ប៉ូលិស ឃាត់ខ្លួនក្រុមក្មេងទំនើងរហស្សនាម F4 និងក្រុម CCK បាន១០នាក់
  • ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:២៩ នាទី រសៀល
ប៉ូលិស ឃាត់ខ្លួនក្រុមក្មេងទំនើងរហស្សនាម F4 និងក្រុម CCK បាន១០នាក់
ក្រុមក្មេងទំនើង១០នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន។ រូបពី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ

ភ្នំពេញ៖ ក្រុមក្មេងទំនើងចំនួន២ក្រុម ដែលមានគ្នា១០នាក់ ដែលមានរហស្សនាមថា ក្រុម F4 និងក្រុម CCK ត្រូវ​បាន​សមត្ថកិច្ចជំនាញ​បង្ក្រាបបាន បន្ទាប់ពីពួកគេវាយដំគ្នា។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើ​ឡើង​កាលពីថ្ងៃទី១៧មីនា ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ។

TTN-Free-Banner-In-Article-PC

​បើយោងតាមទំព័រហ្វេសប៊ុករបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាន​នគរ​បាលជាតិ ក្រសួងមហាផ្ទៃ ក្រុមជនសង្ស័យទាំងនេះ ​មានវ័យចន្លោះពី១៤ឆ្នាំ ទៅ២០ឆ្នាំប៉ុណ្ណោះ។ ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង១០នាក់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។

ក្រៅពីឃាត់ខ្លួនក្រុមក្មេងទំនើងបាន១០នាក់ កម្លាំងការិយាល័យព្រហ្មណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏បានដកហូតវត្ថុតាងមួយចំនួនដែរ រួមមាន ម៉ូតូ​៤គ្រឿង និងកាំបិតបុ័ងតោ  កាំបិតផ្គាក់ ដាវ ​និងកណ្ដៀវ សរុប​៥​គ្រឿង។

សូមជម្រាបថា ​ករណីហិង្សា​នេះ បង្កឡើងដោយចេតនា មានទម្ងន់ទោសតាមមាត្រា២១៧ នៃច្បាប់ក្រមព្​រហ្មទណ្ឌ ហើយក្រុមក្មេងទំនើងដែលត្រូវបានបង្ក្រាបនេះ ពួកគេក៏ជាប់ពាក់ព័ន្ធ ការបំផ្លាញទ្រព្យសម្បត្ដិរបស់អ្នកដទៃផងដែរ៕  


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី