- ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី ព្រឹក

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បញ្ជាឱ្យរៀបចំធ្វើជំរឿនមន្ត្រី ដើម្បីងាយស្រួលគ្រប់គ្រង ពិសេស ការផ្ទេរមន្ត្រីពីកន្លែងមួយទៅកន្លែងមួយទៀត។ ការបញ្ជាបែបនេះ ក៏ដោយសារសម្ដេច សង្កេតឃើញ មន្ត្រីខ្លះ ធ្វើការនៅស្ថាប័នផ្សេង ឯឈ្មោះនៅក្នុងបញ្ជីស្ថាប័នមួយទៀត។
ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមីនា ប្រមុខរាជរដ្ឋាភិបាល លើកឡើងពីការខកខានធ្វើជំរឿនមន្ត្រីអស់ពេលជាយូរមកហើយ។ ការមិនមានទិន្នន័យជាក់លាក់ពីចំនួនមន្ត្រី សម្ដេច ចាត់ទុកជាបញ្ហាធំ មិនអាចចាត់ចែងការងារឱ្យមន្ត្រី ត្រូវតាម តម្រូវការស្ថានភាពជាក់ឡើយ។
សម្រេច ហ៊ុន ម៉ាណែត បញ្ជាបែបនេះ៖ «សុំឱ្យធ្វើការជំនឿមន្រ្តី ហើយត្រូវរៀបចំប្រព័ន្ធឌីជីថលឱ្យច្បាស់ ព្រោះឥឡូវយើងមានលំៗ បានន័យថា ដល់ខែទម្លាក់(ប្រាក់បៀវត្ស) ATM ទៅឱ្យមែន ប៉ុន្តែយើងអត់ដឹងនរណានៅទីណាទេ»។
យ៉ាងណាក្ដី កិច្ចការនេះ នាយករដ្ឋមន្ត្រីណែនាំឱ្យរៀបចំធ្វើជាជំហានៗ នៅខាងមុខ។ ជាមួយគ្នាដែរ សម្ដេច ប្រាប់ឱ្យក្រសួងនីមួយៗ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ រៀបចំជំរឿនផ្ទៃក្នុងឱ្យរួចរាល់ ហើយត្រូវតែដឹងពីចំនួនមន្ត្រីក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
តាមរបាយការណ៍របស់ក្រសួងមុខងារសាធារណៈ គិតត្រឹម ខែមករា ឆ្នាំ២០២៥ នៅកម្ពុជា មានមន្រ្តីរាជការស៊ីវិលបម្រើការងារនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំនួនសរុប ២៣២ ០៣៤នាក់។ ក្នុងចំណោមមន្រ្តីរាជការស៊ីវិលជាង ២៣ម៉ឺននាក់នេះ មានមន្រ្តីនៅថ្នាក់ជាតិ ចំនួន ៥៤ ៥៨៥នាក់ និងថ្នាក់ក្រោមជាតិចំនួន ១៧៧ ៤៤៩នាក់៕