អភិក្រម«ពង្រឹងជាជាងពង្រីក»ជាផ្នែកមួយធ្វើ​ឱ្យចំនួន​​មន្ត្រីរាជការស៊ីវិលនៅកម្ពុជា ថយមក​ត្រឹម ​២៣ម៉ឺន​នាក់
  • ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
អភិក្រម«ពង្រឹងជាជាងពង្រីក»ជាផ្នែកមួយធ្វើ​ឱ្យចំនួន​​មន្ត្រីរាជការស៊ីវិលនៅកម្ពុជា ថយមក​ត្រឹម ​២៣ម៉ឺន​នាក់

ភ្នំពេញ៖ គិតត្រឹម​ខែ​មករា ឆ្នាំ​២០២៥ កម្ពុជា មាន​មន្រ្តី​រាជការ​ស៊ីវិលនៅ​ទូទាំង​ប្រទេសចំនួន ២៣២ ០៣៤នាក់ ក្នុង​នោះ​ស្រ្តីមាន​ចំនួន ៩៦ ៩៦៩នាក់។ ចំនួនមន្រ្តីរាជការស៊ីវិលនៅដើមឆ្នាំ២០២៥ មានការថយចុះ បើធៀបនឹងខែឧសភា ឆ្នាំ២០២៤។ លោក ហាស់ ប៊ុនថ្ថន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមុខងារសាធារណៈ លើកឡើងដូច្នេះនៅក្នុងបទបង្ហាញស្តីពី«វឌ្ឍនភាពនៃការដឹកនាំ និងការគ្រប់គ្រងវិស័យមុខងារសាធារណៈ» នាសន្និបាតបូកសរុបការងារ​។

TTN-Free-Banner-In-Article-PC

នៅ​កម្ពុជា មាន​​មន្រ្តីរាជការ​ស៊ីវិល​បម្រើ​ការងារ​នៅ​ថ្នាក់ជាតិ និងថ្នាក់​​ក្រោម​ជាតិ​ ចំនួន ២៣២ ០៣៤នាក់។ ក្នុងចំណោម​មន្រ្តី​រាជការស៊ីវិលជាង ២៣ម៉ឺននាក់នេះ មាន​មន្រ្តី​នៅថ្នាក់ជាតិ ចំនួន ៥៤ ៥៨៥នាក់ និង​ថ្នាក់​ក្រោម​ជាតិ​ចំនួន ១៧៧ ៤៤៩នាក់។

បើតាម​លោក​ ហាស់ ប៊ុនថ្ថន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមុខងារសាធារណៈ ចំនួនមន្រ្តី​រាជការ​ស៊ីវិលនៅដើមឆ្នាំ​២០២៥នេះ មាន​ការថយចុះ​ បើធៀប​នឹង​ខែ​ឧសភា ឆ្នាំ២០២៤។ ក្នុង​បទបង្ហាញនាសន្និបាតបូកសរុបការងារ លោក​ ហាស់ ប៊ុនថ្ថន បន្តថា ​ការថយចុះនៃចំនួនមន្ត្រីរាជការស៊ីវិលនេះ ជាផ្នែកមួយនៃការចូលរួមកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមអភិក្រម «ពង្រឹងជាជាងពង្រីក» ដែល​ជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមសន្សំសំចៃបន្ទុកបុគ្គលិករបស់រាជរដ្ឋាភិបាលផងដែរ។ នេះបើតាម​ខ្លឹមសាររបស់​ក្រសួង​មុខងារសាធារណៈ។

លោក ហាស់ ប៊ុនថ្ថន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមុខងារសាធារណៈ។ រូបភាពពីក្រសួងមុខងារសាធារណៈ។

មន្រ្តី​រាជ​ការ​ស៊ី​វិលទាំង​នោះ មាន​ក្របខណ្ឌ ក, ខ, គ និង​ប្រភេទ​ផ្សេងៗ។ បើតាម​របាយការណ៍​របស់​ក្រសួង​មុខងារសាធារណៈ មន្រ្តី​រាជការ​ស៊ីវិលក្នុង​ក្របខណ្ឌ«ក» នៅថ្នាក់ជាតិ មាន​ចំនួន ៣៣ ៤៣៧នាក់ និង​ថ្នាក់​ក្រោមជាតិ ចំនួន ៣៨ ៩៦៩នាក់។ រីឯក្របខណ្ឌ «ខ» នៅថ្នាក់ជាតិ មាន​ចំនួន ៨ ៤៦៧នាក់ និង​ថ្នាក់​ក្រោមជាតិ មាន​ចំនួន ៦៦ ៤៦៨នាក់។

ដោយ​ឡែក មន្រ្តី​រាជការ​ស៊ីវិលក្នុង​ក្របខណ្ឌ «គ​» នៅថ្នាក់ជាតិ មាន​ចំនួន ៣ ៤៣១នាក់ និង​ថ្នាក់​ក្រោមជាតិ មាន​ចំនួន ៧១ ៩៨១នាក់ និង​មន្រ្តី​ប្រភេទផ្សេង មានចំនួន ៩ ២៨១នាក់។ ចំនួនមន្រ្តីរាជការ​ស៊ីវិលគិតជាភាគរយទាំងថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិ សម្រាប់​ក្របខណ្ឌ«ក» មាន​៣១ភាគរយ, ​ក្របខណ្ឌ«ខ» ៣២ភាគរយ, ក្របខណ្ឌ«គ» មាន ៣៣ភាគរយ និង​មន្រ្តី​ប្រភេទផ្សេងៗ មាន ៤ភាគរយ៕


អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ