- ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

ជាតភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សង្កេតឃើញពលរដ្ឋទូទៅ ពុំទាន់យល់ពីសារៈសំខាន់នៃប្រភពទឹក ហើយតែងតែចោទថាប្រឡាយមិនមានទឹក។ ករណីនេះ រដ្ឋមន្ត្រី ពន្យល់ថា អាងស្តុបទឹកនៅកម្ពុជានៅមានកម្រិត ហើយទឹកដែលរក្សាទុក សម្រាប់ប្រើប្រាស់ ក្នុងវិស័យធំ គឺវិស័យកសិកម្ម ឧស្សាហកម្ម និងសម្រាប់ពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។
ថ្លែងក្នុងពិធីអបអរសាទរទិវាទឹក និងឧតុនិយមពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការការពារផ្ទាំងទឹកកក» និង«ការបិទបញ្ចប់គម្លាតទទួលបានការប្រកាសព័ត៌មានឱ្យដឹងជាមុនរួមគ្នា» កាលពីព្រឹកថ្ងៃទី២១មីនា លោក ថោ ជេដ្ឋា បានបង្ហាញពីការខិតខំរក្សាសន្តិសុខទឹក ដោយរៀបចំកសាងអាងស្តុកទឹកជាបន្តបន្ទាប់។ រដ្ឋមន្ត្រីចាត់ទុក អាងស្តុកទឹកជាប្រភពសំខាន់បំផុត សម្រាប់កាត់បន្ថយចំណាយ។
ប៉ុន្តែ លោក ថោ ជេដ្ឋា កត់សម្គាល់ឃើញបែបនេះ៖ «ពលរដ្ឋទូទៅអត់ទាន់បានយល់ច្បាស់ថា តើប្រភពទឹកនោះសំខាន់ប៉ុនណានៅឡើយទេ! ហើយតែងតែលើកថា ប្រឡាយអត់ទឹក។ នេះដោយសារបងប្អូនយល់ច្បាស់ថាហេតុអ្វី បានប្រឡាយនោះអត់ទឹក»។
បញ្ហានេះ រដ្ឋមន្ត្រីពន្យល់ថា មានកត្តាចម្បងចំនួន៣។ ទី១ គឺដោយសារ ការកសាងប្រភពនៅមិនទាន់គ្រប់គ្រាន់ ហើយបើកម្ពុជាកសាងប្រភពទឹកគ្រប់គ្រាន់ នៅតាមមូលដ្ឋាននឹងមានទឹកគ្រប់ទីកន្លែង។ ទី២ ការគ្រប់គ្រងប្រព័ន្ធទឹក មិនទាន់ល្អប្រសើរ និងទី៣ ទំនើបកម្មនៃប្រព័ន្ធធារាសាស្រ្តនៅមានកម្រិត។ ហេតុនេះ លោក ថោ ជេដ្ឋា អះអាងថា ក្រុមជំនាញរបស់ក្រសួង កំពុងរៀបចំទំនើបកម្មប្រព័ន្ធធារាសាស្រ្ត។
រដ្ឋមន្ត្រីធនធានទឹកបានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តនេះ មានសារៈសំខាន់ណាស់។ ហេតុអ្វី បានមានសារៈសំខាន់? នៅពេលយើងធ្វើឱ្យទំនើបកម្មទៅ មានន័យថា ការគ្រប់គ្រងទឹកយើងនឹងមានភាពលម្អិត គ្រប់គ្រងល្អប្រសើរជាងមុន, មិនឱ្យបាត់បង់ប្រភពទឹក និងការប្រើប្រាស់ទឹកដោយខ្ចាត់ខ្ចាយ»។
ដើម្បីគ្រប់គ្រងទឹកឱ្យបានល្អប្រសើរ លោក ថោ ជេដ្ឋា ណែនាំឱ្យរួមពលរដ្ឋទូទៅ និងអ្នកជំនាញយល់ដឹងពីការគ្រប់គ្រងទឹកឱ្យមានប្រសិទ្ធភាព រួមជាមួយនឹងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្ត។ លោកបញ្ជាក់បន្ថែមថា៖ «ប្រសិនយើងកសាងប្រព័ន្ធទឹកគ្រប់គ្រាន់ បងប្អូនយើងមិនពិបាកទេ មានទឹកគ្រប់គ្រាន់ហើយ យើងបង្ហូរសន្សឹមៗតាមប្រឡាយទូទាំងប្រទេសនឹងមានទឹកហើយ ប៉ុន្តែយើងនៅមានកម្រិតនៅឡើយ។ អ៊ីចឹងបានយើងបិទទឹក មិនឱ្យហូរចូលប្រឡាយ»។
ជុំវិញការទប់ទឹក មិនឱ្យហូរចូលប្រឡាយ ពិសេសរដូវប្រាំង រដ្ឋមន្ត្រីសុំឱ្យពលរដ្ឋយល់ ពីក្រុមជំនាញរដ្ឋវិញ ដោយសារត្រូវទុកទឹកសម្រាប់ប្រើប្រាស់ ក្នុងវិស័យធំ គឺវិស័យកសិកម្ម ឧស្សហកម្ម និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋ។ លោកពន្យល់ទៀត សព្វថ្ងៃនេះ វិស័យឧស្សហកម្ម និង តម្រូវការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ពលរដ្ឋ មានការកើនឡើងខ្ពស់ ដោយសារចំនួនរោងចក្រនិងមនុស្សមានការកើនឡើងច្រើន ខណៈដែលមនុស្សម្នាក់ប្រើប្រាស់ទឹកជាធម្យមប្រមាណ៦០លីត្រ។
យ៉ាងណាក៏ដោយ លោក ថោ ជេដ្ឋា អះអាងថា នៅពេលពលរដ្ឋតាមមូលដ្ឋាន ត្រូវការទឹកសម្រាប់ធ្វើកសិកម្ម រដ្ឋនឹងបញ្ចេញទឹកសម្រាប់ផ្គត់ផ្គង់។ រដ្ឋមន្ត្រី ក៏បង្ហាញពីផែនការសន្សំទឹក ២០២៤-២០២៨ កម្ពុជាបានសង់អាងស្តុបទឹកជាបន្តបន្ទាប់ ហើយនឹងមានលទ្ធភាព អាចស្តុបទឹក បានប្រមាណ១ពាន់លានម៉ែត្រគូបបន្ថែមទៀត។ បច្ចុប្បន្ន កម្ពុជាមានលទ្ធភាពអាចស្តុបទឹកបានប្រមាណ៤ពាន់លានម៉ែត្រគូប។
តាមរយៈគម្រោងនេះ លោក ថោ ជេដ្ឋា រំពឹងថា ប្រឡាយនៅតាមមូលដ្ឋាននៅមានទឹកច្រើនជាងមុន។ ក្រៅពីនេះ រដ្ឋមន្ត្រីក៏លើកឡើងពីផែនការវែងរបស់រដ្ឋាភិបាលផងដែរ ដែលបានគិតគូរពីគោលនយោបាយទឹកក្នុងរយៈពេល៥០ទៅ១០០ឆ្នាំខាងមុខទៀត៕
អ្នកសរសេរអត្ថបទ
