សម្តេច ហ៊ុន ម៉ាណែត បកស្រាយការយល់ច្រឡំ ជុំវិញរយៈពេលសិក្សា យក​«វេជ្ជបណ្ឌិត​ឯក​ទេស»
  • ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:២៤ នាទី ល្ងាច
សម្តេច ហ៊ុន ម៉ាណែត បកស្រាយការយល់ច្រឡំ ជុំវិញរយៈពេលសិក្សា យក​«វេជ្ជបណ្ឌិត​ឯក​ទេស»

សម្តេច ហ៊ុន ម៉ាណែត បានបំភ្លឺការយល់ច្រឡំរបស់មានសារព័ត៌មាន និងសាធារណជន​មួយចំនួនវិញរយៈពេលសិក្សា ដើម្បីទទួលបាន«វេជ្ជបណ្ឌិតឯកទេស (DES)» ដែលថា សម្តេច សម្រេចឱ្យប្រើរូបមន្តរៀនត្រឹមតែ៦ឆ្នាំ កុំឱ្យរៀន៨ឆ្នាំនោះ។ រឿងហ្នឹងខុសហើយ! សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ដូច្នេះនៅក្នុងពិធីសម្ពោធ​អគារសិក្សា និងសមិទ្ធផលនានា ក្នុង​​វិទ្យាល័យ ហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី២១ ខែមីនា។

TTN-Free-Banner-In-Article-PC

មុននឹងបកស្រាយពីករណីរៀន ៦ ឬ៨ឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាល បានពន្យល់ឡើងវិញ ពី​រយៈ​ពេលនៃការសិក្សារបស់វេជ្ជបណ្ឌិតទូទៅ និងវេជ្ជបណ្ឌិតឯកទេស និងការកែទម្រង់​មួយ​ចំនួន ក្នុងក្របខណ្ឌសិក្សាធ្វើជាវេជ្ជបណ្ឌិត​ នៅក្នុង​ប្រទេសកម្ពុជា។ 

ពីមុន សម្រាប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតទូទៅ (General) គឺតម្រូវឱ្យនិស្សិតរៀនរយៈពេល ៨​ឆ្នាំ ដោយក្នុងនោះ ៦ឆ្នាំ គឺសិក្សាទ្រឹស្តី និងពិសោធន៍សុទ្ធសាធនៅក្នុងថ្នាក់រៀន និង២ឆ្នាំទៀត គឺជាឆ្នាំដែលនិស្សិតរៀនផង និងចុះធ្វើកម្មសិក្សាផ្ទាល់នៅតាមបណ្តាមូលដ្ឋានសុខាភិបាល​ផង។ ចំណែក​ឯ វេជ្ជបណ្ឌិតឯកទេ (DES) គឺនិស្សិតដែលបញ្ចប់ការសិក្សា ៨ឆ្នាំ (ទាំងរៀន និងកម្មសិក្សា) ហើយគឺត្រូវប្រឡងដើម្បីរៀន​យកឯកទេស រយៈពេល៤ឆ្នាំបន្ថែម​។ បញ្ចប់ការសិក្សារយៈពេល១២ឆ្នាំនេះ គឺពួកគេនឹងទទួលបានសញ្ញាបត្រ២ គឺវេជ្ជបណ្ឌិតទូទៅផង និងវេជ្ជបណ្ឌិតឯកទេសផង។ 

ប៉ុន្តែក្រោយមក ក៏មានការផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់និស្សិតដែលចង់រៀនយកវេជ្ជបណ្ឌិត មកត្រឹមតែ ១០ឆ្នាំប៉ុណ្ណោះ។ មានន័យថា ពួកគាត់មិនបាច់ឆ្លងកាត់ការសិក្សា ២ឆ្នាំ ដែលរៀនក្នុងថ្នាក់ផង និងចុះកម្មសិក្សាផងនោះទេ។ 

បញ្ហាគឺនៅត្រង់នេះ! ដោយក្រសួងសុខាភិបាល បានវាយតម្លៃឃើញថា រវាងជំនាន់ពេទ្យឯក​ទេសដែលរៀនរយៈពេល ១២ឆ្នាំ និងអ្នករៀន​ត្រឹម១០​ឆ្នាំ គឺវេជ្ជបណ្ឌិតដែលរៀន ១០ឆ្នាំ ខ្វះពិសោធន៍ និងមូលដ្ឋាននៃការវាយតម្លៃរោគសញ្ញាជំងឺទូទៅ។ 

សម្តេច ហ៊ុន ម៉ាណែត ពន្យល់យ៉ាងលម្អិតត្រង់ចំណុចនេះដូច្នេះ ៖ «២ឆ្នាំចុងក្រោយនេះ គឺគេហៅថាឆ្នាំ Intern។ ឆ្នាំចុះស្តារ (កម្មសិក្សា) ដែលភាគច្រើន​សម្រាប់​វេជ្ជបណ្ឌិតទូទៅ។ រៀន​៦ឆ្នាំនេះ គាត់ទៅចុះស្តារនៅពេទ្យ បូកជាមួយរៀន​(នៅ)ថ្នា​ក់​មួយចំនួន នៅសាលា។ អ៊ីចឹគេហៅឆ្នាំ Intern (កម្មសិក្សា)។ អ៊ីចឹក៏មានការគិតគូ​រមួ​យចំនួន បើថាគាត់ទៅរៀន​(យក) ឯកទេស គាត់មិនបាច់រៀន ២ឆ្នាំនេះទេ។ គាត់អាចរៀន​៦ឆ្នាំហើយ គាត់ប្រឡងទៅរៀន​ឯកទេស រៀន៤ឆ្នាំ។ សរុបទៅ១០ឆ្នាំ។ មិនមែន ៦ឆ្នាំទេ។»។ ដោយពិនិត្យ វាយតម្លៃទៅ ឃើញថាអ្នកដែលរៀន១០ឆ្នាំ និង១២ឆ្នាំនេះ គឺអ្នក​១០ឆ្នាំ គាត់ខ្វះ ខ្វះបទពិសោធន៍ វាយតម្លៃទូទៅ! ព្រោះ២ឆ្នាំចុងក្រោយនេះ គឺ Intern ចុះទៅពេទ្យតែម្តង មើលពិនិត្យជំងឺ វាយតម្លៃតែម្តង មុននឹងបានជា Doctor ទូទៅ។ អ៊ីចឹង គាត់មានមូលដ្ឋានវិភាគ ហើយជំងឺជំនាញក៏ដោយ បើគាត់វាយតម្លៃ រោគសញ្ញា មុនដំបូង មិនអាចវាយតម្លៃជាជំងឺជំនាញរបស់គាត់ទេ។ គាត់វាយតម្លៃទូទៅសិន។ លើកលែងតែ(អ្នកជំងឺ) បានវាយតម្លៃនៅពេទ្យឯកទេស ថាជំងឺក្រពះ បានគេមកពេទ្យក្រពះ។ តែអ្នក​(ជំងឺ) ខ្លះ គាត់ទៅរកពេទ្យក្រពះតែម្តង អ៊ីចឹងគាត់វាយតម្លៃ គឺនៅខ្សោយកន្លែងហ្នឹង។»។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសួរយោបល់សម្តេច ហ៊ុន ម៉ាណែត និងបានលើកគំនិតចង់យកកម្មវិធីសិក្សារយៈពេល១២ឆ្នាំមកដំណើរការសម្រាប់វេជ្ជបណ្ឌិតឯកទេស​។

ប្រមុខរាជរដ្ឋាភិបាល បានយកវេទិកា ដែលសម្តេចធ្វើជាអធិបតីបិទសន្និបាតការងារឆ្នាំ២០២៤ និងលើកទិសដៅការងាឆ្នាំ ២០២៥ របស់ក្រសួងមុខងារសាធារណៈ ប្រកាសពីយោបល់របស់ខ្លួន ជុំវិញជម្រើសរយៈពេលនៃការសិក្សាសម្រាប់វេជ្ជបណ្ឌិតឯកទេស។ 

ពីពិធីនោះ សម្តេច នាយករដ្ឋមន្ត្រី បានផ្តល់យោបល់ទៅក្រសួង និងអ្នកពាក់ព័ន្ធ ពិចារណាលើជម្រើស បន្ថែមម៉ោងសិក្សាសម្រាប់មុខវិជ្ជា ឬជំនាញសំខាន់ៗ នៅក្នុងរយៈពេល២ឆ្នាំ(ឆ្នាំIntern) ដែលត្រូវបានផ្លោះនោះ បញ្ចូលទៅក្នុងមុខវិជ្ជារៀន នៃរយៈពេល៤ ឆ្នាំ ដែល​និស្សិត​ត្រូវរៀនយកវេជ្ជបណ្ឌិតឯកទេសតែម្តង។ ការធ្វើបែបនេះ ដើម្បីកុំឱ្យេពួកគេចំណាយពេលវេលាសិក្សាយូរ និងចំណាយថវិកាបន្ថែមផង។ ប៉ុន្តែការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២០ ខែមីនា ធ្វើឱ្យសារព័ត៌មាន និងសាធារណជនមួយចំនួន យល់ច្រឡំ ថាសម្តេច អនុម័ត ឱ្យប្រើរូបមន្តសិក្សាសម្រាប់វេជ្ជបណ្ឌិតមកត្រឹម៦ឆ្នាំ។ 

«ខ្ញុំបានប្រាប់ កុំអាល់យកជម្រើសហ្នឹង ជាជម្រើសងាប់ក្រឡាតែមួយ។ ខ្ញុំសុំឱ្យពិចារណារ​ជម្រើសផ្សេងទៀត។ ខ្ញុំក៏បានឱ្យយោបល់យកទៅពិចារណា មិនមែនបទបញ្ជាទេ! យកយោបល់ទៅពិចារណា ថាឥឡូវគួរតែមាន ព្រោះនិស្សិតឥឡូវគាត់មានជម្រើស២។ មិនមែនបាត់មួយទេ។ បានន័យថា ពីមុនមានតែមួយទេ រៀន​៨ឆ្នាំហើយ បានចប់៨ឆ្នាំ ទៅរៀនឯកទេស។ ឥឡូវគាត់មានជម្រើស២ អ្នកណាចង់ទៅរៀន​យកវេជ្ជបណ្ឌិតទូទៅ (រៀន) ៨ឆ្នាំហើយ ចប់! ហើយទៅរៀន​ឯកទេសក៏បាន។ អ្នកខ្លះ គឺអត់ចាំបាច់ទៅរៀនយកវេជ្ជបណ្ឌិតទូទៅ៦ឆ្នាំ មិនបាច់រៀន៨ឆ្នាំ។ តែអត់បានវេជ្ជបណ្ឌិតទូទៅទេ! គាត់ទៅយកឯកទេស បានសញ្ញាបត្រតែមួយទេ។ អ្នកខ្លះគាត់យកអាហ្នឹង ព្រោះគាត់អត់ចង់ទៅ។ អ្នក​ខ្លះ ខ្លាចហួសក្របខណ្ឌ អីចឹងទៅ។ […] «៤ឆ្នាំឯកទេសនេះ ត្រូវបានបន្ថែមម៉ោង ដែលយើងយក(មុខវិជ្ជា)២ឆ្នាំចុងក្រោយ(ឆ្នាំIntern) នេះ គឺយើងយកមុខវិជ្ជាដែលសំខាន់ៗ ដែលបំប៉នគាត់កុំឱ្យបាត់ជំនាញវេជ្ជបណ្ឌិតទូទៅ វាយតម្លៃទូទៅហ្នឹង។ ថែមទាំងម៉ោង ស្តារ ម៉ោងអី ថែមចូលទៅក្នុងហ្នឹងតែម្តង។ លៃម៉ោងយ៉ាងម៉េចទៅ ដើម្បីឱ្យចូលគ្នាក្នុង៤ឆ្នាំនេះ គាត់បានទាំង២ ទាំងឯកទេស ទាំង (វេជ្ជបណ្ឌិត) ពិគ្រោះយោបល់ទូទៅផងដែរ ដើម្បីបង្កើនគុណវុឌ្ឍិឱ្យគាត់​។»។ សម្តេច ពន្យល់បន្ថែមដូច្នេះ។

នេះគឺជាជម្រើស ២ ដែលសម្តេច ហ៊ុន ម៉ាណែត ឱ្យយោបល់ទៅ រដ្ឋម​ន្ត្រីក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ពិចារណា ដើម្បីផ្តល់ជម្រើសសម្រាប់និស្សិតពេទ្យរៀន។ បើនិស្សិតវេជ្ជបណ្ឌិតឯកទេសចង់រៀន ៤ឆ្នាំ តែមិនបញ្ចូល មុខវិជ្ជា ២ឆ្នាំដែលបានផ្លោះ គាត់នឹងមិនមានសញ្ញាបត្រវេជ្ជបណ្ឌិតទូទៅនោះទេ។ ប៉ុន្តែបើនិស្សិតចង់រៀន ៤ឆ្នាំ ដោយបូកទាំងមុខវិជ្ជា២ឆ្នាំបន្ថែមនោះ និស្សិតត្រូវរៀនច្រើន និងហត់បន្តិច សម្រាប់រយៈពេលនេះ ប៉ុន្តែនិស្សិត បានសញ្ញាបត្រទាំងទូទៅផង និងឯកទេផង ពេលបញ្ចប់ការសិក្សា៕


អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ខន ចំប៉ា