សម្តេច ហ៊ុន សែន ចង់ឱ្យសមាជិកព្រឹទ្ធសភាមានគណនេយ្យភាពជាមួយអង្គបោះឆ្នោត
  • ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៤៥ នាទី ព្រឹក
សម្តេច ហ៊ុន សែន ចង់ឱ្យសមាជិកព្រឹទ្ធសភាមានគណនេយ្យភាពជាមួយអង្គបោះឆ្នោត

នាពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២១ ខែមីនា នេះ សម្តេច ហ៊ុន សែន បានស្នើឱ្យបន្តអនុវត្តការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រតាមខេត្ត។ ជាមួយគ្នា សម្តេចក៏ឱ្យពិចារណាសិក្សាផ្លាស់ប្តូរពីការបោះឆ្នោតតាមភូមិភាគទៅជាមណ្ឌលសម្រាប់សមាជិកព្រឹទ្ធសភាផងដែរ។
TTN-Free-Banner-In-Article-PC


«យើងក៏ត្រូវសិក្សាពីអាហ្នឹងដែរ កែប្រព័ន្ធ ដើម្បីឱ្យសមាជិកព្រឹទ្ធសភាមួយៗ មានគណនេយ្យភាពជាមួយអង្គបោះឆ្នោត»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋស្តីទី ដោយចង់ឱ្យមានការសមាជិកសភាជាន់ខ្ពស់មានគណនេយ្យភាពជាមួយអង្គបោះឆ្នោតដូចសភាជាន់ទាប។

សម្តេច ហ៊ុន សែន បានលើកឡើងថា៖ «ពេលខ្ញុំទៅព្រឹទ្ធសភា បានខ្ញុំដឹងថា សមាជិកព្រឹទ្ធសភា មិនដឹងថា អ្នកណាចុះទៅទីណាទេ»។ ត្រង់នេះ សម្តេចលើកឡើងពីភាពមិនច្បាស់លាស់ទាក់ទងនឹងការចុះមូលដ្ឋាន ដោយសារភូមិភាគនីមួយៗ មានខេត្តច្រើន។

សម្តេចពិចារណាឱ្យមានការរៀបចំជាមណ្ឌល ជាពិសេសងាយស្រួលតាមដានសមាជិកព្រឹទ្ធសភាដោយបន្ថែមថា៖ «បើមិនអ៊ីចឹងទេ អង្គុយស៊ីប្រាក់ខែនៅហ្នឹង អត់មានទៅជួប ជួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើផ្លូវ ធ្វើទំនប់ជួយបូមទឹកឡើយ»។

ព្រឹទ្ធសភាបច្ចុប្បន្នស្ថិតក្នុងអាណត្តិទី៥ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន មាន៦២រូប។ សមាជិក ៥៨រូបត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតអសកល ដោយ៥៥រូបពីគណបក្សប្រជាជនកម្ពុជា និង៣រូបពីគណបក្សឆន្ទៈខ្មែរ។ សមាជិក២រូប ត្រូវបានជ្រើសរើសដោយព្រះមហាក្សត្រ និង២រូបទៀតដោយរដ្ឋសភា។

ការបោះឆ្នោតព្រឹទ្ធសភាគឺបេក្ខជនប្រជែងសម្រាប់អាសនៈប្រចាំភូមិភាគ។ ភូមិភាគទី១ គឺរាជធានីភ្នំពេញ, ភូមិភាគទី២ មានខេត្តកំពង់ចាម និងត្បូងឃ្មុំ, ភូមិភាគទី៣ មានខេត្តកណ្តាល, ភូមិភាគទី៤ មាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងប៉ៃលិន, ភូមិភាគទី៥ មានខេត្តតាកែវ កំពត និងកែប, ភូមិភាគទី៦ មានខេត្តព្រៃវែង និងស្វាយរៀង, ភូមិភាគទី៧ មានខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងព្រះសីហនុ, ភូមិភាគទី៨ មានខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី៕
 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ