នាយករដ្ឋមន្ត្រីឱ្យសាលាចំណុះក្រសួង​ ផ្តោតតែ​លើ​ការបណ្តុះបណ្តាលមន្ត្រី ជាជាង​បើក​ប្រជែងជាមួយឯកជន
  • ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៣០ នាទី រសៀល
នាយករដ្ឋមន្ត្រីឱ្យសាលាចំណុះក្រសួង​ ផ្តោតតែ​លើ​ការបណ្តុះបណ្តាលមន្ត្រី ជាជាង​បើក​ប្រជែងជាមួយឯកជន
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ រូបពី STPM

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ណែនាំឱ្យ​សាលានៃបណ្ដាក្រសួង-ស្ថាប័នផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពរបស់មន្ត្រី ជាជាងបើកវគ្គបណ្តុះបណ្តាលផ្សេងៗ ដែល​សាលាឯកជន​មានរួចហើយ។

TTN-Free-Banner-In-Article-PC

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សែនសុខ សម្តេចនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ពីគោលការណ៍ពង្រឹងប្រសិទ្ធភាពការងារតាមក្រសួង ស្ថាប័ន តាមរយៈពង្រឹងសមត្ថភាពមន្ត្រី ជាជាងបង្រួមក្រសួង និងបង្កើនចំនួនមន្ត្រីឱ្យកាន់តែច្រើនលើសលុប។

កិច្ចការពង្រឹងប្រសិទ្ធភាពការងារតាមក្រសួងនេះ សម្ដេចបានចង្អុលបង្ហាញ ឱ្យពិនិត្យលើ មន្ទីរពិសោធន៍ក្នុងស្ថាប័នរដ្ឋ និងសាលាចំណុះក្រសួង។

ប្រមុខរដ្ឋាភិបាល សង្កេតឃើញមានមន្ទីរពិសោធន៍ ច្រើននៅតាមស្ថាប័នរដ្ឋ។ ដូច្នេះ សម្ដេចឱ្យគិតគូរ រៀបចំចងក្រងមន្ទីរពិសោធន៍តាមវិស័យវិញ។ ចំពោះ សំណើសុំបង្កើតមន្ទីរពិសោធន៍ថ្មី សម្ដេចទាមទារឱ្យមានការ​​ពិនិត្យមើលឱ្យច្បាស់ ហើយបើមន្ទីរពិសោធន៍នោះ ស្ថិតក្នុងវិស័យ ឬជំនាញថ្មី ទើប​ផ្តល់​ការអនុញ្ញាត។

ចំពោះ​សាលាចំណុះក្រសួង នាយករដ្ឋមន្ត្រីពិនិត្យឃើញមាន ១២៨សាលា ដែលភាគច្រើនស្ថិតក្នុងក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ។ សម្ដេច ហ៊ុន ម៉ាណែត ក៏ឃើញក្រសួងមួយចំនួន មាននិន្នាការស្នើសុំ បើកជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីបើកបង្រៀនយកលុយ។

សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់បន្ថែមយ៉ាងដូច្នេះ៖ «កន្លងមកមានក្រសួង ស្ថាប័ន មួយចំនួន ស្នើមក តែខ្ញុំបដិសេធ ដែលចង់ដំឡើងសាលា(ចំណុះក្រសួង) ទៅជាគ្រឹះស្ថានសាធារណ បើករៀន បើកយកលុយ ដើម្បីបើកគួរ! ហើយខ្ញុំមើលថាតើមានតម្រូវការចាំបា​ច់ឬទេ? ភារកិច្ចរបស់សាលានៅតាមក្រសួងនីមួយៗ គឺផ្ដោតខ្លាំងលើ គួរតែទៅលើមន្ត្រី! មិនចាំបាច់ បើក ដូចប្រកួតជាមួយសាលាឯកជន លើជំនាញមួយចំនួន ដែលមានហើយនោះទេ»។

សម្ដេច ហ៊ុន ម៉ាណែត ឱ្យសាលាចំណុះ​ក្រសួង​ប្រមូលធនធាន ដើម្បីបើកបណ្ដុះបណ្ដលជាវគ្គខ្លី ដល់មន្ត្រី។ សម្ដេច ចាត់ទុកកិច្ចការនេះ ជាភារកិច្ចចាំបាច់ សម្រាប់សាលាចំណុះ​ក្រសួងស្ថាប័ន។ សម្ដេច ពន្យល់ទៀតថា ការដំឡើងសាលាចំណុះក្រសួង ទៅជាគ្រឹះសា្ថនរដ្ឋបាលសាធារណៈ នឹងចំណាយធនធានមនុស្សបន្ថែម។ ហេតុនេះ វាមិនមែនជាគោលការណ៍ដែលសម្ដេច ចង់បានឡើយ៕


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី