- ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៣:៤១ នាទី រសៀល

Guo Jiaxuan ខ្សែការពារដ៏មានទេពកោសល្យរបស់ក្រុមកីឡាបាល់ទាត់យុវជនចិន និងក្លិប Beijing Guoan បានទទួលមរណភាពនៅវ័យ១៨ឆ្នាំ ដោយសាររបួសក្បាលអំឡុងការប្រកួតហ្វឹកហាត់ទឹកដីអេស្ប៉ាញ។
កាសែត South China Morning Post ផ្សារយថាកីឡាករ U19 របស់ក្រុម Beijing Guoan បានស្លាប់នៅថ្ងៃទី១៩ ខែមីនា ពោលគឺមុនមួយថ្ងៃខួបកំណើតឈានដល់វ័យ ១៩ឆ្នាំ របស់គេ។ Guo បានសន្លប់ក្រោយរងរបួសក្បាលធ្ងន់ធ្ងរនៅថ្ងៃទី៦ ខែកុម្ភៈ អំឡុងពេលការប្រកួតហ្វឹកហាត់ទល់នឹងក្រុម RC Alcobendas ក្នុងប្រទេសអេស្ប៉ាញ។
បើតាមការលើកឡើងរបស់សមាគមបាល់ទាត់ប៉េកាំង (BFA) បុគ្គលិកពេទ្យបានផ្តល់ការថែទាំជាបន្ទាន់នៅកន្លែងកើតហេតុ មុនពេល Guo ត្រូវបានបញ្ជូនតាមយន្តហោះទៅកាន់មន្ទីរពេទ្យវះកាត់សរសៃប្រសាទ ជាកន្លែងដែលរូបគេត្រូវបានប្រកាសថា «ខួរក្បាលលែងដំណើរការ។ ទោះបីជាមានការប្រឹងប្រែងជួយសង្គ្រោះរូបគេរយៈពេលជាងមួយខែក៏ដោយ ក៏ Guo មិនអាចគេចផុតពីការស្លាប់នៅមន្ទីរពេទ្យ Beijing Tiantan ក្រុងប៉េកាំង។
ជុំវិញមរណភាពនេះ ក្រុមគ្រួសារខ្សែការពារវ័យក្មេងរូបនេះ បានទាមទារឱ្យអ្នកពាក់ព័ន្ធពិនិត្យមើលលើវីដេអូការប្រកួតឡើងវិញ និងផ្តល់ព័ត៌មានវេជ្ជសាស្ត្រផ្សេងៗ។ ក្រុមគ្រួសារ Guo ចោទអាជ្ញាធរកីឡាចិន មិនទាន់បានដោះស្រាយឱ្យបានគ្រប់ជ្រុងជ្រោយនៅឡើយទេ ខណៈឪពុកម្តាយរបស់គេដើមឡើយចង់យកកូនខ្លួនទៅព្យាបាលដោយផ្ទាល់ ប៉ុន្តែក្លិប Beijing Guoan មិនយល់ព្រម។
Guo ត្រូវបានកោះហៅចូលក្រុម U17 របស់ជម្រើសជាតិចិន កាលពីឆ្នាំ ២០២៣ និងធ្លាប់បង្ហាញខ្លួនឱ្យក្រុមយុវជន Bayern Munich ផងដែរ។ ខ្សែការពាររូបនេះ ត្រូវបានគេចាត់ទុកថាជាតារាដែលកំពុងរះក្នុងវិស័យបាល់ទាត់ចិន។
ក្លិបយក្សអាល្លឺម៉ង់ Bayern Munich ក៏បានផ្ញើរសាររំលែកទុក្ខចំពោះមរណភាព Guo និងចាត់ទុកនេះជាការបាត់បង់ធនធានកីឡាករមានទេពកោសល្យលម្នាក់ផងដែរ៕