- ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ព្រឹក

ជប៉ុន បន្តផ្តល់ហិរញ្ញប្បទានឥតសំណងដែលទំហំជាង ១០លានដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន២ សំដៅចូលរួមដល់ការងារបោសសម្អាតមីន និងពង្រឹងសមត្ថភាពរបស់ CMAC។ ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ នៃហិរញ្ញប្បទាននេះ ធ្វើឡើងនៅថ្ងៃទី២០ ខែមីនា រវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ហិរញ្ញប្បទាន ជាង១០លានដុល្លារនោះ នឹងប្រើប្រាស់ក្នុងគម្រោងចំនួន ២ គឺទី១ សម្រាប់សម្រាប់គម្រោង ពង្រឹងសមត្ថភាពរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លើការហ្វឹកហ្វឺន ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដែលមានទឹកប្រាក់ចំនួន ១ ១៦៦ លានយ៉េន ឬប្រមាណ ៨,៣ លានដុល្លារ។
សកម្មភាពមួយទៀត មានទឹកប្រាក់ចំនួន ៣០០លានយ៉េន ឬ ប្រមាណ ២,១ លានដុល្លារ សម្រាប់គម្រោងសាងសង់អគារហ្វឹកហ្វឺន និងផ្សព្វផ្សាយអប់រំ នៃ CMAC។
ក្រសួងការបរទេសចាត់ទុកថា ហិរញ្ញប្បទានសម្រាប់គម្រោងទាំងពីរនេះ នឹងរួមចំណែកដល់យុទ្ធសាស្ត្រជាតិសកម្មភាពបោសសំអាតមីនរបស់កម្ពុជា ឆ្ពោះទៅសម្រេចបាននូវគោលដៅប្រទេសកម្ពុជាគ្មានមីន នៅឆ្នាំ២០៣០ ព្រមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការបន្តគាំទ្រដល់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅកម្ពុជា៕