- ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:១៣ នាទី ព្រឹក

ភ្នំពេញ៖ ពីពិធីបិទសន្និបាតការងារប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល សម្រេចបន្ថែមមុខវិជ្ជា«ឧត្តមភាពមន្ត្រី» ក្នុងការបណ្ដុះបណ្ដាលរបស់ខ្លួន។ បើតាមលោក ហ៊ុន ម៉ានី ការដាក់បន្ថែមមុខវិជ្ជានេះ គឺក្នុងគោលបំណងផ្សារភ្ជាប់មនសិការ ស្មារតី វិជ្ជាជីវៈ ជាមន្ត្រីរាជការឱ្យសិស្សមន្ត្រី។
សាលាភូមិន្ទរដ្ឋបាល ដែលជាគ្រឹះស្ថានបណ្ដុះបណ្ដាលឱ្យក្លាយជាមន្រ្តីរាជការ ជាពិសេសសិស្សមន្រ្តីក្រមការ និងសិស្សមន្រ្តីជាន់ខ្ពស់។ ថ្លែងក្នុងពិធីបិទសន្និបាតការងារប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២០ មីនានេះ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រកាសពីការបន្ថែមមុខវិជ្ជា «ឧត្តមភាពមន្ត្រី» នៅក្នុងសាលាភូមិន្ទរដ្ឋបាល។
លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អះអាងដូច្នេះ៖«ការដាក់បន្ថែមមុខវិជ្ជានេះ គឺក្នុងគោលបំណងផ្សារភ្ជាប់មនសិការ ស្មារតី វិជ្ជាជីវៈ ជាមន្ត្រីរាជការឱ្យសិស្សមន្ត្រី និងធ្វើឱ្យក្របខណ្ឌបណ្តុះបណ្តាលកាន់តែមានភាពពេញលេញ ទាំងការបណ្តុះបណ្តាញជំនាញ ចំណេះដឹង ចំណេះធ្វើ ដើម្បីបម្រើប្រទេសជាតិ និងប្រជាជន»។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏លើកឡើងពីការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ តាមរយៈការបណ្ដុះបណ្ដាល និងសិក្ខាសាលានានាផងដែរ។ បើតាមលោក ហ៊ុន ម៉ានី នៅសាលាភូមិន្ទរដ្ឋបាល បានរៀបចំវគ្គបណ្ដុះបណ្ដាលដំបូង វគ្គខ្លីៗជាច្រើន ជាពិសេសវគ្គបណ្ដុះបណ្ដាលពីនវានុវត្តន៍សម្រាប់មន្រ្តីជាន់ខ្ពស់ទាំងថ្នាក់ជាតិ និងក្រោមជាតិ៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
