សម្តេច ហ៊ុន ម៉ាណែត ឱ្យក្រសួងនីមួយៗ កាត់នីតិវិធី និងឯកសារ​សម្រាប់ស្នើ​សុំ​សេវា​សាធារណៈ
  • ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:១២ នាទី ព្រឹក
សម្តេច ហ៊ុន ម៉ាណែត ឱ្យក្រសួងនីមួយៗ កាត់នីតិវិធី និងឯកសារ​សម្រាប់ស្នើ​សុំ​សេវា​សាធារណៈ

នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ឱ្យក្រសួងនីមួយៗគិតគូរ និងធ្វើទំនើបកម្មលំហូរការងារផង នៅក្នុងពេលពង្រឹងរចនាសម្ព័ន្ធការងារនៅក្នុងអង្គភាព និងក្រសួងស្ថាប័ន។ ​នៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមីនា សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ការថែទាំ ការពង្រឹងលំហូរការងារ និងប្រសិទ្ធភាពនេះ គឺជាផ្នែកសំខាន់នៃកំណែទម្រង់។

TTN-Free-Banner-In-Article-PC


បើតាមសម្តេច ហ៊ុន ម៉ាណែត ការគិតពីលំហូរការងារនេះ គឺត្រូវផ្តោតទៅលើការ​ការកាត់បន្ថយនីតិវិធី តម្រូវការឯកសារ និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ឱ្យបានច្រើន ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួង ស្ថាប័ន។ 

សម្តេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ៖ «គ្រាន់តែសេវាសាធារណៈនៅក្នុងរដ្ឋាភិបាលយើង ទូទាំងរដ្ឋាភិបាល ទាក់ទងនឹងស្ថាប័នផ្សេងៗ ជាង ៣ ០០០សេវា ហើយឯកសារចួនកាលណា ឯកសារ ២-៣ កន្លែងគាត់ត្រូវការ តម្រូវការឯកសារដដែលៗ។ ចួនកាល ឯកសារជាន់គ្នា។ កន្លែងខ្លះ ត្រូវការអត្តសញ្ញាណបណ្ណ ត្រូវការបណ្ណគ្រួសារ ត្រូវការសំបុត្រកំណើត នៅពេលដែលកិច្ចការហ្នឹង អត់ត្រូវការទេ។ ហើយដល់ពេលទៅ(រក)សេវាមួយទៀត ទាមទារដូចគ្នា។ បើសិនជាយើងធ្វើបែបនេះ យើងនឹងមិនអាចដើរលឿនទេ។ រចនាសម្ព័ន្ធកែហើយ ប៉ុន្តែបើនីតិវិធី របៀបរបបការងារយើង មិនទំនើបកម្ម ឱ្យស្របទៅតាមស្ថានភាពទេ យើងក៏លំបាកដែរ។»។

ទាក់ទងនឹងការផ្តល់សេវានេះដដែល សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រាប់ឱ្យក្រសួងពាណិជ្ជពិនិត្យឡើងវិញ តម្លៃ នៃសេវាសាធារណៈនៅកន្លែងខ្លះ មានការកើនជាងអាណត្តិមុនទៅទៀត ដែលហាក់ផ្ទុយនឹងគោលបំណងនៃកំណែទម្រង់ ដែលមានគោលដៅធ្វើឱ្យសេវាសាធារណៈកាន់តែទាប រហ័ស និងមានប្រសិទ្ធភាពនោះ។ 

«ក្រសួងពាណិជ្ជកម្ម ខ្ញុំឱ្យពិនិត្យមើលថ្ងៃមុន ហើយឮសូរថាមានតម្លៃ(សេវា)កន្លែងខ្លះ គឺកើនជាងអាណត្តិមុនផង។ ត្រូវមើល(រឿង)ហ្នឹងឱ្យច្បាស់! យើងកំណែទម្រង់ ដើម្បីឱ្យតម្លៃហ្នឹងវាចុះ មិនឱ្យកើនទេ។ ពិនិត្យមើល ទាំងផ្លូវការ ទាំងក្រៅផ្លូវការ។ កាត់បន្ថយតាមរយៈការរៀបចំនីតិវិធីកុំឱ្យស្មុគស្មាញ។ កាត់បន្ថយនីតិវិធីសាំញ៉ាំ ហើយឌីជីថលឱ្យបានច្រើន។»។ នេះបើតាមប្រមុខរាជរដ្ឋាភិបាល។

នៅក្នុងវេទិកានេះ សម្តេចនាយករដ្ឋមន្ត្រី ​សង្ឃឹមថា ក្រុមការងារពាក់ព័ន្ធ នឹងជជែកគ្នា ​រកវិធី កាត់នីតិវិធីស្មុគស្មាញ ធានាតម្លៃសេវាទាបសមរម្យ និងពិសេសធានាបាននូវការគ្រប់គ្រងទិ​ន្នន័យេ៕


អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា