- ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី ព្រឹក

ដោយ៖ ឈាង បុប្ផា (RFI ខេមរភាសា)
ស្ថានការណ៍សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនជាហេតុផលចំបងមួយដែលធ្វើឲ្យប៉ូឡូញ និងប្រទេសជាប់សមុទ្របាល់ទិកចំនួន ៣សម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញាក្រុងអូតាវ៉ា។ ប្រទេសទាំង៤ដែលមានព្រំដែនជាប់ជាមួយប្រទេសរុស្ស៊ី និងបេឡេរុស បានលើកឡើងពីភាពចាំបាច់នៃការពង្រឹងការការពារសន្តិសុខ នៅក្នុងបរិបទដែលអ៊ុយក្រែនកំពុងរងគ្រោះដោយសារសង្រ្គាមឈ្លានពានពីប្រទេសជិតខាង គឺរុស្ស៊ី។
ប៉ូឡូញ អេស្តូនី លីទុយអានី និងឡេតូនី បានបោះមួយជំហានធំ ដើរចេញពីសន្ធិសញ្ញាហាមប្រាមគ្រាប់មីនប្រឆាំងមនុស្ស ឬសន្ធិសញ្ញាក្រុងអូតាវ៉ា។ នៅក្នុងសេចក្តីប្រកាសរួមកាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសទាំងបួន ដែលមានព្រំដែនជាប់ជាមួយប្រទេសរុស្ស៊ី និងបេឡារុសបានលើកឡើងពីការកើនឡើងនៃការគំរាមកំហែងផ្នែកសន្តិសុខ នៅក្បែរប្រទេសរបស់ខ្លួន គិតចាប់តាំងពី រុស្ស៊ីធ្វើសង្រ្គាមឈ្លានពានប្រទេសអ៊ុយក្រែន។
សន្ធិសញ្ញាក្រុងអូតាវ៉ា ឆ្នាំ ១៩៩៧ បានចែងពីការហាមប្រើប្រាស់ ការស្តុកទុក ការផលិត ឬដឹកជញ្ជូនគ្រាប់មីនប្រឆាំងមនុស្ស។ ជាប្រភេទគ្រាប់មីនដែលគេកប់លាក់នៅក្រោមដី គ្រាប់មីនប្រឆាំងមនុស្សបង្កផលវិបាករយៈពេលវែងដល់មនុស្សជាតិ ពីព្រោះ វាធ្វើឲ្យមនុស្សរបួស ដាច់ដៃ ដាច់ជើង និងពិការភ្នែក។
ជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន និងមានព្រំដែនជាប់ជាមួយ រុស្ស៊ី និងបេឡារុស ប្រទេសប៉ូឡូញ អេស្តូនី លីទុយអានី និងឡេតូនីវាយតម្លៃថា គិតចាប់តាំងពីផ្តល់សច្ចាប័នលើសន្ធិសញ្ញាក្រុងអូតាវ៉ាមក ស្ថានការណ៍សន្តិសុខនៅក្នុងតំបន់អឺរ៉ុបកាន់តែធ្លាក់ចុះដុនដាប។ “ដូច្នេះ នៅក្នុងបរិយាកាសដែលសន្តិសុខលែងនឹងនរដូចមុន ដោយសារសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ហើយនិងការគំរាមជាអចិន្ត្រៃយ៍របស់រុស្ស៊ី ទៅលើសហគមន៍អឺរ៉ុប ប្រទេសនៅសមុទ្របាល់ទិក ជាប់ជាមួយព្រំដែនរុស្ស៊ី ត្រូវចាត់វិធានការដ៏សមស្របដើម្បីការពារខ្លួន និងទប់ស្កាត់ការឈ្លានពានពីសំណាក់រុស្ស៊ី។
“ដោយសម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញាហាមប្រើគ្រាប់មីនប្រឆាំងមនុស្ស ប៉ូឡូញ អេស្តូនី លីទុយអានី និងឡេតូនីចង់បញ្ជូនសារថា ពួកគេត្រៀមខ្លួន ចាត់វិធានការចាំបាច់ដើម្បីការពារទឹកដី និងសេរីភាពរបស់ខ្លួន” នេះជាប្រកាសរួមរបស់រដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសទាំងបួន។ គួរបញ្ជាក់ថា ប្រទេសជាប់សមុទ្របាល់ទិកទាំងបី ទើបទទួលបានឯករាជ្យ រំដោះខ្លួនចេញពីក្រោមឆ័ត្រសហភាពសូវៀតនៅឆ្នាំ ១៩៩១ ខណៈដែលប៉ូឡូញធ្លាប់ស្ថិតក្នុងប្លុកកុម្មុយនិស្ត រហូតដល់ឆ្នាំ ១៩៨៩ មុននឹងរំដោះខ្លួន ហើយចូលជាសមាជិករបស់អូតង់ និងសហភាពអឺរ៉ុប រហូតដល់សព្វថ្ងៃ។
នៅក្នុងសេចក្តីប្រកាស រដ្ឋមន្រ្តីការពារជាតិរបស់ឡេតូនី បានវាយតម្លៃថា រុស្ស៊ីជាគ្រោះថ្នាក់ធំមួយចំពោះតំបន់បាល់ទិក។ គ្មានជាប់ចំណង ព្រោះមិនមែនជាហត្ថលេខីនៃសន្ធិសញ្ញាអូតាវ៉ា រុស្ស៊ីប្រើគ្រប់មធ្យោបាយដើម្បី ឈ្លានពានប្រទេសជិតខាង។ ដូច្នេះ ដោយមើលទៅលើស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែន វាជារឿងដ៏សមស្របដែលឡេតូនី និងប្រទេសក្នុងតំបន់អភិវឌ្ឍការផលិតគ្រាប់មីនឡើងវិញ ប៉ុន្តែ ការប្រើប្រាស់ ពង្រាយគ្រាប់មីននឹងធ្វើឡើងដោយផ្អែកទៅលើយុទ្ធសាស្រ្តយោធា និងអាទិភាពរបស់កងទ័ព។
ទោះដើរចេញពីសន្ធិសញ្ញាហាមប្រាមគ្រាប់មីន អូតវ៉ា រដ្ឋមន្រ្តីការពារជាតិរបស់ក្រុមប្រទេសទាំងបួន ខាងលើអះអាងថា គេនៅតែបន្តគោរពតាមគោលការណ៍ ច្បាប់អន្តរជាតិស្តីពីការការពារជីវិតរបស់ប្រជាជនស៊ីវិល។ រដ្ឋមន្រ្តីការពារជាតិប្រទេសអេស្តូនីនៅបានបញ្ជាក់ថា នៅរហូតមកដល់ពេលនេះ អេស្តូនីនៅមិនទាន់បានប្រើ ពង្រាយគ្រាប់មីននៅឡើយទេ។
យ៉ាងណាក៏ដោយ អង្គការការពារសិទ្ធិមនុស្សដូចជា Human rights watch Amnesty International បានទាញសញ្ញាអាសន្ន ចំណែកអង្គការកាកបាទក្រហមព្រមានថា ការសម្រេចរបស់ប៉ូឡូញ និងប្រទេសបាល់ទិកទាំងបី ដើរចេញពីសន្ធិសញ្ញាអូតាវ៉ានឹងធ្វើឲ្យយន្តការការពារអាយុជីវិតប្រជាជនស៊ីវិលកាន់តែធ្លាក់ចុះខ្សោយ៕