អ្នកស្រី Kirsty Coventry ក្លាយជាស្ត្រីដំបូងកាន់តំណែងប្រធាន IOC
  • ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី យប់
អ្នកស្រី Kirsty Coventry ក្លាយជាស្ត្រីដំបូងកាន់តំណែងប្រធាន IOC

អ្នកស្រី Kirsty Coventry ម្ចាស់មេដាយមាសអូឡាំពិក និងសព្វថ្ងៃជារដ្ឋមន្ត្រី យុវជន កីឡា សិល្បៈ និងកម្សាន្ត ស៊ីមបាវ៉េ ក្លាយជា​ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ថ្មីជំនួសលោក Thomas Bach។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការអូឡាំពិកកម្ពុជា (NOCC) សារទរចំពោះលោកស្រី Coventry ដែលក្លាយជាប្រធាន IOC ទី១០ និងជឿជាក់ថា សមភាពស្ត្រីនៅក្នុងចលនាកីឡាកាន់តែកើនឡើងបន្ថែមទៀត។

TTN-Free-Banner-In-Article-PC

ក្នុងវ័យ៤១ឆ្នាំ អ្នកស្រី Kirsty Coventry ទទួលបានសំឡេងឆ្នោតគាំទ្រ ៤៩សំឡេង ចំណោម៩៧សំឡេង ក្នុងការបោះឆ្នោតនៅឯមហាសន្និបាត IOC លើកទី១៤៤ នៅទីក្រុង Costa Navarino ប្រទេសក្រិក នៅថ្ងៃទី២០ ខែមីនា។ អតីតអត្តពលិក ស៊ីមបាវ៉េរូបនេះ ប្រជែងបេក្ខជន៦នាក់ផ្សេងទៀត។

ម្ចាស់មេដាយមាសអូឡាំពិក ឆ្នាំ ២០០៤ ក្រុងអាក់តែន ប្រភេទកីឡាហែលទឹក វិញ្ញាសារហែលថយក្រោយ ២០០ម៉ែត្រ ត្រូវជំនួសតំណែងលោក Thomas Bach ដើម្បីដឹកនាំ IOC សម្រាប់អាណត្តិរយៈពេល ៨ឆ្នាំ គិតចាប់ពីឆ្នាំ ២០២៥ តទៅ។

អ្នកស្រី Coventry ក៏បានក្លាយជាស្ត្រីដំបូងគេ និងជាជនជាតិអាហ្វ្រិកដំបូងគេដែលទទួលបានតំណែងប្រធាន IOC ដែលជាតំណែងកំពូលលើលោកក្នុងវិស័យកីឡា។ ក្រោយទទួលបានតំណែងនេះ អ្នកស្រីបានប្រាប់អ្នកចូលរួមក្នុងមហាសន្និបាតថា៖«ខ្ញុំមានមោទនភាពណាស់ដែលបានហៅខ្លួនឯងថាជាជនជាតិស៊ីមបាវ៉េ សម្រាប់តំណែងនេះ។ សាររបស់ខ្ញុំ ទៅកាន់ទ្វីបអាហ្រ្វិក គឺថានៅពេលនេះគឺជាពេលវេលារបស់យើងហើយ»។

អ្នកស្រី Coventry ដែលសព្វថ្ងៃជារដ្ឋមន្ត្រី យុវជន កីឡា សិល្បៈ និងកម្សាន្ត ស៊ីមបាវ៉េ ផងនោះ នឹងចូលកាន់តំណែងប្រធានអូឡាំពិកអន្តរជាតិ នៅថ្ងៃទី២៣ ខែមិថុនា ខណៈអតីតប្រធានលោក Bach ​នឹង​ចូល​កាន់​តំណែង​ជា​ប្រធាន​កិត្តិយស IOC វិញ។ លោក Bach បានបញ្ចប់អណត្តិទីពីររយៈពេល១២ឆ្នាំ របស់ខ្លួន (៨ឆ្នាំ + ៤ឆ្នាំ) នៅក្នុងឆ្នាំ២០២៥។ កាលពីខែសីហា បុរសសញ្ជាតិអាល្លឺម៉ង់ វ័យ៧១ឆ្នាំ ដែលកាន់តួនាទីជាប្រធាន IOC តាំងពីឆ្នាំ ២០១៣ បានប្រកាសក្នុងកិច្ចប្រជុំមួយស្ថិតក្នុងកីឡាអូឡាំពិកទីក្រុងប៉ារីស ដ៏គួរភ្ញាក់ផ្អើល ថាលោកនឹងមិនបន្តតំណែងទៀតឡើយ ទោះមានការគាំទ្រឱ្យបន្តក៏ដោយ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបង្ហាញការសារទរចំពោះការជាប់ឆ្នោតរបស់អ្នកស្រី Kirsty Coventry ជាប្រធាន IOC ទី១០ និងជាស្ត្រីទីមួយសម្រាប់តំណែងកំពូលមួយនេះ។ 

បើតាមការផ្សាយរបស់ OlympicnCambodia រដ្ឋលេខាធិការក្រសួងអប់រំរូបនេះ លើកឡើងថា៖«ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមអបអរសាទរ និងសហការ ការងារបន្តទៀតជាមួយអ្នកស្រី Coventry ឱ្យបានល្អ។ សង្ឃឹមថាគាត់ដែលជាអតីតម្ចាស់មេដាយមាសអូឡាំពិក ជានិមិត្តរូបនៃការផ្លាស់ប្ដូរ និងរីកចម្រើនថ្មី នៃចលនាអូឡាំពិក បន្ទាប់ពីផ្លាស់ប្ដូរតំណែងពីបុរស មកជាស្ត្រី»។

លោក វ៉ាត់ ចំរើន ជឿជាក់ និងសង្ឃឹមថា ក្នុងតំណែងប្រធាន IOC ជាស្រ្តីដំបូងបំផុតនេះ នឹងធ្វើឱ្យចលនាអូឡាំពិកកាន់តែមានប្រសិទ្ធភាព និងការងាររបស់សមភាពស្ត្រីនៅក្នុងចលនាកីឡាកាន់តែកើនឡើងបន្ថែមទៀត៕

អត្ថបទទាក់ទង


អ្នកសរសេរអត្ថបទ

ទេព ពិទូរ្យ បានចាប់ផ្តើម​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ​ ជា​អ្នកបច្ចេកទេស​ចាប់ពី​ឆ្នាំ​២០១២​មក​។ ​​បច្ចុ​ប្បន្ន ពិទូរ្យ បាន​បន្ថែម​ជំនាញ​ជា​អ្នកសរសេរ​ព័ត៌មាន​កីឡា​អន្តរជាតិ​មួយទៀត​​។​ ពិទូរ្យ ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ស៊ី​តិក​។​ ​ ​​​

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព ពិទូរ្យ​​