ភាពស្របច្បាប់នៃការចាប់ខ្លួនលោក ឌូទើតេ នៅតែត្រូវរង់ចាំការផ្ទៀងផ្ទាត់
  • ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៤ នាទី ព្រឹក
ភាពស្របច្បាប់នៃការចាប់ខ្លួនលោក ឌូទើតេ នៅតែត្រូវរង់ចាំការផ្ទៀងផ្ទាត់
អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព AFP

អតីតប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌូទើតេ នៅរសៀលថ្ងៃទី១៤ ខែមីនា (ម៉ោងនៅទីក្រុងឡាអេ ប្រទេសហូឡង់) បានចូលរួមសវនាការលើកដំបូងរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ តាមប្រព័ន្ធវីដេអូ។ ចាប់តាំងពីការចាប់ខ្លួននៅថ្ងៃទី១១ ខែមីនា ដល់ដំណើរការជំនុំជម្រះក្តីនៅថ្ងៃទី១៤ ខែមីនា ដំណើរការនីតិវិធីតុលាការទាំងមូលមាន​រយៈពេលត្រឹម​តែ ៤ ថ្ងៃ​ប៉ុណ្ណោះ ករណីនេះបានបង្ហាញពី "ប្រសិទ្ធភាពខ្ពស់" នៃការអនុវត្តច្បាប់របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ហ្វីលីពីន បានដកខ្លួនចេញពីស្ថាប័ននេះជាផ្លូវការ តាំងពីឆ្នាំ២០១៩មកម្ល៉េះ។

TTN-Free-Banner-In-Article-PC

បន្ទាប់ពីយន្តហោះដែលឃុំឃាំងលោក ឌូទើតេ បានហោះចេញពីទីក្រុងម៉ានីល  ប្រធានាធិបតី លោក Ferdinand Marcos Jr. បានទទូចនៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មានថា លោកកំពុងបំពេញការប្តេជ្ញាចិត្តរបស់ហ្វីលីពីន ចំពោះអង្គការប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ (Interpol) ដែលអង្គការនេះ បានចេញដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។ 

ប៉ុន្តែលោក Marcos Jr. បានប្រើប្រាស់ពាក្យពេចន៍មិនច្បាស់លាស់ អំពីកិច្ចការដែលលោកបានអនុវត្តដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ក៏ដោយសារតែប្រជាជនហ្វីលីពីនជាច្រើន មានការចោទសួរថា តើព្រំដែននៃយុត្តាធិការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ មានវិសាលភាពដល់កម្រិតណា ក្នុងករណីប្រទេសមួយ បានផ្តាច់ខ្លួនចេញពីយុត្តាធិការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនេះរួចហើយ។

ករណីដីកាចាប់ខ្លួននេះ ញ៉ាំងឱ្យយើង គិតដល់ដីកាចាប់ខ្លួន លោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីមុន ដែលបានចេញដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ប៉ុន្តែលោក ពូទីន មិនបានយកចិត្តទុកដាក់ ហើយបានទៅទស្សនកិច្ចនៅប្រទេសម៉ុងហ្គោលី ដែលជាប្រទេសសមាជិក នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ កាលពីឆ្នាំ២០២៤។ 



ក្រោយមក តុលាការព្រហ្មទណ្ឌអន្តរជាតិបានបញ្ជាក់ថា ប្រទេសម៉ុងហ្គោលីមានកាតព្វកិច្ចចាប់ខ្លួន លោក ពូទីន ហើយក្រសួងការបរទេសរបស់ប្រទេសអ៊ុយក្រែន ក៏បានជំរុញឱ្យប្រទេសម៉ុងហ្គោលីចាប់ខ្លួនលោក ពូទីន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ ក្នុងនាមជាប្រទេសភាគី នៃ《លក្ខន្តិកៈទីក្រុងរ៉ូម》តាមទ្រឹស្ដី ​ប្រទេសម៉ុងហ្គោលី ត្រូវអនុវត្តកាតព្វកិច្ចចាប់ខ្លួន តាមខចែងមាត្រា៥៩។ ជាលទ្ធផល ម៉ុងហ្គោលី បានបដិសេធមិនអនុវត្តដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិឡើយ។

ដីកាចាប់ខ្លួនទាំងពីរ មានលក្ខណៈ​ដូច​គ្នា ប៉ុន្តែ​មាន​លទ្ធផល​ខុស​គ្នា។ តើកត្តាអ្វីខ្លះដែលនាំឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ជួបប្រទះនឹងស្ថានភាពខុសគ្នាទាំងស្រុងនៅក្នុងករណីដែលមានលក្ខណៈសម្បត្តិស្រដៀងគ្នា? តើ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​មាន​តួនាទី​អ្វី​ខ្លះនៅ​ក្នុង​កិច្ចការ​អន្តរជាតិ​ ក្រោម​ឈ្មោះ​ដែលមើលទៅ​ហាក់​ដូច​ជាមានភាពអង់អាចសម្រាប់​បំភិតបំភ័យ?

យោងតាមមាត្រា១៣ នៃ《លក្ខន្តិកៈទីក្រុងរ៉ូម》 តុលាការឧក្រិដ្ឋកម្មអន្តរជាតិអាចអនុវត្តយុត្តាធិការក្នុងស្ថានភាពដូចខាងក្រោមៈ

១. ប្រទេសជាភាគីកិច្ចសន្យានៃ《លក្ខន្តិកៈទីក្រុងរ៉ូម》 ត្រូវបញ្ជូនស្ថានការណ៍ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីពិនិត្យផ្ទៀងផ្ទាត់។

២. ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបញ្ជូនសំណុំរឿងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីដំណើរការជំនុំជម្រះក្តី។

៣. រដ្ឋអាជ្ញា នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ស្ម័គ្រចិត្តស្នើឱ្យដំណើរការជំនុំជម្រះក្តីសំណុំរឿងនេះ។

ករណីនេះ​ធ្វើ​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់​ថា តើ​​ការ​ចាប់​ខ្លួន​លោក ឌូទើតេ បានធ្វើឡើងតាមបទ​ប្បញ្ញត្តិ​ខាង​លើ​មួយ​ណា?

ចំពោះភាពស្របច្បាប់ នៃការចាប់ខ្លួនលោក ឌូទើតេ នៅតែត្រូវរង់ចាំការស៊ើបអង្កេត។ ប៉ុន្តែ​ អ្វីដែលគួរ​ឲ្យប្រុងប្រយ័ត្ននោះគឺ​ថា លំនាំនៃ​ប្រតិបត្តិការ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ កំពុងតែបង្កើតឡើងនូវព្រឹត្តិការណ៍នាំមុខនៃ​គ្រោះថ្នាក់។ ចំពោះករណីលោក ឌូទើតេលើកនេះ បច្ច័យសំខាន់ គឺជាទង្វើជ្រៀតជ្រែកដល់អធិបតេយ្យភាពប្រព័ន្ធតុលាការប្រទេសដទៃរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ តាមរយៈយុត្តាធិការត្រលប់ថយក្រោយ។ បច្ច័យពិត គឺបង្កជាការបំផ្លិចបំផ្លាញជាលក្ខណៈប្រព័ន្ធដល់អធិបតេយ្យភាពប្រទេសដទៃ។ ប្រសិនបើ លំនាំនេះ ត្រូវបានគេយកតម្រាប់តាម នោះវានឹងបណ្តាលឱ្យកើតឡើងនូវអ្វីដែលហៅថា "អំណាចតុលាការអន្តរជាតិ" ស្ថិតនៅពីលើ អធិបតេយ្យភាពជាតិ ធ្វើឱ្យប្រព័ន្ធតុលាការអន្តរជាតិក្លាយជាឧបករណ៍ជ្រៀតជ្រែករបស់មហាអំណាចទាំងស្រុងតែម្តង ៕


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ