អៀរឡង់ ផ្តល់មូលនិធិ ៨០ម៉ឺនអឺរ៉ូ សម្រាប់អនុវត្តកម្មវិធី អាកាស​ធាតុក្នុងឆ្នាំ២០២៥ នៅកម្ពុជា
  • ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៩ នាទី ល្ងាច
អៀរឡង់ ផ្តល់មូលនិធិ ៨០ម៉ឺនអឺរ៉ូ សម្រាប់អនុវត្តកម្មវិធី អាកាស​ធាតុក្នុងឆ្នាំ២០២៥ នៅកម្ពុជា

រដ្ឋាភិបាលអៀរឡង់ បានប្រកាសផ្តល់មូលនិធិចំនួន ៨០ម៉ឺនអឺរ៉ូ សម្រាប់កម្មវិធី អាកាស​ធាតុក្នុងឆ្នាំ២០២៥ ដែលដឹកនាំអនុវត្តដោយអង្គការអុកស្វាមប្រចាំនៅកម្ពុជា។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការអុកស្វាមចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា។

TTN-Free-Banner-In-Article-PC

កម្មវិធីនេះ ​នឹងជួយដល់សហគមន៍ជនបទនៅភាគខាងជើងនៃប្រទេសកម្ពុជា ជាមួយនឹងកសិកម្ម​វៃឆ្លាត ថាមពលកកើតឡើងវិញ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍជនបទ។ ក្រុមការងារនៃកម្មវិធីនេះ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមរៀបចំ និងពង្រឹងគោលនយោបាយអាកាសធាតុផងដែរ។

លោក  Noel Grealish TD  រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអារហារ និងដែនសមុទ្រ នៃប្រទេសអៀរឡង់  ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងសប្តាហ៍នេះ​ ដើម្បីប្រារព្ធទិវា St. Patrick’s Day បានប្រកាសអំពីការផ្តល់មូលនិធិ​ដោយរដ្ឋាភិបាលប្រទេសអៀរឡង់នូវគម្រោង ស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅឃុំវត្តតាមិម ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម និងភាពធន់ នឹងអាកាសធាតុសម្រាប់កសិករជនបទក្នុងប្រទេសកម្ពុជា។

ក្រៅពីការដំឡើងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ គម្រោងក៏បានផ្តល់ការ បណ្តុះបណ្តាលដល់កសិករ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ទឹកប្រកបដោយនិរន្តរភាពផងដែរ។

តាមរយៈការផ្តល់មូលនិធិដោយ ស្ថានទូតអៀរឡង់ប្រចាំនៅទីក្រុងហាណូយ ប្រទេសអៀរឡង់បានចូលរួម ចំណែកថវិកាចំនួន ៨៤,០០០ អឺរ៉ូ ដល់ការសាងសង់ ស្ថានីយ​បូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យនេះដើម្បីធានាថាសហគមន៍មានទឹកប្រើប្រាស់ គ្រប់គ្រាន់ក្នុងរយៈពេលពេញមួយឆ្នាំ។ គ្រួសារជាង ២២០ នឹងទទួលបានអត្ថប្រយោជន៍តាមរយៈ ស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ ដែលស្រោចស្រពលើផ្ទៃដី ២៣៤ ហិកតា។ ​

ក្នុងពិធី «ប្រគល់ស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ ជូនសហគមន៍​ដែល​ផ្តល់​​មូលនិធិដោយរដ្ឋាភិបាលអៀរឡង់» នាថ្ងៃទី១៩ ខែមីនា លោក Noel Grealish រដ្ឋ​មន្ត្រីក្រសួងកសិកម្ម ស្បៀងអារហារ និងដែនសមុទ្រអៀរឡង់ បានលើកឡើងថា វិស័យ​កសិ-ម្ហូបអាហារ គឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចរបស់អៀរឡង់។ 

បើតាម Noel Grealish នៅអៀរឡង់ មានកសិដ្ឋានលក្ខណៈគ្រួសារ ១៣,៥ម៉ឺនកន្លែង ដែល​អាចផលិតអាហារមានគុណភាពខ្ពស់ ដ្បិតប្រទេសនេះ ​ បានផ្តល់អាទិភាពដល់​ការ​ប្រើ​ប្រាស់បច្ចេកវិទ្យា និងការច្នៃប្រឌិត ដើម្បីបន្ថែមគុណតម្លៃ បង្កើតភាពប្រកួតប្រជែង និង​ដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដូចជានិរន្តរភាពបរិស្ថាន។

នៅកម្ពុជាក៏ដូចគ្នាដែរ កសិករខ្នាតតូច គឺជាឆ្អឹងខ្នងនៃវិស័យកសិកម្ម។ ដូច្នេះ គម្រោង​សូឡា​ដែលបំពាក់លើស្ថានីបូមទឹកនៅពេលនេះ គឺជាឧទាហរណ៍ដ៏ល្អនៃការវិនិ​យោគ​លើបច្ចេកវិទ្យា។ ទន្ទឹមនេះ តាមបទពិសោធន៍រួមគ្នា រវាងអៀរឡង់ និងកម្ពុជា​ក្នុងវិស័យ​កសិកម្ម បានបង្ហាញពីឱកាសដ៏មានតម្លៃសម្រាប់កិច្ចសហប្រតិបត្តិការ។ 

តំណាងរដ្ឋាភិបាលអៀរឡង់ លោក Grealish រីករាយដែល បានបង្កើនមូលនិធិសម្រាប់​កម្មវិធី «អាកាសធាតុក្នុងឆ្នាំ ២០២៥» និងស្វែងរកឱកាសថ្មីៗ ដើម្បីធ្វើការរួមគ្នាក្នុងការអភិវឌ្ឍតំបន់ជនបទ ប្រកបដោយចីរភាព និងការដោះស្រាយការប្រែប្រួលអាកាសធាតុ។

លោក ផេង សិទ្ធី  អភិបាលរង​ខេត្តបាត់ដំបង បានថ្លែងនៅក្នុងពិធីប្រគល់ និងសម្ពោធដាក់ ឲ្យប្រើប្រាស់ផ្លូវការ ស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ បញ្ជាក់ថា បាត់​ដំបង ជាខេត្តជង្រុកស្រូវរបស់ប្រទេសកម្ពុជា។

សម្រាប់លោកអភិបាលរង គម្រោងស្ថានីយបូមទឹក ដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ មានសារៈសំខាន់សម្រាប់កសិករ ព្រោះមិនត្រឹមតែជួយបង្កើនផលិតភាពកសិកម្មប៉ុណ្ណោះ​ទេ ប៉ុន្តែវាក៏ជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាផងដែរ។ 

គម្រោង «ស្ថានីយបូមទឹកដើរដោយថាមពលពន្លឺ ព្រះអាទិត្យ» មានការជ្រោមជ្រែងថវិកា​ពី​ប្រទេសអៀរឡង់នេះ នឹងត្រូវអនុវត្តដោយអង្គការអុកស្វាម។ 

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម លើកឡើងថា អុកស្វាមកំពុងចូលរួម​ដោះ​ស្រាយការប្រែប្រួលអាកាសធាតុ នៅក្នុងតំបន់ក្រីក្របំផុត ក្នុងប្រទេសកម្ពុជា។ កិច្ច​សហការរវាងប្រទេសអៀរឡង់ ជាមួយរដ្ឋបាលខេត្ត ព្រមទាំងសហគមន៍ក្នុងខេត្តបាត់​ដំបង​នេះ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការធ្វើការរួមគ្នាលើសកម្មភាពអាកាសធាតុ និងការ​ផ្តល់នូវការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ 

សម្រាប់ «ស្ថានីយបូមទឹកដើរដោយថាមពលពន្លឺ ព្រះអាទិត្យ» បង្ហាញអំពីសារៈសំខាន់​នៃការដោះស្រាយបញ្ហាប្រឈម ផ្នែកអាកាសធាតុ និងភាពក្រីក្រជាមួយគ្នា។ អ្នកស្រី  ភាណ សោភ័ណ សង្ឃឹមថា វានឹងជួយលើកកម្ពស់ជីវភាពដល់គ្រួសារជាច្រើន​ក្នុង​ឃុំវត្តតាមិមនេះ។ 

ចំណែក លោក អ៊ិម ស្វាង ប្រធានសហគមន៍ប្រើប្រាស់ទឹកឃុំវត្តតាមិម បានលើកឡើងថា ទឹក គឺជាធនធានដ៏សំខាន់សម្រាប់វិស័យកសិកម្ម ក្នុងសហគមន៍។ គម្រោងស្ថានីយបូម​ទឹក​វៃឆ្លាតនេះ នឹងជួយធានាថា កសិករមានលទ្ធភាពទទួលបានទឹកគ្រប់គ្រាន់ ប្រកប​ដោយ​និរន្តរភាព និងតម្លៃសមរម្យពេញមួយឆ្នាំ ក៏ដូចជាអាចពង្រីកការដាំដុះ បង្កើនទិន្នផលដំណាំ បង្កើនប្រាក់ចំណូលផងដែរ។​ លោក អ៊ិម ស្វាង បន្ថែមដូច្នេះ៕


អ្នកសរសេរអត្ថបទ

ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា