សម្តេច ហ៊ុន ម៉ាណែត ទទូចឱ្យឪពុកម្តាយ និងគ្រូៗ បន្តរួមគ្នា​ពង្រឹងវិន័យ​ បង្កើនគុណតម្លៃ សីលធម៌កូនចៅ
  • ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៤៩ នាទី ព្រឹក
សម្តេច ហ៊ុន ម៉ាណែត ទទូចឱ្យឪពុកម្តាយ និងគ្រូៗ បន្តរួមគ្នា​ពង្រឹងវិន័យ​ បង្កើនគុណតម្លៃ សីលធម៌កូនចៅ

ឪពុកម្តាយ អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ ដើរតួនាទីសំខាន់ណាស់នៅក្នុងការអប់រំកូនចៅ សិស្សានុសិស្ស ឱ្យក្លាយជាធនធានមនុស្សដែលមានចំណេះដឹង មានសមត្ថភាព អមដោយសីលធម៌ និងមានវិន័យ។ សម្តេច ហ៊ុន ម៉ាណែត លើកឡើងដូច្នេះ នៅក្នុងពិធីសម្ពោធ​អគារសិក្សា និងសមិទ្ធផលនានា ក្នុង​វិទ្យាល័យ ហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី២១ ខែមីនា។

TTN-Free-Banner-In-Article-PC

នៅក្នុងវេទិកានេះ ប្រមុខរាជរដ្ឋាភិបាល បានទទូចឱ្យឪពុកម្តាយ និងលោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទី២ បន្តសហការ និងទុកចិត្តគ្នា ដើម្បីធ្វើយ៉ាងណាជួយបណ្តុះបណ្តាល និងអប់រំកូនចៅឱ្យបានល្អ។ 

សម្តេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ៖«កន្លែងខ្លះបើសិនជាឪពុកម្តាយចូលរួម គាំទ្រ មិនត្រឹមតែវិន័យ សណ្តាប់ធ្នាប់ បើសិនជាលោកគ្រូ អ្នកគ្រូ ចង់ពង្រឹងវិន័យ ឪពុកម្តាយ អត់ដេញកូនឱ្យមករៀន ឱ្យទាន់ម៉ោងក៏ពិបាក​។ បើសិនជាលោកគ្រូ អ្នកគ្រូ បង្រៀនតែនៅសាលា ដល់ផ្ទះ បង្រៀនអនាម័យនៅសាលា ទៅដល់ផ្ទះ ឪពុកម្តាយ អត់ជួយត្រួតពិនិត្យមើល នេះហើយជាការអប់រំ លត់ដំ។»។

ក្រៅពីជំរុញការចូលរួមទាំងអស់គ្នារវាងឪពុកម្តាយ និងគ្រូៗ ការចូលរួមពីសហគមន៍ និងបុគ្គលផ្ទាល់ ក៏ជារឿងដ៏ចាំបាច់ដែរ។ សម្តេចនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យសិស្សានុសិស្ស ខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ និងចៀសឆ្ងាយពីគ្រឿងញៀន។ «សិទ្ធិសេរីភាពយើងមាន ប៉ុន្តែកុំឱ្យធ្វើអ្វីមួយ ភ្លេចនូវអនាគតរបស់ខ្លួន។ ធ្វើទៅ លេងទៅ តែកុំឱ្យចោលម៉ោងសិក្សា។ ធ្វើទៅ កុំឱ្យតែប៉ះពាល់ខ្លួនឯង ប៉ះពាល់សង្គម គ្រឿងញៀនអីនោះកុំទៅធ្វើ។ ធ្វើទៅ កុំឱ្យប៉ះពាល់គេ កុំយកដាវសាម៉ូរ៉ៃមកអួតសំញែងគេ មិនបាច់ទេ។ វាធ្វើឱ្យវេទនាឪពុកម្តាយ វេទនាខ្លួនឯង។»។ ប្រមុខរាជរដ្ឋាភិបាលបន្ថែមដូច្នេះ ដោយបន្ថែមថា រដ្ឋាភិបាល ក៏នឹងបន្តជ្រោមជ្រែងវិស័យអប់រំ តាមរយៈការវិនិយោគបន្ថែម និងបន្តសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរ៕ 


អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា