- ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១១:៣៩ នាទី ព្រឹក

ភ្នំពេញ៖ ក្រសួងបរិស្ថាន ទាមទារឱ្យក្រុមហ៊ុនកែច្នៃដំណាប់ស្វាយ «Cangxinlong Food» នៅខេត្តប៉ៃលិន សងសំណងការខូចខាតលើផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ តាមការគណនាជាក់ស្តែងរបស់មន្ត្រីជំនាញ និងអនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។
ក្រុមការងារជំនាញក្រសួងបរិស្ថាន នៅថ្ងៃទី១៨ និង១៩ ខែមីនា បានសហការជាមួយរដ្ឋបាលខេត្តប៉ៃលិន មន្ទីរបរិស្ថាន, មន្ទីរធនធានទឹក និងឧតុនិយម, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អាជ្ញាធរស្រុកសាលាក្រៅ និងមន្ត្រីមូលដ្ឋានពាក់ព័ន្ធ ចុះទៅពិនិត្យ និងអនុវត្តច្បាប់លើក្រុមហ៊ុន Cangxinlong Food (Cambodia) Co., Ltd. ដែលមានទីតាំងនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពាក់ព័ន្ធករណី «បង្ហូរសំណល់រាវចូលប្រភពទឹកសាធារណៈបង្កការបំពុល»។
តាមការវាយតម្លៃរបស់មន្រ្តីជំនាញក្រសួងបរិស្ថាន ប្រភពទឹកក្នុងភូមិអូររអិល បានរងការបំពុលទាំងស្រុង គិតចាប់ពីចំណុចក្បាលឡាន រហូតដល់ស្ទឹងកុយ។ ចំណែក ទឹកក្នុងស្ទឹងកុយ មានក្លិនស្អុយ និងកម្រិតរលាយអុកស៊ីសែនក្នុងទឹក (Dissolved Oxygen ឬ DO) ថយចុះខ្លាំង (តូចជាង 3mg/L) មិនអនុលោមកម្រិតកំណត់ស្តង់ដារ (ធំជាង 4mg/L)។
ករណីបំពុលនេះ បានបង្កផលពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិ ជីវៈចម្រុះក្នុងទឹក និងការប្រើប្រស់ទឹករបស់ពលរដ្ឋមូលដ្ឋានដោយផ្ទាល់និងដោយប្រយោល។ មិនត្រឹមប៉ុណ្ណឹងទេ វាក៏បានបង្កផលប៉ះពាល់ដល់ទីតាំងអភិរក្សពូជត្រីរបស់មន្ទីរកសិកម្មខេត្តប៉ៃលិនផងដែរ។
ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រុមហ៊ុន Cangxinlong Food នេះ ធ្លាប់បានបង្កការបំពុលទឹកម្ដងរួចហើយ គឺនៅឆ្នាំ២០២៤ ដោយពេលនោះ ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ និងការពិន័យអន្តរការណ៍ ៣០លានរៀល។
បំពុលលើកទី ២នេះ ក្រសួងបរិស្ថាន ចាត់ទុកថាជាករណីមិនរាងចាល។ តាមក្រមបរិស្ថាន និងធនធានធម្មជាតិ ក្រុមហ៊ុនកែច្នៃដំណាប់ស្វាយខាងលើ រងពិន័យអន្តរការណ៍ពាក់ព័ន្ធនឹងការបញ្ចេញសំណល់រាវពុំបានធ្វើការសម្អាតត្រឹមត្រូវ និងលើសកម្រិតកំណត់ស្តង់ដារបញ្ចេញល្មើសទៅនឹងមាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ មាត្រា២៨៩។ ចំពោះ ការបំពុលទឹកអូររអិល និងស្ទឹងកុយ ល្មើសទៅនឹងមាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ មាត្រា២៩០ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
ចំណែក ការបញ្ចេញសំណល់រាវ សំណល់រឹង សារធាតុបំពុលខ្យល់ ដែលគ្មានលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន ល្មើសទៅនឹងមាត្រា១៧៣ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ ការដំណើរការអាជីវកម្មរបស់ក្រុម Cangxinlong Food ពុំបានរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងកិច្ចសន្យាការពារបរិស្ថាន ដោយករណីនេះ ល្មើសនឹងមាត្រា៦៦៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
លើសពីនេះ ក្រសួងបរិស្ថាន ទាមទារឱ្យក្រុមហ៊ុនផ្តល់សំណងការខូចខាតលើផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ តាមការគណនាជាក់ស្តែងរបស់មន្ត្រីជំនាញ និងអនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។ ទន្ទឹមនេះ ក្រុមហ៊ុន ត្រូវបញ្ឈប់ការបង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុន ចូលទៅប្រភពទឹកសាធារណៈ ជាបណ្តោះអាសន្ន រហូតទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន។
ក្រៅពីការពិន័យ ក្រសួងបរិស្ថាន ក៏តម្រូវឱ្យក្រុមហ៊ុន Cangxinlong Food សម្អាតប្រព័ន្ធទឹកអូររអិល និងស្ទឹងកុយ ដែលទទួលរងការបំពុលឱ្យមានភាពល្អប្រសើរឡើងវិញ។ ក្រសួងបានព្រមានថា ក្រុមហ៊ុន មិនអនុវត្តតាមការសម្រេចខាងលើនេះ ក្រសួងនឹងចាត់វិធានការច្បាប់ ជាធរមានបន្ថែមទៀត។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់មកកាន់សារព័ត៌មានឌីជីថលថ្មីៗ នាថ្ងៃទី១៨ខែមីនានេះថា ២ខែចុងក្រោយនេះ មន្រ្តីជំនាញរបស់ក្រសួងបរិស្ថាន រកឃើញរោងចក្រ និងសហគ្រាសចំនួន៩កន្លែងបញ្ចេញសំណល់រាវមានសារធាតុពុល ដែលបង្កការប៉ះពាល់ដល់ប្រភពទឹកសាធារណៈ។ រោងចក្រល្មើសច្បាប់ទាំងនេះ មានទីតាំងនៅខេត្តកណ្ដាល កំពង់ស្ពឺ ព្រះសីហនុ មណ្ឌលគិរី និងប៉ៃលិន ដោយក្នុងនោះ មានរោងចក្រ២កន្លែង ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
