លោកពូទីនសុខចិត្ត​ផ្អាកការវាយប្រហារ តែទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល​អ៊ុយក្រែន
  • ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី យប់
លោកពូទីនសុខចិត្ត​ផ្អាកការវាយប្រហារ តែទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល​អ៊ុយក្រែន
រូបភាពកាត់ត៖ លោកដូណាល់ ត្រាំ និង​លោកពូទីន កំពុងនិយាយទូរស័ព្ទ​ © AP

ដោយ៖ម៉ម ពិសី (RFI ខេមរភាសា)

លោកដូណាល់ ត្រាំ និង​លោកពូទីន បាន​និយាយទូរស័ព្ទជាមួយ​គ្នា កាលពីរសៀលថ្ងៃអង្គារទី​១៨​មីនា ស្តីអំពីគម្រោង​បទឈប់​បាញ់នៅអ៊ុយក្រែន​។ ជាកិច្ចសន្ទនាដែលគេឃើញថា លោកពូទីនជាអ្នកនិយាយសង្កត់ដាក់លក្ខខណ្ឌ រីឯលោកដូណាល់ ត្រាំ ចាំតែស្តាប់និងយល់ព្រម។​ ខុសពីអ្វីដែល​ភាគីអាមេរិក​បានស្នើ ឲ្យ​មានបទឈប់បាញ់ទាំងស្រុង​រយៈពេល៣០ថ្ងៃនោះ​ លោកពូទីន​បានយល់ព្រម ក៏ប៉ុន្តែគឺឈប់វាយប្រហារ ត្រឹម​តែទៅលើ​ហេដ្ឋារចនាសម្ព័ន្ធថាមពលចរន្តអគ្គីសនីរបស់អ៊ុយក្រែនតែប៉ុណ្ណោះ។​ មិនត្រឹមតែប៉ុណ្ណោះទេ លោកពូទីនបានទាមទារទៀតថា ក្រុមប្រទេសលោកខាងលិច ត្រូវតែឈប់ផ្តល់ជំនួយយោធាទាំងស្រុងទៅឲ្យអ៊ុយក្រែន​ ទើបអាចចាប់ផ្តើមនិយាយពី​បទឈប់បាញ់ទាំងស្រុង​បាន​។

TTN-Free-Banner-In-Article-PC

សេតវិមានបាន​ចេញលិខិតប្រកាស​ថា កិច្ចសន្ទនាតាមទូរស័ព្ទរយៈពេល​៩០នាទី​ រវាងលោកដូណាល់ ត្រាំ និង​លោក​ពូទីន កាលពីថ្ងៃទី​១៨​មីនា គឺមានលទ្ធផល​វិជ្ជមានខ្លាំងណាស់ ទាក់ទិននឹងសំណុំរឿងអ៊ុយក្រែន។ តែធាតុពិតទៅ​ អ្នកវិភាគជាច្រើនបាន​លើកឡើងថា ការពិត​លោកដូណាល់ ត្រាំ ទន់ខ្សោយ ហើយ​ត្រូវលោកពូទីនសង្កត់ជាប់ក្នុងពេលសន្ទនាគ្នា​។ ភាគីអាមេរិក បាន​ស្នើ​ឲ្យ​មានបទឈប់បាញ់បណ្តោះអាសន្នទាំងស្រុង រយៈពេល៣០ថ្ងៃ ពោលគឺជាអ្វីដែល​ភាគីអ៊ុយក្រែនបានទទួលយល់ព្រមនៅទីក្រុងចេដដា។ 

តែទីបំផុត ក្រោយ​ការសន្ទនាគ្នាជាមួយ​លោកដូណាល់ ត្រាំ លោក​ពូទីនបានបញ្ជាក់ថា​ រុស្ស៊ីយល់ព្រមសុខចិត្ត​ផ្អាកការ​ប្រយុទ្ធ តែទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពល ចរន្តអគ្គីសនីរបស់អ៊ុយក្រែនតែប៉ុណ្ណោះ។

បន្ថែមពីនេះ រុស្ស៊ី​យល់ព្រមឲ្យ​មានការដោះដូរឈ្លើយសឹក​គ្នាទៅវិញទៅមក ចំនួន​១៧៥នាក់។ តែទាក់ទិននឹង​បទឈប់បាញ់ទាំងស្រុងវិញ​ គឺលោកពូទីន​មិនព្រមសន្យាអ្វី​​ទាំងអស់។ ជាងនេះទៀត លោកពូទីន បានគូសបញ្ជាក់នូវការទាមទារដ៏ធំមួយរបស់រុស្ស៊ី គឺ​ក្រុមប្រទេសលោកខាងលិច ត្រូវតែឈប់ផ្តល់គ្រឿងសព្វាវុធ និងជំនួយផ្នែក​​យោធាគ្រប់រូបភាពទៅ​ឲ្យ​អ៊ុយក្រែន​។ 

នេះបើផ្អែកតាមលិខិតប្រកាសរបស់វិមានក្រេមឡាំង។ តែដោយឡែក ត្រង់ចំណុចនេះ នៅក្នុងបទសម្ភាសន៍​មួយ​ឲ្យ​ទូរទស្សន៍ Fox News លោកដូណាល់ ត្រាំ បានអះអាង ក្នុងពេលនិយាយគ្នាគឺ​លោកនិងលោកពូទីន មិនបាន​និយាយអ្វីទាំងអស់រឿងជំនួយ​យោធាឲ្យ​អ៊ុយក្រែន​។​

ភ្លាម​ៗក្រោយ​ចប់កិច្ចសន្ទនារវាងលោកពូទីន និង​លោកដូណាល់ ត្រាំ លោក​ហ្សេឡេនស្គី បាន​លើកឡើងថា អ៊ុយក្រែន​​​មិនជំទាស់ឡើយ​ទៅនឹង​ការសន្យារបស់រុស្ស៊ី ​​ក្នុងការ​​​ផ្អាកការប្រយុទ្ធ​ថ្វីបើ តែទៅលើ​​ទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន​។ 

តែយ៉ាងណាក៏ដោយ លោកហ្សេឡេនស្គីបញ្ជាក់ថា លោក​កំពុងរងចាំពិនិត្យ​មើលលម្អិត ថាតើក្នុងពេលសន្ទនា​គ្នានេះ លោកពូទីននិង​លោកដូណាល់ ត្រាំ បានសុខចិត្តធ្វើសម្បទានអ្វីខ្លះឲ្យគ្នាទៅវិញទៅមក​។ ទាក់ទិននឹងការទាមទារ​ពីលោក​ពូទីន ថា​ឲ្យ​ក្រុមប្រទេសលោកខាងលិចឈប់ផ្តល់ជំនួយ​ផ្នែក​យោធាមក​ឲ្យ​អ៊ុយក្រែន​ លោកហ្សេឡេនស្គីបាន​បរិហារថា វាគឺជាសារជាតិពិត​របស់លោកពូទីន ដែលចង់ធ្វើឲ្យអ៊ុយក្រែនទន់ខ្សោយ គ្មានអាវុធនិងគ្មានព័ត៌មានគ្រប់គ្រាន់​ដើម្បីការពារខ្លួន​។ ហើយ​វាក៏បញ្ជាក់ដែរថា លោកពូទីន​គ្មានចេតនា​ចង់ឈប់ធ្វើសង្គ្រាមនោះឡើយ​។

គួរកត់សម្គាល់ថា នៅក្នុង​​របាយការណ៍​ស្តីពីលទ្ធផល​សន្ទនា​គ្នា ​​ទាំងពីភាគីអាមេរិក​និងរុស្ស៊ី គឺពុំមានលើកឡើងទាល់តែសោះ ស្តីពី​ទឹកដី​​អ៊ុយក្រែន​ប្រមាណ​២០% ដែលបច្ចុប្បន្នស្ថិតក្នុងការគ្រប់គ្រងរបស់រុស្ស៊ី។ កន្លងមក លោកពូទីន​​​ធ្លាប់បានបង្ហាញជំហរជាក់ច្បាស់ ថាគ្មានថ្ងៃដែលរុស្ស៊ីសុខចិត្តឲ្យអ៊ុយក្រែនវិញឡើយ​។ 

ចំណែក​លោក​ដូណាល់ ត្រាំ វិញធ្លាប់បានបង្ហើបថា​អាមេរិក​ត្រៀមសុខចិត្ត​ ឲ្យរុស្ស៊ីនិង​អ៊ុយក្រែន “បែងចែកគ្នា”។​ សេតវិមានបានបញ្ជាក់​ឲ្យដឹងផងដែរ ថាការចរចាគ្នាលម្អិត រវាងភាគីអាមេរិក​និង​រុស្ស៊ីនឹងចាប់ផ្តើម​នៅថ្ងៃទីក្រុងចេដដាប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី​២៣មីនា​។ ផ្អែកតាមការ​​វិភាគ គឺ​រដ្ឋបាល​របស់​លោកត្រាំ អាចនឹងយល់ព្រមសុខចិត្តច្រើន ទៅតាម​ការទាមទាររបស់រុស្ស៊ី​ មិនថារឿងជំនួយយោធា និង​រឿងទឹកដី​អ៊ុយក្រែន​។

សូមបញ្ជាក់ដែរថា គ្រាន់តែលោកដូណាល់ ត្រាំ និងលោកពូទីនទំលាក់ទូរស័ព្ទចុះ មិនបានប៉ុន្មានម៉ោងផង នៅយប់ថ្ងៃអង្គារ​​ អ៊ុយក្រែន​បានអះអាងថា រុស្ស៊ីបាន​បាញ់មីស៊ីល​៦គ្រាប់ និង​បញ្ជាយានដ្រូន១៤៥គ្រឿង មកវាយប្រហារ​ហេដ្ឋារចនាសម្ព័ន្ធស៊ីវីលរបស់​អ៊ុយក្រែន​។ ប្រតិកម្មទៅនឹង​ការវាយ​ប្រហាររបស់រុស្ស៊ីភ្លាមៗក្រោយ​លោកពូទីនទើបតែសន្យាជាមួយ​លោកដូណាល់ត្រាំនេះ លោក​រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់បានលើកឡើងថា “ពូទីនកំពុងតែលេងល្បិចដ៏ពិសពុល”។

គួរកត់សម្គាល់​ដែរថា បណ្តាប្រទេសអឺរ៉ុបបានតាមដាន​ការសន្ទនារវាងលោកដូណាល់ ត្រាំ និង​លោកពូទីន យ៉ាងយកចិត្ត​ទុកដាក់បំផុត។​​ បារាំងនិង​អាល្លឺម៉ង់បានប្រតិកម្ម​យ៉ាងប្រុងប្រយ័ត្ន​ ដោយ​លោក​ម៉ាក្រុង​និងលោកអូឡាហ្វ ស្ហុលស៍ បាន​អះអាងសាជាថ្មីនៅថ្ងៃអង្គារថា បារាំងនិងអាល្លឺម៉ង់ នៅតែបន្ត​ផ្តល់ជំនួយយោធាទៅឲ្យ​អ៊ុយក្រែនជានិច្ច​​​។ ចំណែក លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer អះអាងថា អង់គ្លេសនឹងបន្តឈរនៅខាងអ៊ុយក្រែន បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាព​​ ដើម្បីធានាថារុស្ស៊ីនឹងមិនមកឈ្លានពាន​អ៊ុយក្រែនម្តងទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com

Other