួតជម្រុះក្រុមនិស្សិត ដោយចម្រាញ់យក២នាក់ រួមជាមួយជើងខ្លាំងអុក ៨នាក់ មកពី ៨តំបន់ផ្សេងគ្នា។ ជើងខ្លាំងទាំង១០នាក់ យកទៅប្រកួតក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ។ ព្រឹត្តិការណ៍នេះ ក៏ត្រូវបានរៀបចំឲ្យមានកុមារអាយុចាប់ពី ៨-១២ ប្រកួតគ្នាផងដែរ។
បើតាមលោក គុជ គីមឡុង មានកុមារ ៨នាក់ បានចុះឈ្មោះប្រកួតអុកចត្រង្គអង្គរសង្ក្រាន្ដហើយ គិតត្រឹមថ្ងៃទី១៩ មីនា។ ការប្រកួតជម្រុះ សម្រាប់កុមារ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ មីនា។ ប្រធានសហព័ន្ធរូបនេះ រំពឹងថានឹងមានកុមារចុះឈ្មោះប្រកួតបន្ថែមទៀត។
ប្រធានរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ការដាក់វិញ្ញាសាប្រកួតអុកចត្រង្គសម្រាប់កុមារ គឺស្របទៅតាមទិសដៅរបស់សហព័ន្ធ ក្នុងការប្រមូល និងបណ្ដុះបណ្ដាលធនធានថ្នាល។ លោក គីមឡុង ចាត់ទុកថាធនធានថ្នាលទាំងនេះ នឹងក្លាយជាតំណាងឲ្យកម្ពុជា ចូលរួមព្រឹត្តិការណ៍កីឡាអន្ដរជាតិនានា។
«គោលដៅសហព័ន្ធកីឡាជាតិទាំងអស់ គឺត្រូវការបណ្ដុះបណ្ដាលធនធានថ្នាល។ យើង ត្រូវសម្រួចកុមារទៅតាមនិស្ស័យ និងសក្ដានុពលរបស់គាត់ ឲ្យខ្លាំងតាំងពីវ័យក្មេងទៅ។ កីឡាអុកយើងក៏ដូចគ្នា គឺយើងត្រូវការបណ្ដុះបណ្ដាលធនធានពីកុមារទៅ។ ឆ្នាំនេះ ល្អមែនទែន ដោយយើង មានការរៀបចំឲ្យមានការប្រកួតកីឡាសម្រាប់កុមារ ជាពិសេសគឺកីឡាបែបប្រពៃណីវប្បធម៌របស់យើង។»។ លោក គុជ គីមឡុង បាននិយាយដូច្នេះ។
ប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់ថា ថៃ បានដាក់ប្រភេទកីឡាអុករបស់ខ្លួន ដែលមានលក្ខណៈស្ទើតែដូចអុកចត្រង្គខ្មែរទាំងស្រុង ចូលក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣។ លោក គីមឡុង ពន្យល់ថា មានភាពខុសគ្នាបន្ដិចបន្ដួចប៉ុណ្ណោះ បើធៀបមកអុកចត្រង្គខ្មែរ ទាក់ទងនឹងការដើរនាង ខុន (ស្ដេច) និងរបៀបរាប់ ក្នុងការប្រកួត។
លោក គុជ គីមឡុង បានពន្យល់ថា៖«ឥឡូវ ស៊ីហ្គេម លើកទី៣៣ ថៃ ធ្វើជាម្ចាស់ផ្ទះ ហើយយើង ត្រូវបានថៃអញ្ជើញឲ្យចូលរួមប្រកួតប្រភេទកីឡាអុកនេះ។ ប៉ុន្ដែ ព្រឹត្តិការណ៍នោះ មិនទាន់មានវិញ្ញាសាសម្រាប់កុមារដែរ។ អុកនៅថៃ មានលក្ខណៈនិងរបៀបដើរដូចជាអុកចត្រង្គដែរ ប៉ុន្ដែរបៀបឡើងឆ្នៀង និងខុន (ស្ដេច) ឡើងដំបូងមានការឡើងខុសគ្នា និងក្បួនរាប់ និងបញ្ចប់ការប្រកួតមានការខុសគ្នាបន្ដិចដែរ។»។
ប្រធានសហព័ន្ធរូបនេះ ក៏មានមោទកភាពចំពោះកីឡាអត្ដសញ្ញាណជាតិមួយនេះ ដែលបានរីកចម្រើន និងមានវិវឌ្ឍន៍ខ្លាំង។ ការដាក់អុកចត្រង្គក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ត្រូវបានលោក គីមឡុង ចាត់ទុកថាជាជោគជ័យធំបំផុត ហើយក៏ជាការចាប់ផ្ដើមដំណើរការជំរុញឲ្យមានធនធានថ្នាល ចូលមកហ្វឹកហាត់កីឡាអុកចត្រង្គ កាន់តែច្រើន៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: