- ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៤:៤៩ នាទី រសៀល

រដ្ឋសភាឡាវ នៅថ្ងៃទី២០ ខែមីនា បានអនុម័តជាឯកច្ឆន្ទ លើការច្របាច់ក្រសួងចំនួន ៤ ជាមួយនាយកដ្ឋានផ្សេង និងបង្រួមរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាប្រសិទ្ធភាពការងារសាធារណៈ។ ការបង្រួមក្រសួងអាចរួចរាល់ នៅត្រឹមខែឧសភាខាងមុខ។
តាមសំណើរបស់ប្រមុខរដ្ឋាភិបាលឡាវ លោក សុនសៃ ស៊ីផានដន ក្នុងអំឡុងកិច្ចប្រជុំរដ្ឋសភាវិសាមញ្ញលើកទីពីរ សមាជិករដ្ឋសភាប្រមាណ ១៥៦អាសនៈ បានបោះឆ្នោតជាឯកច្ឆន្ទ គាំទ្រលើការកាត់បន្ថយក្រសួង និងរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ដើម្បីប្រសិទ្ធភាពការងារ។
«សមាជិករដ្ឋសភាទាំងអស់ គាំទ្រការបង្រួមរចនាសម្ព័ន្ធរដ្ឋបាល ដោយអះអាងថា វាពិតជាសំខាន់ ដើម្បីរៀបចំប្រព័ន្ធរដ្ឋបាល និងធានាការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព»។ សារព័ត៌មាន Vientiane Times បានចុះផ្សាយបែបនេះ នៅថ្ងៃទី២០ ខែមីនា ដោយបន្ថែមថា ឡាវ កាត់បន្ថយក្រសួងពី ១៧ ទៅចំនួន ១៤ក្រសួង។
ក្នុងការច្របាច់បញ្ចូលគ្នានេះ ក្រសួងផែនការ និងវិនិយោគ ត្រូវដាក់ក្រោមក្រសួងហិរញ្ញវត្ថុ ហើយក្រសួងថាមពល និងរ៉ែ ដាក់នៅក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម។ ចំណែកក្រសួងធនធានធម្មជាតិ និងបរិស្ថាន ត្រូវច្របាច់បញ្ចូលគ្នាជាមួយក្រសួងកសិកម្ម និងព្រៃឈើ ដោយប្តូរឈ្មោះជាក្រសួងកសិកម្ម និងបរិស្ថាន។
ដោយឡែក ក្រសួងមហាផ្ទៃ ត្រូវដាក់នៅក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការអង្គការ និងបុគ្គលិកនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ។ មុខងារដូចជាអភិបាលកិច្ច, ព្រំដែន និងបទប្បញ្ញត្តិសាសនា ដែលធ្លាប់ស្ថិតនៅក្រោមក្រសួងមហាផ្ទៃ ត្រូវផ្ទេរទៅការិយាល័យនាយករដ្ឋមន្រ្តីវិញ។
ក្រសួងដែលនៅសល់ចំនួន ១៤របស់ឡាវមានដូចជា ក្រសួងកសិកម្ម និងបរិស្ថាន, ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម, ក្រសួងហិរញ្ញវត្ថុ, ក្រសួងអប់រំ និងកីឡា, ក្រសួងការបរទេស, ក្រសួងវប្បធម៌ និងទេសចរណ៍, ក្រសួងយុត្តិធម៌, ក្រសួងការងារ និងសុខមាលភាពសង្គម, ក្រសួងការពារជាតិ, ក្រសួងដឹកជញ្ជូន និងការងារសាធារណៈ, ក្រសួងសន្តិសុខសាធារណៈ, ក្រសួងសុខាភិបាល និងក្រសួងបច្ចេកវិទ្យា និងទំនាក់ទំនង។
តាមការបញ្ជាក់របស់លេខាធិការរដ្ឋសភា លោកស្រី Amphayvone Lombounpheng នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២០ ខែមីនា ការច្របាច់ក្រសួងបញ្ចូលគ្នានេះ ត្រូវតែសម្រេចឱ្យបាននៅត្រឹមខែឧសភា។
ការច្របាច់បញ្ចូលគ្នានេះ ក៏មានទាំងរដ្ឋបាលថ្នាក់តំបន់ផងដែរ។ សេចក្តីសម្រេចរបស់សភា បានបញ្ជា អាជ្ញាធរថ្នាក់ស្រុក និងខេត្ត បង្រួមស្ថាប័ន និងរចនាសម្ព័ន្ធរបស់ខ្លួន ដោយស្របទៅតាមក្រសួងសាមី។
ទន្ទឹមនេះ រដ្ឋសភាឡាវ បានធ្វើវិសោធនកម្មច្បាប់មន្រ្តីស៊ីវិលផងដែរ ដោយកាត់បន្ថយអាយុចូលនិវត្តន៍ពី ៦៥ឆ្នាំ មក៦០ឆ្នាំ ហើយបង្កើតអាយុអតិបរិមា ក្នុងការចូលធ្វើការងាររដ្ឋដល់អាយុ ៤០ឆ្នាំ៕