- ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:៣៩ នាទី ព្រឹក

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និងសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៩ ខែមីនា បានឯកភាពធ្វើការជាមួយគ្នា ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលបានអូសបន្លាយជាង ៣ឆ្នាំ។ ទន្ទឹមនេះ មន្រ្តីអាម៉េរិក និងអ៊ុយក្រែន អាចជួបគ្នានៅទឹកដីអារ៉ាប៊ីសាអូឌីតក្នុងពេលឆាប់ៗ។
បន្ទាប់ពីកិច្ចសន្ទនារវាងលោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានឯកភាពបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឯកភាពជាមួយលោក ត្រាំ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ មន្រ្តីបច្ចេកទេសនៃប្រទេសទាំងពីរ នឹងជួបគ្នានៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងពេលឆាប់ៗខាងមុខ។
«ជំហានដំបូងសម្រាប់ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន គឺបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលផ្សេងទៀត»។ លោក ហ្សេលេនស្គី បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៨ ខែមីនា ក្រោយកិច្ចសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអាម៉េរិក ជុំវិញការឯកភាពបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ហើយទទួលបទឈប់បាញ់សម្រាប់កងទ័ពជួរមុខ ដោយគ្មានលក្ខខណ្ឌ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បើតាមលោកហ្សេលេនស្គី អ៊ុយក្រែន ត្រៀមខ្លួនជាស្រេច ក្នុងការអនុវត្តបទឈប់បាញ់។ កន្លងមក លោក ពូទីន បានលើកឡើងថា បទឈប់បាញ់ ត្រូវតែចរចាឱ្យហ្មត់ចត់ ដើម្បីបង្ការអ៊ុយក្រែន បំពាក់អាវុធឡើងវិញ។
នៅក្នុងកិច្ចសម្ភាសមួយជាមួយអ្នកសារព័ត៌មានក្នុងថ្ងៃទី១៩ ខែមីនា ដដែល ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា លោក ត្រាំ បានយល់ពីអ៊ុយក្រែន ហើយមិនទទួលស្គាល់ដែនដីដែលរុស្ស៊ីគ្រប់គ្រងឡើយ។
បើទោះលោក ត្រាំ និងលោក ពូទីន បានយល់ព្រមបញ្ឈប់ការវាយប្រហារលើរោងចក្រថាមពលក្តី ពាក្យចោទប្រកាន់គ្នាទៅវិញទៅមកលើការវាយប្រហារបន្តមាន។ ទីក្រុងមូស្គូ បានការពារថា ខ្លួនបានផ្អាកគម្រោងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន និងបានកម្ទេចដ្រូនរបស់ខ្លួនចំនួន ៧ថែមទៀត ខណៈអ៊ុយក្រែនបរាជ័យលើការផ្អាកការវាយប្រហារតាមផែនការរបស់ខ្លួន។ ចំណែក លោក ហ្សេលេនស្គី បានចោទរុស្ស៊ីបន្តវាយប្រហារលើរោងចក្រអគ្គិសនីរបស់អ៊ុយក្រែន។
នៅថ្ងៃទី១៩ ខែមីនា អ៊ុយក្រែន និងរុស្ស៊ី ដែលមានការសម្របសម្រួលពីអេមីរ៉ាតអារ៉ាប់រួម បានដោះដូរអ្នកទោសសង្រ្គាមម្ខាងៗ ១៧៥នាក់ ហើយរុស្ស៊ីបានអះអាងថា ខ្លួនបានដោះលែងជនជាតិអ៊ុយក្រែនដែលរងរបួសចំនួន ២២បន្ថែម ដើម្បីបង្ហាញពីកាយវិការដ៏ល្អរបស់ខ្លួន។ ការដោះលែងនេះ កើតមានក្រោយកិច្ចពិភាក្សារវាងលោក ត្រាំ និងលោកពូទីនតាមទូរសព្ទ។
មកទល់ពេលនេះ សង្រ្គាមនៅអ៊ុយក្រែន បានឈានចូលឆ្នាំទី៤ហើយ ដោយទាហាន និងប្រជាជនស៊ីវិលរ៉ាប់ម៉ឺននាក់ បានស្លាប់បាត់បង់ជីវិត ហើយរងរបួស។ ដែនដីអ៊ុយក្រែន ប្រមាណ ២០ភាគរយ ត្រូវបានរុស្ស៊ីគ្រប់គ្រង៕