ជប៉ុន កក់កៅអី World Cup 2026 មុនគេប្រចាំតំបន់អាស៊ី
  • ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:១៩ នាទី ព្រឹក
ជប៉ុន កក់កៅអី World Cup 2026 មុនគេប្រចាំតំបន់អាស៊ី

ជប៉ុន ក្លាយជាក្រុមតំបន់អាស៊ីមុនគេកក់កៅអីទៅកាន់ការប្រកួត FIFA World Cup ឆ្នាំ ២០២៦។ ក្រុមរហស្សនាមសាម៉ូរ៉ៃ រកបាន១៩ពិន្ទុ នាមុខដាច់កំពូលតារាងពូល C ក្រោយបន្តឈ្នះបារ៉ែន ២-០ នៅជំនួបទី៧។ អូស្រ្តាលី និង អារ៉ាប៊ីសាអូឌីត កើនការប្រជែងគ្នាដណ្តើមលេខ២ ក្រោយរកបាន៣ពិន្ទុបន្ថែមរៀងខ្លួន ស្របពេល ឥណ្ឌូណេស៊ី បារ៉ែន និងចិន នៅតែមានឱកាសប្រជែងកៅអីទៅជុំទី៤ និងលេខ២ទោះឱកាសតិចតួច។

TTN-Free-Banner-In-Article-PC

ក្នុងជំនួបវគ្គសន្សំពិន្ទុពូល C វគ្គជម្រុះជុំទី៣ តំបន់អាស៊ី នៅថ្ងៃទី២០ ខែមីនា នៅកីឡដ្ឋាន Saitama ខ្សែបម្រើ Daichi Kamada និង​ Takefusa Kubo រកបានមួយគ្រាប់ម្នាក់ ជួយជប៉ុនឈ្នះ បារ៉ែន ២-០។ លទ្ធផលនេះមិនត្រឹមជួបក្រុមលោក Hajime Moriyasu រក្សាភាពមិនចាញ់សោះក្នុងការប្រកួត៧លើកប៉ុណ្ណោះ ប៉ុន្តែបានជួយជប៉ុន បានកៅអីវគ្គផ្តាច់ព្រ័ត្រកីឡាបាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ ដែលរៀងចំនៅ អាម៉េរិក កាណាដា និងម៉ិកស៊ិក។

ក្រុមរហស្សនាមសាម៉ូរ៉ៃ ឈ្នះ៦ និងស្មើ១លើក រកបាន១៩ពិន្ទុ​ នាំមុខដាច់កំពូលតារាង តាមពីក្រោយដោយអូស្រ្តាលី ដែលរកបាន១០ពិន្ទុ។ អូស្រ្តាលី កើន៣ពិន្ទុបន្ថែម ក្រោយឈ្នះឥណ្ឌូណេស៊ី ៥-១។

អារ៉ាប៊ីសាអូឌីត ឡើងទៅលេខ៣ ជំនួសឥណ្ឌូណេស៊ី ដោយរកបាន ៩ពិន្ទុ បន្ទាប់ពីយកឈ្នះចិន ១-០។ ក្រោយបន្តបរាជ័យ ចិនស្ថិតនៅបាតារាងដដែល ដោយមាន៦ពិន្ទុ ស្មើក្រុមលេខ៥ បារ៉ែន និងលេខ៤ ឥណ្ឌូណេស៊ី។

៥ក្រុម ចាប់ពីក្រុមលេខ២ ដល់លេខ៦ ក្នុងពូល C នេះ សុទ្ធតែនៅមានឱកាសប្រជែង១កៅអីស្វ័យប្រវត្តិទៅ World Cup 2026 និងកៅអីបន្តទៅជុះទី៤ តំបន់អាស៊ី ចំនួន២ ខណៈការប្រកួតនៅសល់៣លើកទៀត។

ក្នុងពូល B វិញ កូរ៉េខាងត្បូងនៅតែឈរកំពូលតារាងកើន១៥ពិន្ទុ ក្រោយស្មើអូម៉ង់ ១-១ នៅជំនួបទី៧។ ហ្ស៊កដានី ឡើងទៅលេខ២ ជំនួនអ៊ីរ៉ាក់ តាមរយៈការយកឈ្នះប៉ាឡេស្ទីន ៣-១។ អ៊ីរ៉ាក់ ដែលស្មើ គូវ៉ែត ២-២ ឈរលេខ៣ មាន១២ពិន្ទុ ស្មើ ហ្ស៊កដានី។

អូម៉ង់ ស្ថិតនៅលេខ៤ មាន៧ពិន្ទុ តាមពីក្រោយដោយកូវ៉ែតមាន៥ពិន្ទុ នៅលេខ៥ និងប៉ាឡេស្ទីន​ នៅបាតតារាងមាន៣ពិន្ទុ អស់ឱកាសប្រជែងកៅអីស្វ័យប្រវត្តិ។

អ៊ីរ់ង់ មានភាគរយខ្ពស់បំផុតក្នុងការប្រជែងកៅអីស្វ័យប្រវត្តិទៅកាន់ការប្រកួតបាល់ទាត់ពិភពះលោក ឆ្នាំ ២០២៦ ក្នុងវគ្គជម្រុះពូល A។ អ៊ីរ៉ង់ បន្តឈ្នះអេមីរ៉ាតអារ៉ាប់រួម ២-០ កើន១៩ពិន្ទុ ពីការប្រកួត៧លើក ឈរកំពូលតារាង និងមិនទាន់ស្គាល់ចាញ់ឡើយ។ អ៊ូសបេគីស្ថាន នៅលេខ២ មាន១៦ពិន្ទុ ក្រោយឈ្នះ កៀហ្ស៊ីស៊ីស្ថាន ១-០។ អេមីរ៉ាតអារ៉ាប់រួម ឈរលេខ៣ និងកាតាលេខ៤ មាន១០ពិន្ទុដូចគ្នា។ កៀហ្ស៊ីស៊ីស្ថាន ដែលមាន៣ពិន្ទុ និងកូរ៉េខាងជើង នៅបាតតារាងមាន២ពិន្ទុ អស់ឱកាសប្រជែងកៅអីស្វ័យប្រវត្តិ និងសល់ឱកាសតិចតួចសម្រាប់កៅអីបន្តទៅវគ្គជម្រុះជុំទី៤។

ការប្រកួតវគ្គសន្សំពិន្ទុតាមពូល ជុំទី៣តំបន់អាស៊ី នឹងបន្តប្រកួតលើកទី៨ នៅថ្ងៃទី២៥ ខែមីនា៕


អ្នកសរសេរអត្ថបទ

ទេព ពិទូរ្យ បានចាប់ផ្តើម​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ​ ជា​អ្នកបច្ចេកទេស​ចាប់ពី​ឆ្នាំ​២០១២​មក​។ ​​បច្ចុ​ប្បន្ន ពិទូរ្យ បាន​បន្ថែម​ជំនាញ​ជា​អ្នកសរសេរ​ព័ត៌មាន​កីឡា​អន្តរជាតិ​មួយទៀត​​។​ ពិទូរ្យ ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ស៊ី​តិក​។​ ​ ​​​

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព ពិទូរ្យ​​