- ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៥:៥៩ នាទី ល្ងាច

លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការចំពោះកិច្ច បានឲ្យដឹងថា សិក្ខាកាម ដែលបានប្រឡងជាប់វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រម នឹងមានសិទ្ធិចូលរួមកាត់ក្តីក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី២។ គណៈកម្មការចំពោះកិច្ចរៀបចំព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ (គ.ច.យ.ខ.ព) បើកវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស ចៅក្រម អាជ្ញាកណ្ដាល ដើម្បីត្រៀមព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេច ហ៊ុន ម៉ាណែត លើកទី២ ពីថ្ងៃទី២១-២២ ខែមីនា នៅសាលាគុនធម៌។
ព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេច ហ៊ុន ម៉ាណែត លើកទី២ នឹងត្រូវធ្វើនៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ព្រឹត្តិការណ៍នេះ ត្រូវបានបង្កើតក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងគោលបំណងដើម្បីអភិវឌ្ឍ និងអភិរក្សក្បាច់គុនបុរាណដូនតាខ្មែរ។
លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ការរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលមន្ដ្រី អាជ្ញាកណ្ដាល និងចៅក្រមនេះ គឺទទួលបានការអនុញ្ញាតពីនាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងគោលបំណងដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ជាលើកទី២នេះ ឲ្យបានល្អជាងមុន។ បើតាមការប្រាប់ពីអនុប្រធានគណៈកម្មការចំពោះកិច្ច គណៈកម្មការនេះ នឹងអនុវត្ត ហើយកែប្រែចំណុចខ្វះខាត ដែលមានបទពិសោធន៍ ក្នុងការប្រកួតនាចុងឆ្នាំ២០២៤ មកកែតម្រូវ សម្រាប់ព្រឹត្តិការណ៍នា ឆ្នាំ២០២៥នេះ។
លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការចំពោះកិច្ច រូបពី NOCC
លោក វ៉ាត់ ចំរើន បាននិយាយថា៖«វគ្គបណ្តុះបណ្តាលនេះ បានការអនុញ្ញាតពីសម្ដេចបវរធិបតី នាយករដ្ឋមន្ដ្រី យើងបានរៀបចំសមត្ថភាព និងការអនុវត្តឲ្យបានត្រឹមត្រូវ និងល្អប្រសើរ និងពិនិត្យចំណុចខ្វះខាតពី ការប្រកួតឆ្នាំមុនមកដោះស្រាយនៅពេលនេះ ហើយនិងអភិវឌ្ឍចំណេះដឹង ដែលមានលក្ខណៈវិទ្យាសាស្ដ្រនៅក្នុងការរៀបចំបទបញ្ជារការប្រកួតឲ្យបានកាន់តែល្អប្រសើជាងមុន។»។
វគ្គបណ្ដុះបណ្ដាល ដែលមានរយៈពេល ២ថ្ងៃនេះ មានសិក្ខាកាមចូលរួម ចំនួន៦០នាក់ ដែលមកពីសហព័ន្ធកីឡាជាតិដូចជា៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធយុទ្ធក្រមខម សហព័ន្ធចំបាប់បុរាណខ្មែរ សហព័ន្ធកីឡាគុនល្បុក្កតោ និងសហព័ន្ធកីឡាគុនចម្រុះកម្ពុជា។
សិក្ខាកាម ៦០នាក់ ចូលរួមវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រុម រូបពី NOCC
អនុប្រធានរូបនេះ បានប្រាប់បន្ថែមថា សិក្ខាកាមទាំងអស់ នឹងត្រូវប្រឡងយកវិញ្ញាបនបត្របញ្ជាក់ការសិក្សារវគ្គអាជ្ញាកណ្ដាល។ សិក្ខាកាម ដែលប្រឡងជាប់ នឹងទទួលបានសិទ្ធិចូលរួមរៀបចំព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី២។ «វគ្គនេះ នឹងមានការរៀបចំឲ្យមានការប្រឡងប្រជែងក្នុងការទទួលយកនូវវិញ្ញាបនបត្របញ្ជាក់សិក្សាវគ្គអាជ្ញាកណ្ដាលទី១ មិនមែនរៀនទាំងអស់គ្នា ហើយបានទាំងអស់គ្នាទេ។ យើង ត្រូវការឲ្យមានការប្រឡង។អ្នកដែលទទួលបានវិញ្ញាបនបត្រ និងមានសិទ្ធិចូលរួមរៀបចំការប្រកួតនៅថ្ងៃទាំង ការប្រកួត MMA និងទាំងយុទ្ធគុនចម្រុះដូនតាខ្មែរ។»។ នេះ បើតាមការបញ្ជាក់ពីលោក វ៉ាត់ ចំរើន។
គួរបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះ ត្រូវចែកចេញជា ៤ គឺ ការសិក្សាទ្រឹស្ដីអំពីយុទ្ធគុន បទបញ្ជា និងបទបញ្ញាត្ដិនានា នៃការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ, ការអនុវត្ត នៅសង្វៀនផ្ទាល់ និងរបៀបនៃការដាក់ពិន្ទុរបស់អាជ្ញាកណ្ដាល, សីលធម៌ និងចរិយាធម៌, តម្លាភាព និងសុចរិតភាព៕