បច្ចេកវិទ្យាក្នុងការដាំដុះ៖ ការជំរុញវិស័យកសិកម្មឱ្យកាន់តែឆ្លាតវៃ និងងាយស្រួល
  • ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:២៩ នាទី ល្ងាច
បច្ចេកវិទ្យាក្នុងការដាំដុះ៖ ការជំរុញវិស័យកសិកម្មឱ្យកាន់តែឆ្លាតវៃ និងងាយស្រួល

វិស័យកសិកម្ម បានដើរតួនាទីដ៏សំខាន់ក្នុងការកំណត់ជោគវាសនារបស់ប្រទេសនីមួយៗ ព្រោះវាជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់សេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះ វិស័យកសិកម្ម បានផ្តល់ស្បៀងអាហារដល់ប្រជាជនរាប់លាននាក់ ដែលមានជីវិតនៅលើភពផែនដី។ នៅក្នុងសតវត្សរ៍ដែលចំនួនប្រជាជនកើនឡើងយ៉ាងរហ័ស ហើយតម្រូវការម្ហូបអាហារប្រកបដោយគុណភាពកាន់តែខ្ពស់ ការរួមចំណែករបស់បច្ចេកវិទ្យាឌីជីថល បានផ្លាស់ប្តូរយ៉ាងខ្លាំងលើរបៀបធ្វើកសិកម្ម។

ផ្តើមពីការធ្វើកសិកម្មដោយប្រើកម្លាំងពលកម្ម ហើយមានជំនួយពីកម្លាំងម៉ាស៊ីន ក្នុងពេលថ្មីៗនេះ គំនិតផ្តួចផ្តើមជាច្រើនពាក់ព័ន្ធនឹងការតភ្ជាប់អ៊ីនធឺណិត5G និងបញ្ញាសិប្បនិម្មិត ត្រូវបានដាក់ឱ្យអនុវត្តនៅក្នុងវិស័យកសិកម្ម។ បញ្ហាប្រឈមរបស់កសិករ ដែលមានចម្ការនៅតំបន់ដាច់ស្រយាល, ការត្រួតពិនិត្យការប្រមូលផល, ការមើលឧតុនិយម និងអាកាសធាតុ ឬវាយតម្លៃពីជំងឺឆ្លងផ្សេងៗ អាចនឹងត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ហើយថែមទាំងអាចជួយឱ្យវិស័យកសិកម្មងើបឡើងយ៉ាងរហ័ស ក្នុងបរិបទបម្រែបម្រួលអាកាសធាតុ។

ជាក់ស្តែង ភូមិមួយចំនួនដែលល្បីល្បាញខាងដាំដុះកាហ្វេនៅក្នុងខេត្ត Yunnan របស់ចិន ត្រូវបានគាំទ្រដោយអ៊ីនធឺណិត5G ប្រកបដោយគុណភាពខ្ពស់ និងស្ថិរភាព ដែលជួយដល់ច្រវាក់ផលិតកម្មកាហ្វេ និងអាចផ្សព្វផ្សាយពីចំណេះដឹងទេសចរណ៍កាហ្វេថែមទៀត។

ស្ថានីយអ៊ីនធឺណិត 5G ជាច្រើន ត្រូវបានដំឡើងដើម្បីគ្រប់ដណ្តប់សេវានៅតំបន់ខ្សោយអ៊ីនធឺណិត, គាំទ្រពាណិជ្ជកម្មអេឡិចត្រូនិច, ការលក់ផលិតផលតាមរយៈការផ្សាយផ្ទាល់ និងកម្មវិធីសុសវែរផ្សេងទៀត ដែលជួយដល់ការដាំដុះកាហ្វេ។ បច្ចេកវិទ្យាទាំងនោះ រួមមានការប្រមូលទិន្នន័យសំខាន់ៗភ្លាមៗដូចជាសីតុណ្ហភាព, សំណើម និងអាស៊ីតនៅក្នុងដី ដែលជួយដល់កសិករ និងអ្នកបច្ចេកទេស អាចផ្លាស់ប្តូររបៀបធ្វើកសិកម្ម និងកាត់បន្ថយការខាតបង់ឱ្យនៅទាបបំផុត។

លើសពីការដាំកាហ្វេដើម្បីបំពេញតម្រូវការទីផ្សារ ភូមិនៅក្នុងខេត្ត Yunnan បានទាក់ទាញភ្ញៀវទេសចរប្រមាណ ១២ម៉ឺននាក់ក្នុងមួយឆ្នាំ។ ភ្ញៀវទេសចរទាំងនោះ ចង់ដឹងពីរបៀប និងការប្រមូលផលផ្លែកាហ្វេ។ 

ចំណែកនៅតំបន់ផ្សេងទៀតរបស់ចិន ខេត្ត Guangdong បានផ្សព្វផ្សាយពីយុទ្ធនាការកសិកម្ម តាមរយៈអ៊ីនធឺណិត 5G ដូចជា ពិធីបុណ្យផ្សាយផ្ទាល់ផ្លែគូលែន តំបន់ Zengcheng (Zengcheng Lychee Live Streaming Festival)។ ក្រោមប្រធានបទ «ជំរុញបច្ចេកវិទ្យា5G សម្រាប់ផ្លែគូលែន» អ៊ីនធឺណិតមានល្បឿនដ៏រហ័ស ត្រូវបានផ្តល់ឱ្យអ្នកផ្សាយផ្ទាល់ និងអ្នកមានឥទ្ធិពល (Influencer) ក្នុងការបង្ហាញផ្លែគូលែនទៅកាន់ទីផ្សាររបស់ចិន។ 

ក្នុងកម្មវិធីបែបនេះ ក្រុមអ្នកផ្សាយផ្ទាល់ មានតម្រូវការខ្ពស់លើល្បឿនអ៊ីនធឺណិតសម្រាប់ការដាក់បញ្ចូលវីដេអូ, សមត្ថភាពគ្រប់គ្រងការបញ្ជូនទិន្នន័យដ៏ខ្លាំង និងកម្រិតវីដេអូកាន់តែច្បាស់ល្អ ដែលអាចផ្តល់បទពិសោធយ៉ាងរលូនសម្រាប់អ្នកទស្សនា។ ផ្អែកលើបច្ចេកវិទ្យាទាំងនេះ ក្របខណ្ឌមួយ បានលេចឡើង ដើម្បីគាំទ្រដល់គំនិតកសិកម្មវៃឆ្លាត និងភូមិឌីជីថល។

ជាប្រទេសស្ថិតនៅឆ្ងាយពីចិនរាប់ពាន់គីឡូម៉ែត្រ អេត្យូពីដែលស្ថិតនៅតំបន់អាហ្រ្វិក និងល្បីល្បាញលើផលិតផលកាហ្វេ បានប្រើប្រាស់បច្ចេកវិទ្យាសុសវែររបស់ក្រុមហ៊ុន Huawei ដើម្បីបង្កើនជាអតិបរមាលើការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព ក្នុងពេលផលិតផលកាហ្វេត្រូវបានដឹកចេញពីចម្ការដាច់ស្រយាលទៅទីក្រុងសម្រាប់ចែកចាយលក់។ 

បន្ថែមពីការធ្វើពាណិជ្ជកម្មបែបអេឡិចត្រូនិច ដើម្បីបង្កើតប្រព័ន្ធចរាចរណ៍ពឹងផ្អែកលើបញ្ញាសិប្បនិម្មិតនៅទូទាំងប្រទេស ការតាមដានរថយន្តក្នុងពេលជាក់ស្តែង, ការគ្រប់គ្រងបទល្មើសចរាចរណ៍ និងការជូនដំណឹងទាក់ទងព័ត៌មានចរាចរណ៍ រួមទាំង ការបង់ថ្លៃប្រេងរថយន្តដោយគ្មានសាច់ប្រាក់ និងលើសពីនេះ គឺត្រូវការបច្ចេកវិទ្យា 5G។

ជាកម្លាំងជំរុញសម្រាប់នវានុវត្តន៍ បច្ចេកវិទ្យា 5G និងបញ្ញាសិប្បនិម្មិត បានដើរតួនាទីដ៏សំខាន់ ក្នុងការកែលម្អក្នុងវិស័យកសិកម្ម។ ពីការតាមដានក្នុងពេលជាក់ស្តែងសសដល់ការធ្វើពាណិជ្ជកម្មបែបឌីជីថល និងពីការផ្សាយផ្ទាល់ដោយគ្មានភាពរអាក់រអួល ដល់ទេសចរណ៍កសិកម្ម បច្ចេកវិទ្យា 5G មានសក្តានុពលដ៏ច្រើន ដោយអមជាមួយគ្រឿងបរិក្ខារត្រឹមត្រូវ និងពេលវេលា៕


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ