នាយករដ្ឋមន្រ្តី​ ចង់ឱ្យ​ការ​ប្រឡងចូលកងទ័ព និងនគរបាល មាន​សុក្រឹតភាពដូចប្រឡង​មន្រ្តីរាជការ​ស៊ីវិល
  • ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
នាយករដ្ឋមន្រ្តី​ ចង់ឱ្យ​ការ​ប្រឡងចូលកងទ័ព និងនគរបាល មាន​សុក្រឹតភាពដូចប្រឡង​មន្រ្តីរាជការ​ស៊ីវិល
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត ​ចង់ឃើញ​ការ​រៀបចំការ​ប្រឡង​ជ្រើសរើស​កងទ័ព និង​នគរបាល មាន​សុក្រឹតភាព​ដូច​ការ​ប្រឡង​ជ្រើសរើស​មន្រ្តីរាជការ​ស៊ីវិល។ក្នុងពិធី​បិទសន្និបាតបូក​សរុប​ការងារ​របស់​ក្រសួង​មុខងារសាធារណៈ​ សម្ដេច​នាយករដ្ឋមន្រ្តី ដាក់​ក្ដីសង្ឃឹម​ដូច្នេះ បន្ទាប់​ពី​កំណែ​ទម្រង់​ការ​ប្រឡង​ជ្រើសរើស​មន្រ្តី​រាជការ​ស៊ីវិលរបស់​ក្រសួង​មុខងារសាធារណៈ​ ត្រូវ​បាន​រៀបចំ​ដោយ​ជោគជ័យ។

TTN-Free-Banner-In-Article-PC

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា បាន​កោតសរសើរចំពោះការ​ដឹក​នាំ​រៀបចំ​ការ​ប្រឡង​ជ្រើសរើសមន្រ្តីរាជការ​ស៊ីវិលរបស់​ក្រសួង​មុខងារសាធារណៈ ដែល​សហការ​ជាមួយ​ក្រសួង​ស្ថាប័ននានា។ តាមរយៈ​កំណែទម្រង់​ការ​ប្រឡង​ជ្រើសរើស​មន្រ្តីនេះ សម្ដេច មាន​ប្រសាសន៍ថា​ ការប្រឡងនេះ​ បាន​ផ្តល់ក្តីសង្ឃឹមដល់យុវជនដែលគ្មានរបស់ក្រៅខ្លួន គ្មានឪពុកធ្វើធំ និងគ្មានលុយសូក។

ទាក់ទង​នឹងកំណែទម្រង់​​ការ​ប្រឡងជ្រើសរើស​មន្រ្តី​រាជការ​ស៊ីវិលចូល​បម្រើការ​ងារ​នៅតាម​ក្រសួង​ស្ថាប័ននេះ សម្ដេច ហ៊ុន ម៉ាណែត បាន​ដាក់ចេញពាក្យ​ស្លោក«ជាប់ដោយ​មោទនៈ ធ្លាក់​ដោយ​អស់ចិត្ត»។ ការ​ប្រឡងដែល​ដឹកនាំ​ដោយ​ក្រសួង​មុខងារសាធារណៈចំនួន ៤២ដង មាន​បេក្ខជន​ចូលរួមប្រឡងប្រមាណ ១២ម៉ឺននាក់ ខណៈ​អ្នកជាប់​មាន​ត្រឹម ៤០០០នាក់ប៉ុណ្ណោះ។ 

ត្រង់ចំណុចនេះ សម្ដេចនាយករដ្ឋមន្រ្តី​ លើកឡើងថា បេក្ខជនជាង១១ម៉ឺននាក់ គឺធ្លាក់ដោយ​អស់ចិត្ត គ្មាន​នរណា​ចេញមកតវ៉ា​ និង​មិនអស់ចិត្ត​ឡើយ។ សម្ដេច ហ៊ុន ម៉ាណែត បន្តថា​ សម្ដេច​តែងតាមដាន​ជាប់ជានិច្ច​ពីការ​ប្រឡង​ដែល​ដឹក​នាំ​ដោយក្រសួង​មុខងារសាធារណៈ ដែលធ្វើឱ្យ​បេក្ខជន និង​អាណាព្យាបាលជឿទុក​ចិត្ត។ 

នា​ឱកាស​​នោះ សម្តេច ហ៊ុន ម៉ាណែត បានរំលឹកពីការសំណេះសំណាលជាមួយយុវជនមួយរូប ដែលបានប្រឡងជាប់នាយទាហាន នាអំឡុងពេលដែលសម្តេចកាន់តួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា។ បើតាមសម្តេច យុវជនរូបនោះ បានទៅប្រឡងទាំងគ្មានសង្ឃឹម ខណៈអ្នកអង្គុយជិតខ្លួនរៀបរាប់ពីការចំណាយ និងមានឪពុកជាឧត្តមសេនីយ៍ ដែលអាចធានាថាជាប់។ 

ទីបំផុតយុវជនដែលគ្មានខ្សែរូបនោះ បានប្រឡងជាប់ ខណៈយុវជនដែលអាងខ្សែប្រឡងធ្លាក់។ ត្រង់នេះ សម្តេចនាយករដ្ឋមន្ត្រី លើកឡើងថា ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង ហើយក៏បានជះឥទ្ធិពលដល់អ្នកផ្សេងផងដែរ។ «នេះហើយជាអ្វីដែលយើងចង់បាន»។ សម្តេចគូសបញ្ជាក់យ៉ាងដូច្នេះ។​

សម្ដេច ហ៊ុន ម៉ាណែត ជឿថា​បើគ្មាន​ភាព​យុត្តិធម៌ បេក្ខជនជាង១១ម៉ឺននាក់ ដែល​ប្រឡង​ក្នុង​សម័យកំណែទម្រង់នេះ នឹង​មិន​នៅស្ងៀមឡើយ។ ទន្ទឹម​នឹង​នេះ សម្ដេចនាយករដ្ឋមន្រ្តី ដាក់ក្ដីសង្ឃឹម​លើការ​ប្រឡង​ចូល​បម្រើ​កងទ័ព និង​នគរបាល ឱ្យ​មាន​ភាពសុក្រឹតដូចការ​ប្រឡង​មន្រ្តីរាជការស៊ីវិលដែរ។

«សុក្រឹត១០០ភាគរយនៅទូទាំងប្រទេស គឺ​មិនទាន់ទេ។ ប៉ុន្តែ​​បន្តិច​ម្ដងៗ យើង​នឹង​ប្ដូរ​ទម្លាប់​ និងប្ដូរ​ផ្នត់គំនិត​ ហើយ​មាន​ប្រជាពលរដ្ឋ​គាំទ្រ។ យើង​នឹង​ឈានទៅដល់​សុក្រឹតភាពនៅពេលណា»។ សម្ដេច មាន​ប្រសាសន៍ដូច្នេះ ដោយ​បន្តថា៖« ខ្ញុំ​សូមឱ្យស្ថាប័ន​ផ្សេងទៀត កែ​ប្រឡង ព្រោះយើង​ប្រឡងតែមន្រ្តីរាជការ​ស៊ីវិល ប្រឡង​កងទ័ព ប្រឡង​នគរបាល​ គឺ​ខិតខំធ្វើយ៉ាងណាឱ្យមាន​សុក្រឹតភាព»។ 

សម្ដេច ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ឪពុកម្ដាយ និង​បេក្ខជន ដែល​ខិតខំ​ប្រឹងរៀនសូត្រ ដោយ​មិនរត់រក​ការ​អន្តរាគមន៍ ឬ​ពឹង​ពាក់​ខ្សែ ឬអ្នកធំណា។ សូម​បញ្ជាក់ថា ត្រឹមរយៈពេល១៥ខែ ក្រសួង​មុខងារសាធារណៈ បាន​រៀបចំ​ការ​ប្រឡង​ប្រជែងជ្រើសរើស​មន្រ្តី​រាជការ​ឱ្យ​ចូល​បម្រើ​ការ​នៅ​ក្រសួងស្ថាប័ន ចំនួន ៨ក្រសួងស្ថាប័នដែលរៀបចំចំនួន ​៤២​លើក៕ 


អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា នាងថ្មីៗ ។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ