- ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:២៧ នាទី ព្រឹក

ដោយ៖ម៉ម ពិសី (RFI ខេមរភាសា)
នគរបាលតួកគីបានចុះទៅចាប់ឃាត់ខ្លួន លោក អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ (Ekrem Imamoglu) អភិបាលក្រុងអ៊ីស្តង់ប៊ូល ដល់គេហដ្ឋាន កាលពីព្រឹកថ្ងៃពុធទី១៩មីនា ដោយចោទពីបទពុករលួយ។ សូមបញ្ជាក់ថា លោកអភិបាលក្រុងអ៊ីស្តង់ប៊ូល គឺជាអ្នកនយោបាយប្រឆាំងដ៏មានប្រជាប្រិយភាព ហើយតាមការគ្រោងទុក គឺគណបក្សប្រឆាំងតួកគី នឹងតែងតាំងឲ្យធ្វើជាបេក្ខជនតំណាងបក្ស ដើម្បីចូលរួមបោះឆ្នោតប្រធានាធិបតី ប្រជែងជាមួយនឹងបក្សរបស់លោកអ៊ែរដូហ្កាន់។ ក្រោយការចាប់ខ្លួនលោក អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ ប្រជាជនតួកគីបានចុះផ្លូវធ្វើបាតុកម្ម បរិហាអំពីទំនោរផ្តាច់ការនិយម របស់លោកអ៊ែរដូហ្កាន់។
លោក អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ (Ekrem Imamoglu) អភិបាលក្រុងអ៊ីស្តង់ប៊ូល រួមទាំងសហការីលោក សមាជិកសភា និងសមាជិកគណបក្សប្រឆាំងតួកគីសរុបជាង១០០នាក់ទៀត ត្រូវបាននគរបាលតួកគីចុះទៅចាប់ខ្លួន នៅព្រឹកថ្ងៃពុធទី១៩មីនា។ ដៃចងក្រវ៉ាត់កបណ្តើរ លោក អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ បានថតវីដេអូ Live ប្រាប់ទៅកាន់ប្រជាជនតួកគី ខណៈពេលដែលសមត្ថកិច្ចកំពុងឡោមព័ទ្ធផ្ទះហើយសំរុកចូលមកចាប់រូបលោកដល់គេហដ្ឋាន។ លោកបានអះអាងថា ក្រុមនគរបានបានចុះមកឆែកឆេ រឹបអូសឯកសារ និងចាប់ខ្លួនលោកដល់ក្នុងផ្ទះ។ ផ្អែកតាមភរិយារបស់លោក អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ គឺនគរបាលបាននាំខ្លួនលោកចេញទៅ នៅម៉ោងប្រមាណ៧និង៣០នាទីព្រឹក។
ផ្អែកតាមលិខិតប្រកាសរបស់ការិយាល័យរដ្ឋអាជ្ញាអ៊ីស្តង់ប៊ូល គឺលោក អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ ត្រូវជាប់ចោទពីបទពុករលួយ និងជំរិតទារប្រាក់ដោយខុសច្បាប់។ រដ្ឋអាជ្ញាអ៊ីស្តង់ប៊ូល អះអាងថា លោកអភិបាលក្រុងអ៊ីស្តង់ប៊ូលរូបនេះ គឺជាមេក្លោងនៃបណ្តាញឧក្រិដ្ឋកម្មរកស៊ីចំណេញប្រាក់។ ទីភ្នាក់ងារព័ត៌មាន Anadolu របស់រដ្ឋតួកគីវិញ បានផ្សាយថា លោក អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ ស្ថិតក្នុងចំណោមមនុស្ស៧នាក់ ដែលជាប់ចោទពីបទ “ភេរវកម្ម” និង ជួយក្រុមក្រុមគណបក្សពលករកួកឌីស្ថាន (PKK) ហើយដែលរដ្ឋតួកគីចាត់ទុកថាជាបណ្តាញភេរវកម្ម។
ដោយឡែក គណបក្សសាធារណរដ្ឋនៃប្រជាជន ហៅកាត់ថា CHP ដែលជាបក្សប្រឆាំងធំបំផុតនៅតួកគី បានចេញមុខបរិហាភ្លាមៗ ថាការចាប់ខ្លួនលោកអភិបាលក្រុងអ៊ីស្តង់ប៊ូល អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ វាគឺជារឿងនយោបាយសុទ្ធសាធ។
ក្រោយដំណឹងនៃការចាប់ខ្លួនលោក អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ ប្រជាជនតួកគីអ្នកក្រុងអ៊ីស្តង់ប៊ូល បាននាំគ្នាចុះផ្លូវជួបជុំគ្នាធ្វើបាតុកម្ម ដើម្បីបរិហារអំពីទំនោរផ្តាច់ការរបស់លោក អ៊ែរដូហ្កាន់ រួមនឹងបក្សពួកនៅក្នុងគណបក្ស AKP របស់លោក។
បើទោះបីជាមានការយាមសន្តិសុខយ៉ាងរឹងមាំពីកម្លាំងសមត្ថកិច្ច ប្រជាជនតួកគីមានចាស់មានក្មេងបានសំរុកចូលទៅកៀកនឹងខាងមុខអគ្គបញ្ជាការដ្ឋាននគរបាលក្រុងអ៊ីស្តង់ប៊ូល ហើយបាននាំគ្នាស្រែកឲ្យដោះលែងលោក អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ និងទាមទារឲ្យរដ្ឋាភិបាលផ្តាច់ការរបស់លោកអ៊ែរដូហ្កាន់ ត្រូវតែចុះចេញពីអំណាច។
ស្ត្រីម្នាក់កាន់បដារូបថតលោកអភិបាលក្រុងអ៊ីស្តង់ប៊ូល Ekrem Imamoglu នៅក្បែររនាំងដែករបស់នគរបាលដែលបិទផ្លូវឆ្ពោះទៅកាន់ទីតាំងនាយកដ្ឋានសន្តិសុខ ជាទីដែលគេចាប់ខ្លួនលោក Ekrem Imamoglu យកទៅ។ អ៊ីស្តង់ប៊ូល ថ្ងៃទី១៩មីនា២០២៥ AP - Francisco Seco
សូមបញ្ជាក់ថា លោកអភិបាលក្រុងអ៊ីស្តង់ប៊ូល អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ វ័យ៥៣ឆ្នាំ គឺជាអ្នកនយោបាយដ៏មានប្រជាប្រិយភាពរបស់គណបក្សប្រឆាំង គឺបក្សសាធារណរដ្ឋនៃប្រជាជន ហៅកាត់ថា CHP។
តាមការគ្រោងទុក នៅថ្ងៃអាទិត្យទី២៣មីនា សមាជិកបក្សនេះនឹងរៀបចំធ្វើសមាជបោះឆ្នោតតែងតាំងលោក ធ្វើជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៨។ អស់ជាច្រើនសប្តាហ៍មកហើយ ដែលលោក អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ បានបរិហារថាបក្សកាន់អំណាចបានប្រើប្រាស់ប្រព័ន្ធតុលាការ ប្រឌិតបទចោប្រកាន់នានា ដើម្បីរារាំងរូបលោកមិនឲ្យឈរឈ្មោះ។
លោក Berk Esen សាស្ត្រាចារ្យនយោបាយនៅសកលវិទ្យាល័យSabanci ក្រុងអ៊ីស្តង់ប៊ូល បានលើកឡើងថា អ្វីដែលបានកើតឡើងនៅព្រឹកថ្ងៃទី១៩មីនា វាគឺជាការធ្វើរដ្ឋប្រហារនយោបាយយ៉ាងច្បាស់នឹងភ្នែក។ លោកបន្ថែមថា ការចាប់ខ្លួនអ្នកនយោបាយបាយប្រឆាំង និងដែលជាបេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានាធិបតី វាគឺជាទង្វើរុញច្រានប្រទេសតួកគី ឲ្យធ្លាក់ចូលទៅក្នុងរណ្តៅនៃរបបផ្តាច់ការ ដូចនៅវ៉េណេស៊ុយអេឡា បេឡារុស និងនៅរុស្ស៊ី៕