- ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៣:៥៩ នាទី រសៀល

លោក Patrick Kluivert បានសន្យានាំភាពភ្ញាក់ផ្អើលដល់ក្រុមអ្នកគាំទ្រឥណ្ឌូណេស៊ី នៅមុនពេលឥណ្ឌូណេស៊ី តទល់ក្រុមអូស្ត្រាលី វគ្គជម្រុះជុំទី៣ FIFA World Cup 2026 ទ្វីបអាស៊ី។ ការសន្យារបស់អ្នកចាត់ការសញ្ជាតិហូឡង់ ធ្វើឡើងបន្ទាប់ពីទើបមានការហ្វឹកហាត់ត្រឹមតែ ២ ឬ ៣ លើកប៉ុណ្ណោះ ចាប់តាំងពីចូលកាន់តំណែងកាលពីខែមករា។
ឥណ្ឌូណេស៊ី នឹងត្រូវតទល់ម្ចាស់ផ្ទះអូស្ត្រាលី ដែលធ្វើឡើងនៅកីឡដ្ឋាន Allianz ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅវេលាម៉ោង ៤ និង ១០នាទី (ម៉ោងនៅកម្ពុជា)។
Kluivert អតីតកីឡាករខ្សែប្រយុទ្ធជម្រើសជាតិហូឡង់ និង Barcelona បានចូលកាន់កាប់តំណែងជាគ្រូបង្វឹកក្រុមឥណ្ឌូណេស៊ី សម្រាប់បេសកកម្មប្រកួតប្រជែងវគ្គជម្រុះ ដើម្បីដណ្តើមកៅអីទៅកាន់ជុំផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup 2026 នៅប្រទេសអាម៉េរិក កាណាដា និងម៉ិកស៊ិក។
ខណៈកំពុងប្រកួតប្រជែងវគ្គជម្រុះជុំទី៣ ទ្វីបអាស៊ី ឥណ្ឌូណេស៊ី សម្លឹងចង់បានកៅអី World Cup លើកដំបូង បើរាប់ចាប់តាំងពីឆ្នាំ ១៩៣៨ ខណៈជំនួបក្រៅទឹកដីទល់អូស្ត្រាលី គឺជាការប្រកួតនឹងផ្តល់ក្តីសង្ឃឹមខ្ពស់មួយ។
បន្ទាប់ពីការប្រមូលផ្តុំ ក្រោយពេលកីឡាករភាគច្រើនរបស់ជម្រើសជាតិឥណ្ឌូណេស៊ី ទើបតែធ្វើដំណើរមកពីក្លិបតាមតំបន់អឺរ៉ុប លោក Kluivert ក៏បានអះអាងថាទោះក្រុមគ្មានពេលហ្វឹកហាត់គ្រប់គ្រាន់ ប៉ុន្តែលោកបានបញ្ជៀបគំនិត និងយុទ្ធសាស្ត្រល្អៗទៅកាន់ក្រុមរួចរាល់ ដើម្បីបង្កើនទំនុកចិត្តសម្រាប់ក្រុមត្រៀមខ្លួនប្រកួតទល់អូស្ត្រាលី។ ឥណ្ឌូណេស៊ី រំពឹងដណ្តើមបានជ័យជម្នះលើកដំបូងលើអូស្ត្រាលី គិតចាប់តាំងពីឆ្នាំ ១៩៨១ មក។
អ្នកចាត់ការវ័យ ៤៨ឆ្នាំ បាននិយាយដូច្នេះថា៖«ការផ្លាស់ប្តូរគឺជារឿងដ៏លំបាកមួយនៅពេលនេះ ពិតណាស់ មានរឿងខ្លះដែលខ្ញុំមិនចង់ពន្យល់នៅទីនេះ ប៉ុន្តែវានឹងមានអ្វីមួយកើតឡើង រឿងខ្លះនឹងអាចផ្លាស់ប្តូរ តែគឺនៅក្នុងរង្វង់របស់យើងតែប៉ុណ្ណោះ។ ខ្ញុំគិតថាក្រុមរបស់ខ្ញុំពេលនេះ បានត្រៀមខ្លួនរួចរាល ពួកគេដឹងថាយើងកំពុងតែគិតអ្វីនៅថ្ងៃស្អែក ដូច្នេះយើងសម្លឹងទៅមុខដើម្បីប្រកួតប្រជែងក្នុងជំនួបមួយនេះ។»។
ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់លោក Kluivert បច្ចុប្បន្ន ភាគច្រើនជាកីឡាករកូនកាត់ និងចូលសញ្ជាតិ ឥណ្ឌូណេស៊ី-ហូឡង់ ហើយលេងនៅលីគកម្រិតខ្ពស់ប្រចាំតំបន់អឺរ៉ុប។
កាលពីជំនួបជើងទីមួយ នៅទឹកដីឥណ្ឌូណេស៊ី ការប្រកួតរវាងក្រុមទាំងពីរបញ្ចប់ទៅត្រឹមលទ្ធផល ០-០ ក្រោយមកឥណ្ឌូណេស៊ី បានយកឈ្នះលើក្រុមខ្លាំងក្នុងពូល C ជាមួយគ្នាអារ៉ាប៊ីសាអូឌីត លទ្ធផល ២-០ ដែលកាលនោះ ក្រុមមិនស្ថិតក្រោមការដឹកនាំរបស់លោក Kluivert ឡើយ។
មកដល់ពេលនេះឥណ្ឌូណេស៊ី ជាក្រុមឈរនៅលេខ ៣ ប្រចាំពូល C ដោយរកបានចំនួន ៦ពិន្ទុ ពីការប្រកួត ៦លើក ខណៈការប្រកួតប្រជែងក្នុងពូលមានភាពប្រទាញប្រទង់គ្នាខ្លាំង រាប់ចាប់ពីអូស្ត្រាលី ដែលឈរលេខ ២ រកបានទើបតែ ៧ពិន្ទុ។ អារ៉ាប៊ីសាអូឌីត លេខ ៤, បារែន លេខ ៥ និងចិន នៅលេខ ៦ មានចំនួន ៦ពិន្ទុដូចគ្នា។ វគ្គជម្រុះជុំទី៣ World Cup តំបន់អាស៊ី ក្រុមមានចំណាត់ថ្នាក់កំពូលតារាងទាំង ២ នឹងឈ្នះកៅអីជុំផ្តាច់ព្រ័ត្រ World Cup 2026 ស្វ័យប្រវត្តិ ខណៈក្រុមលេខ ៣ និង លេខ ៤ ត្រូវបន្តទៅប្រជែងកៅអីនៅវគ្គជម្រុះជុំទី៤ បន្តទៀត៕