- ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ២:៣០ នាទី រសៀល

សៀមរាប៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសផ្តល់ជូនសេវាអ៊ិនធឺណិត ឬ WiFi ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា សម្រាប់សាធារណជនដែលទៅទស្សនា ព្រឹត្តិការណ៍សមរាត្រី។
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានបង្ហោះក្នុងបណ្ដាញសង្គម ហ្វេសប៊ុករបស់លោក ដោយលើកឡើងពីភាពអស្ចារ្យនៃព្រឹត្តិការណ៍សមរាត្រីនៅអង្គរវត្ត។ ដើម្បីអបអរព្រឹត្តិការណ៍នេះ ក្រសួងបានផ្តល់ជូនសេវាអ៊ិនធឺណិត ឱ្យសាធារណជនប្រើប្រាស់ ដោយឥតគិតថ្លៃ នៅតាមទីតាំងមួយចំនួននៅតំបន់អង្គរ ផ្សាររាត្រី និងទីប្រជុំជនផ្សេងទៀតក្នុងខេត្តសៀមរាប។
ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប លោក សុខ សីហា បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗបន្ថែមថា ក្រុមការងាររបស់ក្រសួងបានដំឡើងឧបករណ៍៦ទីតាំង ក្នុងបរិវេណប្រាសាទអង្គរវត្ត នៅថ្ងៃទី២០ ខែមីនា។ ដោយឃើញថា នៅថ្ងៃទី២១ ខែមីនានេះ មានអ្នកទេសចរយ៉ាងច្រើនកុះករ មកទស្សនាព្រឹត្តិការណ៍សមរាត្រី ក្រសួងប្រៃសណីយ៍ បានដំឡើងឧបករណ៍ភ្ជាប់ WiFi ៤ ទីតាំងបន្ថែមទៀត សរុបចំនួន១០កន្លែង។ ការបន្ថែមទីតាំងភ្ជាប់អ៊ីនធឺណិតសាធារណៈនេះ គឺដើម្បីសម្រួលដល់សាធារណជន ពិសេសភ្ញៀវទេសចរ ដែលចូលចិត្តផ្តិតរូបភាព និងវីដេអូ ក្នុងព្រឹត្តិការណ៍សមរាត្រី អាចបង្ហោះភ្លាមៗនៅនឹងកន្លែង។
សូមបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដំឡើងសេវាអ៊ិនធឺណិតនៅតំបន់អង្គរ និងក្រុងសៀមរាប សរុប១៦ទីតាំង ដោយដាក់ជាអចិន្រ្តៃយ៍ ចាប់ពីឆ្នាំ២០២៣មក ក្នុងន័យសម្រួលសេវាអ៊ិនធឺណិតដល់ភ្ញៀវទេសចរ អំឡុងពេលមកកម្សាន្តនៅខេត្តសៀមរាប។
សាធារណជនជាតិ និងអន្តរជាតិ អាចស្វែងរកសេវា Public Wifi by MPTC តាមរយៈ https://mptc.gov.kh/public-wifi/ ឬស្កេន QR Code ដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដើម្បីភ្ជាប់ការប្រើប្រាស់នេះ៕