សភា លើកទឹកចិត្តរដ្ឋាភិបាលឱ្យបង្កើតក្រុមការងារបច្ចេកទេសរៀបចំយុទ្ធសាស្ត្រលើកកម្ពស់«ប្រាក់រៀល»
  • ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
សភា លើកទឹកចិត្តរដ្ឋាភិបាលឱ្យបង្កើតក្រុមការងារបច្ចេកទេសរៀបចំយុទ្ធសាស្ត្រលើកកម្ពស់«ប្រាក់រៀល»
លោក ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភាព ថ្លែងក្នងសិក្ខាសាលាពីសារៈសំខាន់ប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចជាតិ នៃពិធីប្រារព្ធខួបលើកទី៤៥នៃការដាក់ឱ្យដំណើរការប្រាក់រៀលឡើងវិញ។

ភ្នំពេញ៖ រដ្ឋសភា ប្រកាសលើកទឹកចិត្តរដ្ឋាភិបាលឱ្យពិចារណាបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួងមួយ ដើម្បីរៀបចំយុទ្ធសាស្ត្រ និងស្រាវជ្រាវ អំពីការលើកកម្ពស់ប្រាក់រៀល។ លោក ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ថ្លែងបែបនេះក្នុងពិធីអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យដំណើរការប្រាក់រៀលឡើងវិញ នាថ្ងៃទី២០ ខែមីនា ដោយបានបញ្ជាក់ថា ការបង្កើតឱ្យមានក្រុមការងារបច្ចេកទេសនេះ គឺសំដៅឱ្យគោលនយោបាយជំរុញការប្រើប្រាស់ប្រាក់រៀលតាមវិស័យនានា អាចប្រព្រឹត្តទៅបានប្រកបដោយសង្គតិភាព។

TTN-Free-Banner-In-Article-PC

មិនដល់៥ឆ្នាំទៀតទេ កម្ពុជា នឹងក្លាយប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយឈានទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប៉ុន្តែ បើផ្អែកតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា បច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជា​ គឺនៅតែពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាម៉េរិក​រហូតដល់ជាង៨០ភាគរយ  ខណៈទំហំប្រាក់រៀលចរាចរនៅក្នុងសេដ្ឋកិច្ចជាតិ មានត្រឹម១៥-២០ភាគរយ។ 

ដើម្បីចូលរួមជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការសម្រេចនូវចក្ខុវិស័យរបស់រដ្ឋាភិបាល ឆ្នាំ២០៣០ និងឆ្នាំ២០៥០ លោក ជាម យៀប​ ដែលជាអនុប្រធានទី១ នៃរដ្ឋសភា បានប្រកាសលើកទឹកចិត្តដល់រដ្ឋាភិបាល ពិចារណាបង្កើតក្រុមការងារ បច្ចេកទេសអន្តរក្រសួងមួយ ដើម្បីរៀបចំយុទ្ធសាស្ត្រ និងធ្វើការស្រាវជ្រាវអំពី ការលើកកម្ពស់ប្រាក់រៀល សំដៅឱ្យគោលនយោបាយជំរុញការប្រើប្រាស់ប្រាក់ រៀលតាមវិស័យ នានា អាចប្រព្រឹត្តទៅប្រកបដោយសង្គតិភាព។  ជាពិសេស គឺរដ្ឋាភិបាលគួរពិចារណាបង្កើតនូវវិធាន ឬនិយ័តកម្ម និងពង្រឹងកិច្ចសហការពហុភាគី ដែលសំដៅជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ព្រមទាំងអប់រំ ផ្សព្វផ្សាយដល់វិស័យឯកជន និងពលរដ្ឋទូទៅ អំពីសារៈ សំខាន់នៃការប្រើប្រាស់ប្រាក់រៀល។

ការណ៍នេះ គឺធ្វើឡើងដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងធន់ ក៏ដូចជាការលើកកម្ពស់អធិបតេយ្យភាព និងអត្តសញ្ញាណជាតិ ផងដែរ។​

«​ យើងទាំងអស់គ្នា សូមរួមគ្នាលើកស្ទួយការប្រើប្រាស់រៀល ឱ្យកាន់តែទូលំទូលាយ ព្រោះថា ប្រាក់រៀល គឺជានិមិត្តរូបជាតិយ៉ាងសំខាន់មួយ ដែលធ្វើឱ្យអត្តសញ្ញាណ និងព្រលឹងជាតិមានភាពពេញលេញ​»។ នេះជាការទាមទាររបស់លោកអនុប្រធានទី១ នៃរដ្ឋសភា ដែលបានទឹកចិត្តដល់ក្រសួង-ស្ថាប័នសាធារណៈ និងវិស័យឯកជន ឱ្យបន្តកិច្ច ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រែក្លាយប្រាក់រៀលទៅជារូបិយវត្ថុចម្បងនៅ គ្រប់សកម្មភាពសេដ្ឋកិច្ច និងវិស័យទាំងអស់។ 



ក្នុងពិធីប្រារព្ធអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យដំណើរការប្រាក់រៀលឡើងវិញ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែមីនា លោក ជាម ជៀប មានប្រសាសន៍យ៉ាងដូច្នេះ​ ៖ «​ ពីព្រោះការប្រើប្រាស់រូបិយវត្ថុជាតិ តែមួយ នឹងអាចឈានទៅជួយកាត់បន្ថយផលប៉ះពាល់ពីកត្តាខាងក្រៅ ហើយនឹងធ្វើឱ្យកម្ពុជាយើងអាចនឹងមានឯករាជ្យផ្នែកសេដ្ឋកិច្ចខ្ពស់ជាងមុន»។

ជាមួយគ្នានេះ លោក ជាម យៀប ក៏បានលើកទឹកចិត្តដល់សមាជិករដ្ឋសភា ឱ្យពិនិត្យ និងសិក្សាក្នុងការ ផ្តួចផ្តើមធ្វើច្បាប់ ឬអនុម័តច្បាប់នានា ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារ និង ហិរញ្ញវត្ថុ និងជាពិសេសលើការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ លើសពីនេះ សភាក៏បានលើកទឹកចិត្តរដ្ឋាភិបាលឱ្យពនឿន ការអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗលើគ្រប់វិស័យ ដើម្បីបង្កភាពងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុ ជាឱ្យកាន់តែប្រសើរឡើងទៀត។

«សភា នឹងបន្តធ្វើការតាមដាន និងត្រួតពិនិត្យលើការងារអនុវត្តច្បាប់ ហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រងឆ្នាំ២០២៥ ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ ដើម្បី ធានាបានសក្តិសិទ្ធិភាព ប្រសិទ្ធភាព និងតម្លាភាព ធ្វើយ៉ាងណាឲ្យថវិកាជាតិ បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋនៅទូទាំងប្រទេស»។  នេះជាការអះអាងរបស់លោក ជាម យៀប ដែលលើទឹកចិត្ត ធនាគារជាតិ បន្តធ្វើការផ្សព្វផ្សាយស្តីពី ការប្រើប្រាស់ប្រាក់រៀល ប្រព័ន្ធបាគង និង KHQR ឱ្យបានទូលំ ទូលាយដល់សាធារណជន ជាពិសេសក្នុងចំណោម វិស័យ ឯកជន និង អ្នកទេសចរណ៍ ដើម្បីជំរុញសេដ្ឋកិច្ចជាតិកម្ពុជាឱ្យកាន់តែខ្លាំង។

រូបិយវត្ថុ​ គឺ​ជា​និមិត្តរូប​ដ៏សំខាន់​មួយ​នៃ​អធិបតេយ្យ​​ជាតិ។  ការ​ចាយលុយរៀល និង​ការ​គ្រប់គ្រង​នយោបាយ​រូបិយវត្ថុ​យ៉ាងពេញលេញ​ដោយ​ខ្លួនឯង វា​មិនត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​​មោទកភាព​របស់​ជាតិ​ខ្មែរ​ទាំងមូល ​ផងដែរ។ ដើម្បី​ឱ្យ​លុយរៀល​ ត្រូវ​បាន​ពលរដ្ឋ​ចូលរួមប្រើប្រាស់​កាន់តែទូលំទូលាយនៅក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ រដ្ឋាភិបាល​ត្រូវជំរុញប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិការសាធារណៈទាំងអស់ ដែលលើសពីយន្តការកំពុងអនុវត្តសព្វថ្ងៃនេះ។

 លោក ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង នៃរដ្ឋសភា 

ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) លោក ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង នៃរដ្ឋសភា បានថ្លែងយ៉ាងដូច្នេះ​​ ៖ « រដ្ឋាភិបាល​ ត្រូវដើរតួនាទីជាគំរូក្នុងការដឹកមុខគេ លើកិច្ចការជំរុញការប្រើប្រាស់រៀលនេះ។ នៅពេលដែលសេវាសាធារណៈគិតជាលុយរៀលទាំងអស់ហើយ នោះប្រជាពលរដ្ឋនឹងកាន់តែមានជំនឿចិត្តខ្ពស់ក្នុងការប្រើប្រាស់ប្រាក់រៀល។ ​លោក បានបញ្ជាក់ថា នេះ ជាចំណុចសំខាន់ ដែលរដ្ឋាភិបាលត្រូវជំរុញការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការសាធារណៈទាំងអស់ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ប្រាក់រៀល។​

បើតាម លោក ឈាង វណ្ណារិទ្ធ រដ្ឋាភិបាលត្រូវផ្តល់ការលើកទឹកចិត្តសម្រាប់អាជីវកម្មដែលប្រើប្រាស់ប្រាក់រៀលក្នុងប្រតិបត្តិការប្រចាំរបស់ពួកគេ ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលបន្ថែមទៀត។ ជាមួយគ្នានេះ  ធនាគារជាតិ នៃកម្ពុជា​ ត្រូវបន្តរក្សាស្ថិរភាពថ្លៃ និងអត្រាប្តូរប្រាក់ ដើម្បីរក្សាអំណាចទិញនៃប្រាក់រៀល ។ 

អគ្គលេខាធិការរង នៃរដ្ឋសភារូបនេះ  ក៏បានទាមទារឱ្យក្រសួង-ស្ថាប័នសាធារណៈពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នា និងជាមួយវិស័យឯកជន ក្នុងការរៀបចំវេទិកាលើកកម្ពស់ប្រាក់រៀល ការសិក្សាស្រាវជ្រាវ និងដាក់ចេញគោលនយោបាយលើកកម្ពស់ប្រាក់រៀល។ លោក ឈាង វណ្ណារិទ្ធ បន្តនិយាយដោយសង្កត់ធ្ងន់ថា​៖  « ការណ៍នេះ គឺធ្វើឡើងដើម្បីរួមគ្នាឱ្យសាធារណជនមានការជឿជាក់កាន់តែខ្លាំងលើប្រាក់រៀលយើង»។ 

២ទសវត្សរ៍ចុងក្រោយនេះ ប្រាក់រៀលរបស់កម្ពុជា គឺមានស្ថិរភាពល្អដោយរក្សាបានតម្លៃលើទីផ្សារក្នុងរង្វង់ ៤១០០រៀលក្នុង១ដុល្លារអាម៉េរិក។ ចូលដល់ឆ្នាំ២០២៥នេះ ស្ថានភាពប្រាក់រៀលកាន់តែល្អ ដែលមានតម្លៃពី៤០០០-៤០៤០រៀលក្នុងមួយដុល្លារ។  ការណ៍នេះ គម្បីប្រជាពលរដ្ឋគួរងាកប្រើប្រាស់ប្រាក់រៀល​ឱ្យបានច្រើន ដើម្បីជួយជំរុញ​កំណើនសេដ្ឋកិច្ចជាតិ ជាពិសេស គឺអាចជួយដល់ធនាគារជាតិនៃកម្ពុជា​ មានលទ្ធភាពកាន់តែពេញក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុ៕ 


អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន