កម្ពុជាគ្រោងបញ្ចូល «ត្រីបបែលយក្សទឹកសាប» និង «ត្រីប៉ាសាណាក» ​ក្នុង​បញ្ជី​​​ជល​ផល​កំពុង​រង​គ្រោះ​ថ្នាក់
  • ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី យប់
កម្ពុជាគ្រោងបញ្ចូល «ត្រីបបែលយក្សទឹកសាប» និង «ត្រីប៉ាសាណាក» ​ក្នុង​បញ្ជី​​​ជល​ផល​កំពុង​រង​គ្រោះ​ថ្នាក់
ត្រីបបែលយក្ស ដែលប្រជានេសាទចាប់បាននៅខេត្តស្ទឹងត្រែង។ រូបភាព៖ ឈុត ឈាណា / Wonders of the Mekong

ភ្នំពេញ៖ កម្ពុជាគ្រោងបញ្ចូលត្រីបបែលយក្សទឹកសាប និងត្រីប៉ាសាណាក ទៅ​ក្នុង​បញ្ជី «​​​ប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់» ​ដើម្បី​ទទួល​បានឯកសារច្បាប់រឹងមាំ ក្នុង​ការការពារ និងអភិរក្ស​ប្រភេទត្រីកម្រនេះ​ឱ្យមាននិរន្តរភាព។

TTN-Free-Banner-In-Article-PC

ត្រី​បបែល​យក្ស​ទឹក​សាប កំពុងរស់រាននៅក្នុងទន្លេមេគង្គប្រទេសកម្ពុជា នៅឡើយ​។ ក្នុង​នោះ មានមួយក្បាលឈ្មោះ «បូណ៌មី» ត្រូវបានគេបានចុះក្នុងកំណត់ត្រាពិភពលោក (Guinness World Records) ក្នុងឆ្នាំ២០២២ ជាត្រីទឹកសាបដែលធំជាងគេបំផុត មានទម្ងន់​រហូត​ដល់ ៣០០ គីឡូក្រាម។ ទោះបីវាស្ថិតក្នុងប្រភេទត្រីកម្រ និងធំជាងគេក៏ដោយ ប៉ុន្តែ​បបែលយក្ស មិនទាន់ត្រូវបានដាក់បញ្ចូល ​ក្នុងបញ្ជីប្រភេទធនធានជលផល កំពុងរង​គ្រោះ​ថ្នាក់​របស់ប្រទេសកម្ពុជា តាមរយៈអនុក្រឹត្យលេខ១២៣ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២​០០​៩ នៅឡើយទេ។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានប្រាប់សារ​ព័ត៌មានឌីជីថលថ្មីៗ នាថ្ងៃទី២០ ខែមីនា​ថា រដ្ឋបាលជលផល កំពុងរៀបចំឯកសារ ដើម្បី​ស្នើ​ទៅរាជរដ្ឋាភិបាល ក្នុងការដាក់បញ្ចូល​ត្រីបបែលយក្ស និងនិងត្រីប៉ាសាណាក ក្នុង «បញ្ជី​ប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់របស់កម្ពុជា»។ 

ការដាក់បញ្ចូលក្នុងបញ្ជីនេះ នឹងជួយបង្កើតជាឯកសារដ៏រឹងមំាំមួយ ក្នុងកិច្ចការការពារ និង​អភិរក្សប្រភេទត្រីកម្រនេះ ​ឱ្យមាននិរន្តរភាព តាមរយៈការ​​ដាក់ចេញវិធានការហាមឃាត់​មិន​ឱ្យបំផ្លាញទីជម្រក, ការនេសាទ, ការទិញ​ និងលក់ និងច្បាប់ពិន័យមួយចំនួនទៀត។

​ត្រីប៉ាសាណាក ទម្ងន់ ៦ គីឡូក្រាម ដែលអ្នកនេសាទចាប់បាន កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ ​ នៅក្នុងស្តុកទឹកវារីអគ្គិសនី ​សេសាន​២ ​ផ្នែក​ខាង​លើ​។ រូបភាព៖ ឈុត ឈាណា / Wonders of the Mekong

ក្រៅពីនេះ រដ្ឋបាលជលផល​ ក៏ដូចជាអង្គការដៃពាក់ព័ន្ធ ក៏គិតគូរពីគម្រោងបង្កើត​តំបន់​អភិរក្សត្រីបបែលយក្ស ឱ្យដូចទៅនឹងសត្វផ្សោត ដ្បិតនេះជាក្ដីសង្ឃឹម​នៃការស្ដារពួកវា​ឱ្យ​មាន​ចំនួនកាន់តែច្រើន។

លោក អ៊ុក វិបុល ប្រាប់ដូច្នេះថា៖ «បើសិនបញ្ចូលត្រីបបែលយក្ស ទៅក្នុងបញ្ជី​ប្រភេទ​ធន​ធាន​​ជល​ផល​កំពុង​រង​គ្រោះ​ថ្នាក់របស់ប្រទេសកម្ពុជា យើងនឹងមានលិខិតបទដ្ឋាន​តឹងរ៉ឹង​សម្រាប់ការអនុវត្តច្បាប់ ឬហាមឃាត់ការនេសាទ និងទិញលក់ផ្សេងៗបាន។ ប្រាកដ​ណាស់ យើងក៏នឹងមានគម្រោង បង្កើតតំបន់អភិរក្សត្រីបបែលយក្ស ឱ្យដូចទៅនឹង​សត្វ​ផ្សោតដែរ ដោយយើងរំពឹងថា អាចស្ដារសត្វកម្រនេះឡើងវិញ។»។ ​

ត្រីបបែលយក្សទឹកសាប មានឈ្មោះជាភាសាអង់គ្លេស Giant Freshwater Whipray (Stingray) និងឈ្មោះវិទ្យាសាស្ត្រ Urogymnus polylepis ត្រូវបានចុះក្នុងបញ្ជីក្រហម​របស់​អង្គការ IUCN ក្នុងឆ្នាំ២០២១ ជាប្រភេទជិតផុតពូជជាសកល។ បច្ចុប្បន្ន ត្រីបបែលយក្សនៅ​កម្ពុជា មានចំនួនតិចប៉ុណ្ណោះ ដែលភាគច្រើនបង្ហាញខ្លួនក្នុងទឹកជ្រៅៗ នៅខេត្តស្ទឹងត្រែង និងក្រចេះ។

អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ខេត្តស្តីពី«ការប្រមូលព័ត៌មានដើម្បីគាំទ្រការដាក់បញ្ចូលត្រីបបែលយក្សទឹកសាបក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់» ក្នុងខេត្តស្ទឹងត្រែងនិងក្រចេះ កាលពីថ្ងៃទី១៣ និង១៤ ខែមីនា។ រូបភាព៖ WCS Cambodia 

ចំណែក ត្រីប៉ាសាណាក (Aaptosyax grypus) គឺមានភាពខុសប្លែកពីត្រីដទៃ ព្រោះវារស់​នៅក្នុងអន្លង់ទឹកជ្រៅ នៃទឹកទន្លេមេគង្គផ្នែកខាងលើ​ ក្នុងភូមិសាស្រ្តខេត្តក្រចេះ និងស្ទឹង​ត្រែង​។ ត្រីប្រភេទនេះ គឺនិមិត្តរូបតំបន់មេគង្គនៅកម្ពុជា ហើយវាក៏ស្ថិតក្នុងចំណាត់ថ្នាក់​ប្រភេទត្រី «កំពុងរងគ្រោះថ្នាក់ឈានទៅវិនាសផុតពូជ» នៃបញ្ជីក្រហមរបស់សហភាព​អន្តរជាតិ​ សម្រាប់ការអភិរក្សធម្មជាតិ IUCN Red List ដែរ។ 

កាលពីថ្ងៃទី១៣ និង១៤ ខែមីនា អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានសហការ​ជាមួយរដ្ឋបាលជល រៀបចំសិក្ខាសាលាមួយ ដើម្បីប្រមូលធាតុចូលពាក់ព័ន្ធ​នឹងស្ថានភាព​ប្រជាសាស្ត្រ ប្រភេទទីជម្រក និងកត្តាគំរាម​កំហែង សម្រាប់គាំទ្រការដាក់​បញ្ចូលត្រី​បបែល​យក្សទឹកសាបក្នុង «បញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់របស់កម្ពុជា»។ 

សិក្ខាសាលានេះ មានអ្នកចូលរួមពីអ្នកជំនាញ មន្ត្រីក្រសួងសកិកម្ម និងរដ្ឋបាលជលផល អាជ្ញាធរពាក់ពន្ធ អង្គការដៃគូ និងសហគមន៍នេសាទ សរុបជាង ៥០នាក់៕

អត្ថបទទាក់ទង


អ្នកសរសេរអត្ថបទ

ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា