កំណែទម្រង់៖ ក្រសួង​មុខងារ រៀបចំ​ប្រឡងរើសមន្រ្តី បាន៨​ក្រសួងស្ថាប័ន និង​មានមន្រ្តីជាប់ជាង ៤០០០នាក់
  • ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១២:០៩ នាទី រសៀល
កំណែទម្រង់៖ ក្រសួង​មុខងារ រៀបចំ​ប្រឡងរើសមន្រ្តី បាន៨​ក្រសួងស្ថាប័ន និង​មានមន្រ្តីជាប់ជាង ៤០០០នាក់
លោក​ ហ៊ុន​ ម៉ានី​ រដ្ឋ​មន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​។ រូបភាពពីSTPM

ភ្នំពេញ៖ ត្រឹមរយៈពេល១៥ខែ ក្រសួង​មុខងារសាធារណៈ បាន​រៀបចំ​ការ​ប្រឡង​ប្រជែងជ្រើសរើស​មន្រ្តី​រាជការ​ឱ្យ​ចូល​បម្រើ​ការ​នៅ​ក្រសួងស្ថាប័ន ចំនួន ៨ក្រសួងស្ថាប័នដែលរៀបចំចំនួន ​៤២​លើក។ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ លើក​ឡើងដូច្នេះ​នៅក្នុង​ពិធី​បិទ​សន្និបាត ដោយ​បន្ត​ថា ការ​ប្រឡង​នេះ មាន​បេក្ខជន​ចូលរួម​រហូត​ដល់១២ម៉ឺននាក់។ 

TTN-Free-Banner-In-Article-PC

លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បាន​ឱ្យ​ដឹងថា តាម​រយៈ​កំណែ​ទម្រង់​ការ​ប្រឡង​ជ្រើស​រើសមន្រ្តីរាជការ ក្រសួង​មុខងារ បាន​សហការ​ជាមួយ​ក្រសួង​ស្ថាប័នចំនួន៨ ក្នុងការ​រៀបចំ​ការ​ប្រឡង ដោយ​ឈរ​លើ​គោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ការ​ប្រឡង​ទាំង៨​ក្រសួងស្ថាប័ននេះ មាន​បេក្ខជន​ចូលរួម​ចំនួន ១២​ម៉ឺន​នាក់ និងជ្រើសរើសបាន​មន្រ្តី​រាជការ​ក្របខណ្ឌចំនួន ៤ ៤៤៧នាក់។​

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ លើក​ឡើងពីការ​កើនឡើង​​​បេក្ខជន​ចូលរួម​ប្រឡងយ៉ាង​ដូច្នេះ៖«​ការ​ដាក់ពាក្យ​របស់​បេក្ខជនសុំសិទ្ធប្រឡងប្រជែង បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​កំណើន​នៃ​ការ​ជឿ​ទុក​ចិត្ត​របស់ប្រជា​ពលរដ្ឋ​ទូទៅ ជាពិសេស​យុវជន លើ​ប្រព័ន្ធ​ប្រឡងជ្រើសរើសមន្រ្តី​បច្ចុប្បន្ន»។​

ការ​ប្រឡង​ដែល​ដឹកនាំរៀបចំ​ដោយ​ក្រសួង​មុខងារសាធារណៈ មាន​ការ​សហការ​ពី​អង្គ​ភាព​ប្រឆាំង​អំពើពុករលួយ និង​អ្នកសង្កេត​ការណ៍សាធារណជន រួមទាំង​តាមបណ្ដា​សាកលវិទ្យាល័យ ដើម្បី​ធានា​ថា​ការ​ប្រឡង​ប្រព្រឹត្តទៅ​ដោយ​គ្មាន​ការ​សូក​ប៉ាន់ តម្លាភាព និង​យុត្តិធម៌​។ 

ក្រសួង​ស្ថាប័នទាំង​៨ រួមមាន ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ, ក្រសួង​អប់រំ យុវជន និង​កីឡា​,  អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ, ក្រសួង​សាធារណការ និងដឹកជញ្ជូន, ក្រសួង​អភិវឌ្ឍន៍ជន​បទ, ក្រសួងមុខងារសាធារណៈ, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សុខាភិបាល។​

សូម​បញ្ជាក់ថា «ជាប់​ដោយ​មោទនៈ ធ្លាក់​ដោយ​អស់​ចិត្ត​» ជា​ពាក្យ​ស្លោក​ដែល​ដាក់ចេញ​ដោយ​សម្ដេច ហ៊ុន ម៉ាណែត ក្នុង​គោលបំណងលើក​ទឹក​ចិត្ត និង​ផ្ដល់ឱកាស​ដល់​បេក្ខជន​គ្រប់រូប អាច​ដាក់ពាក្យ​ប្រឡង​ចូល​បម្រើការងារ​ជា​មន្រ្តី​រាជការដោយ​ស្មើភាពគ្នា​។ តាមរយៈ​ការ​ប្រឡងដែលរៀបចំ​ដោយ​ក្រសួង​មុខងារសាធារណៈ​ លោក ហ៊ុន ម៉ានី លើកឡើងថា បាន​រួម​ចំណែកផ្លាស់ប្តូរទស្សនៈ ពីមានខ្សែ មានលុយ មកជាប់ដោយមោទនៈ និងធ្លាក់ដោយអស់ចិត្ត ដែលជាកត្តាផ្តល់ក្តីសង្ឃឹម និងការជឿជាក់ដល់យុវជនវ័យក្មេងកម្ពុជា៕ 


អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា នាងថ្មីៗ ។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ