- ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១:៥៩ នាទី រសៀល

ដោយ៖ហេង ឧត្តម (RIF ខេមរភាសា)
នគរបាលបង់ក្លាដែស បានបញ្ជាក់អំពីការចាប់ខ្លួនមេប្រដាប់អាវុធរ៉ូហ៊ីងយ៉ា និងបក្សពួក ៥នាក់ទៀត នៅជាយរដ្ឋធានីដាក្កា។ មេប្រដាប់អាវុធរ៉ូហ៊ីងយ៉ារូបនេះ បានជាប់បទសង្ស័យជាច្រើនឆ្នាំមកហើយ ក្នុងសំណុំរឿងបំផ្ទុះអំពើហិង្សាទៅលើកងកម្លាំងយោធារដ្ឋអំណាចភូមា នៅឆ្នាំ២០១៧ និងអំពើហិង្សាផ្សេងៗទៀតទៅលើប្រជាពលរដ្ឋរ៉ូហ៊ីងយ៉ានៅក្នុងជំរំភៀសខ្លួន ព្រមទាំងករណីសម្លាប់ទាហានបង់ក្លាដែស។

មានអាយុ៤៨ឆ្នាំ លោក អាតា អ៊ូល្លាស់ (Ata Ullah) ជាប្រមុខដឹកនាំកម្លាំងទ័ពព្រៃដ៏មានអំណាច ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ នៅក្នុងជួរក្រុមប្រដាប់អាវុធសង្គ្រោះរ៉ូហ៊ីងយ៉ានៅតំបន់អារ៉ាក់ខាន់ (ARSA) ។ តែទីបំផុត រូបគេនិងបក្សពួក ៥នាក់ទៀត ត្រូវប៉ូលិសបង់ក្លាដែស ចាប់ខ្លួនក្នុងថ្ងៃអង្គារ ទី១៩មីនា នៅជាយរដ្ឋធានីដាក្កា។ នេះបើតាមនគរបាលបង់ក្លាដែស ដោយបញ្ជាក់ទៀតថា ពួកប្រដាប់អាវុធមួយក្រុមនេះ បានបង្កព្យុះភ្លៀងនៅជំរំភៀសខ្លួនក្នុងទឹកដីបង់ក្លាដែស រួមមានទាំងអំពើឃាតកម្មក្នុងជំរំ ចាប់ជំរិតមនុស្ស និង ធ្វើទារុណកម្មលើជនភៀសខ្លួនផ្សេងៗទៀត ព្រមទាំងសម្លាប់បំបិទមាត់ចំពោះនរណាដែលហ៊ានរិះគន់ប្រឆាំងនឹងក្រុមរបស់ពួកគេ។ មិនតែប៉ុណ្ណោះ ពួកប្រដាប់អាវុធមួយក្រុមនេះ ក៏បានសម្លាប់ចារបុរសជនជាតិបង់ក្លាដែស ម្នាក់ដែរ។
អង្គការសិទ្ធិមនុស្ស Fortify Rigths បញ្ជាក់ថា ក្រុមប្រដាប់អាវុធសង្គ្រោះរ៉ូហ៊ីងយ៉ានៅតំបន់អារ៉ាក់ខាន់ (ARSA) មានទំនាស់នឹងក្រុមអង្កការសាមគ្គីភាពរ៉ូហ៊ីងយ៉ា (RSO) ដែលប្រជែងឥទ្ធិពលគ្នាដើម្បីត្រួតត្រាជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅព្រំដែនភូមានិងបង់ក្លាដែស។ ការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធទាំង២ ក្នុងឆ្នាំ២០២៤ បានបណ្តាលឲ្យស្លាប់មនុស្ស យ៉ាងតិច ៦៥ នាក់ ហើយការប្រជែងឥទ្ធិពលគ្នា ក្នុងឆ្នាំ២០២៣ ក៏បានធ្វើឲ្យមនុស្សស្លាប់ជាង ៩០ នាក់ឯណោះ។
ចំណែក រដ្ឋអំណាចភូមា បានចាត់ទុកក្រុមប្រដាប់អាវុធរបស់លោក អាតា អ៊ូល្លាស់ ថាជាពួកឧទ្ទាមដែលធ្វើវិទ្ធង្សនាប្រឆាំងអំណាចកណ្តាលភូមា និងតែងតែវាយប្រហារប្រដាប់អាវុធទៅលើបណ្តាប៉ុស្តិ៍នគរបាល តាំងពីឆ្នាំ២០១៧ រហូតមក។ ជាការឆ្លើយតប រដ្ឋអំណាចភូមាបានវាយបង្ក្រាបក្រុមប្រដាប់អាវុធនេះ និងបញ្ឆេះអំពើហិង្សា ដែលឈានដល់ការបណ្តេញជនជាតិភាគតិចរ៉ូហ៊ីងយ៉ា យ៉ាងហោច ៧៥០ ០០០ នាក់។ ពួកគេត្រូវបង្ខំចិត្តរត់ភៀសខ្លួនទៅជ្រកកោននៅប្រទេសបង់ក្លាដែស។
ក្នុងសំណុំរឿងភូមានិងរ៉ូហ៊ីងយ៉ា កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានស្រែកអំពាវនាវរកជំនួយថវិកា ព្រោះតែខ្វះខាតហិរញ្ញវត្ថុដើម្បីផ្គត់ផ្គង់គម្រោងកម្មវិធីមនុស្សធម៌នៅភូមាតទៅទៀត។
អង្គការនេះលាតត្រដាងថា មានលទ្ធភាពផ្គត់ផ្គង់សកម្មភាពនៅសល់តិចតួចបំផុត ហើយចាប់ពីខែមេសា ឆ្នាំ២០២៥ ជំនួយស្បៀងទៅប្រទេសភូមាត្រូវកាត់បន្ថយពាក់កណ្តាល។ ការបន្ថយជំនួយនេះ ប៉ះពាល់ជាខ្លាំងដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ ក៏ប៉ុន្តែ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរស៍ បានប្រកាសប្តេជ្ញាថា នឹងខំប្រឹងរកមធ្យោបាយ និងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីកុំឲ្យផ្តាច់ជំនួយស្បៀងដល់ជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ា។ លោក អង់តូនីញ៉ូ ហ្គូទែរស៍ មានប្រសាសន៍យ៉ាងដូច្នេះ កាលពីសប្តាហ៍មុន ក្នុងឱកាសបំពេញទស្សនកិច្ច នៅជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្នុងប្រទេសបង់ក្លាដែស៕