- ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

លោក ហង់ជួន ណារ៉ុន រដ្ឋក្រសួងមន្ត្រីអប់រំ យុវជន និងកីឡា បានផ្តល់ប្រាក់រង្វាន់ លើក ទឹកចិត្តជាង ១,២លានដុល្លារ ដល់អត្តពលិកមកពី ១២សហព័ន្ធកីឡាជាតិសរុប ១៦៣នាក់ (កីឡាករ ៩៦នាក់ កីឡាការិនី ៦៧នាក់) និងគ្រូបង្វឹក គ្រូជំនួយ៥៣នាក់ ក្រោយដណ្តើម បានមេដាយពីការប្រកួតអន្តរជាតិ ទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ អាស៊ី និងកម្រិតពិភពលោក ចន្លោះឆ្នាំ២០២៣ និង ២០២៤។
ការប្រគល់ប្រាក់រង្វាន់ ធ្វើឡើងក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល កម្ពុជា ដល់អត្តពលិកទទួលជ័យលាភីមេដាយ មាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតកីឡាសកលវិទ្យាល័យអាស៊ីអាគ្នេយ៍លើកទី២១ កីឡាសិស្សមធ្យមអាស៊ីអាគ្នេយ៍លើកទី១៣ ព្រមទាំងជើងឯកកម្រិតអាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោក នាសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន ថ្ងៃទី១៩ ខែមីនា។
ឆ្នាំ២០២៣ និង២០២៤ អត្តពលិកទាំង១២ សហព័ន្ធកីឡាជាតិ រួមមាន ប៉េតង់, ការ៉ាត់តេដូ, ចំបាប់, កាយសម្ព័ន្ធ, ហែលទឹកពាក់ជើងទា, កាយវប្បកម្ម, គុនចម្រុះ, វូវីណាម, ជឺជិតស៊ូ, តេក្វាន់ដូ WT, តេក្វាន់ដូ ITF និងយូដូ ដណ្តើមមេដាយសរុប ១៦០ ក្នុងនោះមេដាយមាសចំនួន ៣១ ប្រាក់ ៤៩ និងសំរិទ្ធិ ៨០។
លោករដ្ឋមន្ត្រីអប់រំ បានកោតសរសើរយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមអត្តពលិក ប្រតិភូគ្រូបង្វឹក គ្រូជំនួយ ដែលជួយដណ្តើមបានមេដាយកម្រិតអន្តរជាតិនានា ដើម្បីបង្ហាញពីកេរ្តិ៍ឈ្មោះ របស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកឱ្យបានស្គាល់ និងលើកស្ទួយវិស័យកីឡាក្នុងប្រទេស។
លោក ហង់ជួន ណារ៉ុន បានតឿនរំឭក ដល់អត្តពលិក គ្រូបង្វឹក គ្រូជំនួយឱ្យចូលរួមខិតខំប្រឹងប្រែងហ្វឹកហាត់ កីឡាតាមប្រភេទរបស់ខ្លួន ឱ្យកាន់តែខ្លាំង ដើម្បីបន្តចូលរួមការប្រកួតប្រជែងដណ្តើមបានមេដាយ កាន់តែច្រើនជូនដល់ប្រទេសជាតិ។
រដ្ឋមន្ត្រីអប់រំ បានអំពាវនាវដល់ក្រុមគ្រូបង្វឹក ជំនួយ ឱ្យស្វះស្វែងរកថ្នាលយុវជនបន្តវេន ដើម្បីហ្វឹកហាត់ ត្រៀមលក្ខណៈ សម្រាប់ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ។
សូមជម្រាបថា ប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិកចំនួន ១៦៣រូប របស់ក្រសួងអប់រំ គឺគិតទៅតាមកម្រិតមេដាយ និងចំនួនដែលអត្តពលិកនីមួយៗដណ្តើមបាន។ តម្លៃប្រាក់រង្វាន់តាមកម្រិតមេដាយនីមួយៗ មិនត្រូវបានបញ្ជាក់ឡើយ ប៉ុន្តែប្រាក់រង្វាន់ដែលត្រូវប្រគល់ជូន គឺអាស្រ័យទៅតាមកម្រិតមេដាយនៃការប្រកួត ក្នុងកម្រិតតំបន់អាស៊ីអាគ្នេយ៍ កម្រិតអាស៊ី និងកម្រិតពិភពលោក៕