- ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៤:២២ នាទី រសៀល

ភ្នំពេញ៖ មិនដល់៥ឆ្នាំទៀតទេ កម្ពុជា នឹងក្លាយប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយឈានទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប៉ុន្តែ បើផ្អែកតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា បច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជា គឺនៅតែពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាម៉េរិករហូតដល់ជាង៨០ភាគរយ ខណៈទំហំប្រាក់រៀលចរាចរនៅក្នុងសេដ្ឋកិច្ចជាតិ មានត្រឹម១៥-២០ភាគរយ។ ប្រសិនបើ ការប្រើប្រាស់ប្រាក់ដុល្លារនៅតែបន្តមានភាពទូលំទូលាយបែបនេះទៀត នោះវានឹងប៉ះពាល់ខ្លាំងដល់លូតលាស់សេដ្ឋកិច្ចកម្ពុជា។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីសារៈសំខាន់ប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចជាតិ នៅវិមានសភា នាថ្ងៃទី២០ ខែមីនា ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានបញ្ជាក់ថា ការប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិកយ៉ាងទូលំទូលាយដូចបច្ចុប្បន្ននេះ គឺពិតជានាំឱ្យកម្ពុជាងាយរងគ្រោះ។ ជាពិសេសនៅក្នុងពេលដែលមានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ពេលមានភាពមិនប្រាកដប្រជានៃនយោបាយសហរដ្ឋអាម៉េរិក, ការបែកខ្ញែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច, និន្នាការសមាហរណកម្មតំបន់ និងនិន្នាការបដិដុល្លារូបនីយកម្មក្នុងពិភពលោក។
ឆ្លងកាត់នូវវិបត្តិកូវីដ-១៩ នាពេលកន្លងមក បានបង្ហាញថា កម្ពុជា គឺមិនមានលទ្ធភាពអនុវត្តនយោបាយរូបិយវត្ថុបានពេញលេញ និងមិនមានប្រសិទ្ធភាពក្នុងការរួមចំណែកកាត់បន្ថយអត្រាការ និងបញ្ចេញសន្ទនីយភាពច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឡើងវិញបានទេ។ បើតាមលោកស្រី ជា សិរី បញ្ហានេះ គឺដោយសារតែនយោបាយរូបិយវត្ថុរបស់ធនាគារជាតិ មានឥទ្ធិពលតែទៅលើប្រាក់រៀលប៉ុណ្ណោះ ហើយក្នុងស្ថានភាពដុល្លារូបនីយកម្មនៅកម្ពុជាមានកម្រិតខ្ពស់, ឥទ្ធិពលនេះ ត្រូវបានដាក់កំហិតដោយនយោបាយរបស់សហរដ្ឋអាម៉េរិក។
« ជាក់ស្តែង ធនាគារជាតិនៃកម្ពុជា មិនអាចបន្ថយអត្រាការប្រាក់ជាដុល្លារអាម៉េរិកបានឡើយ ល្គឹកណាអត្រាការប្រាក់របស់សហរដ្ឋអាម៉េរិកមានកម្រិតខ្ពស់»។ នេះជាការលើកឡើងរបស់លោកស្រី ជា សិរី ដែលនាពេលចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជា បានរងគ្រោះពីការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិកដែរ ដោយសារតែកម្ពុជាចាយលុយដុល្លារច្រើន។
លោកស្រីទេសាភិបាលធនាគារជាតិបន្តពន្យល់ថា ៖ « អាម៉េរិក គេឡើងថ្លៃលុយនៅស្រុកគេ គឺដើម្បីកាត់បន្ថយអតិផរណា។ ដល់យើងខ្មែរនេះលុយដុល្លារក៏ឡើងថ្លៃដែរ ខណៈយើងចង់ឱ្យលុយថោក ព្រោះតែស្រុកយើងទើបងើបចេញពីកូវីដ-១៩ យើងចង់ជំរុញកំណើនសេដ្ឋកិច្ច។ […] នេះជាឧបសគ្គ! កាលណាសេដ្ឋកិច្ចល្អ ចេះតែទៅមុខទៅ លុយដុល្លារក៏ចេះតែស្រួលដែរ។ ថ្លៃ១ដុល្លារ ៤០៥០រៀល ប៉ុន្តែ ដល់ពេលសេដ្ឋកិច្ច ធា្លក់ចុះ! អាហ្នឹង បានយើងដឹងថា យើងក្លាយជាចំណាប់ខ្មាំងរបស់អាម៉េរិក ពីព្រោះយើងចាយលុយអាម៉េរិក»។
ដើម្បីចាកចេញពីឥទ្ធិពលសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ប្រជាពលរដ្ឋគ្រប់រូប គួរគម្បីងាកប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើន ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស គឺជួយធនាគារជាតិនៃកម្ពុជា ឱ្យមានលទ្ធភាពកាន់តែពេញក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុ ខណៈ២ទសវត្សរ៍ចុងក្រោយនេះ ប្រាក់រៀលរបស់កម្ពុជា គឺមានស្ថិរភាពល្អដោយរក្សាបានតម្លៃលើទីផ្សារក្នុងរង្វង់ ៤១០០រៀលក្នុង១ដុល្លារអាម៉េរិក។ ចូលដល់ឆ្នាំ២០២៥នេះ ស្ថានភាពប្រាក់រៀលកាន់តែល្អ ដែលមានតម្លៃពី៤០០០-៤០៤០រៀលក្នុងមួយដុល្លារ។ ការចូលរួមពីគ្រប់ក្រសួង-ស្ថាប័នសាធារណៈ និងវិស័យឯកជន នឹងប្រែក្លាយប្រាក់រៀល ទៅជារូបិយវត្ថុចម្បងនៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងវិស័យទាំងអស់ ក៏ព្រោះការប្រើប្រាស់រូបិយវត្ថុជាតិ គឺអាចជួយកាត់បន្ថយប៉ះពាល់ពីកត្តាខាងក្រៅ ហើយនឹងធ្វើឱ្យកម្ពុជាមានឯករាជ្យភាពផ្នែកសេដ្ឋកិច្ចកាន់តែខ្ពស់ និងល្អប្រសើរ៕