លោក វ៉ាត់ ចំរើន ជឿលើលោកស្រី Kirsty Coventry នឹងបង្កើនប្រសិទ្ធភាពការងារស្ដ្រី ក្នុងចលនាអូឡាំពិក
  • ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
លោក វ៉ាត់ ចំរើន ជឿលើលោកស្រី Kirsty Coventry នឹងបង្កើនប្រសិទ្ធភាពការងារស្ដ្រី ក្នុងចលនាអូឡាំពិក
លោកស្រី Kirsty Coventry ប្រធាន IOC រូបពី Japan Times

លោកស្រី Kirsty Coventry រដ្ឋមន្ដ្រីក្រសួងយុវជន និងកីឡារបស់ប្រទេសហ្ស៊ីមបាវ៉េ ត្រូវ មហាសន្និបាតអូឡាំពិកអន្ដរជាតិ លើកទី១៤៤ បោះឆ្នោត ឲ្យឡើងធ្វើជាប្រធានគណៈ កម្មាធិការអូឡាំពិកអន្ដរជាតិ (International Olympic Committee ឬ IOC) កាលពីថ្ងៃទី២០ មីនា ឆ្នាំ២០២៥ នៅប្រទេសក្រិក។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ជឿជាក់ថា វត្តមានប្រធាន IOC ដែលជាស្ដ្រីដំបូងគេនេះ នឹងបង្កើនប្រសិទ្ធភាពការងារស្ដ្រីកាន់តែខ្លាំងឡើង នៅក្នុងចលនាអូឡាំពិក។

TTN-Free-Banner-In-Article-PC

បេក្ខជនចំនួន ៧រូប បានឈរឈ្មោះ ធ្វើជាប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ដែលត្រូវបោះឆ្នោតក្នុងមហាសន្និបាត លើកទី១៤៤ នៅប្រទេសក្រិក កាលពីថ្ងៃទី២០ មីនា ឆ្នាំ២០២៥។ បេក្ខជនទាំង៧រូបនោះ មាន៖ ព្រះអង្គម្ចាស់ Feisal Al Hussein, លោក David Lappartient, លោក Johan Eliasch,លោក Juan Antonio Samaranch Salisachs, អ្នកស្រី Kirsty Coventry, លោក Sebastian COE និងលោក Morinari Watanabe។ 

លោកស្រី Kirsty Coventry ត្រូវបានមហាសន្និបាត បោះឆ្នោតឲ្យធ្វើជាប្រធាន IOC បន្ទាប់ពី​លោក Thomas Bach អតីតប្រធាន IOC ដែលបានកាន់តំណែងនេះ តាំងពីឆ្នាំ២០១៣ ហើយត្រូវឡើងទៅជាប្រធានកិត្តិយស IOC វិញ។ រដ្ឋមន្ដ្រីក្រសួងយុវជន និងកីឡារបស់​ហ្ស៊ីមបាវ៉េរូបនេះ ទទួលបាន ៤៩សម្លេង លើ៩៧ ដែលជាចំនួនច្រើនជាងគេ។ លោកស្រី Kirsty វ័យ ៤១ឆ្នាំរូបនេះ បានបង្កើតប្រវត្តិសាស្ដ្រថ្មី សម្រាប់ IOC ដែលមានប្រធាន​ដឹកនាំ​ជាស្ដ្រី។

អតីតប្រធាន IOC លោក Thomas Bach យល់ថា អាណត្តិដឹកនាំរបស់លោកស្រី Kirsty ចលនាអូឡាំពិក នឹងកាន់តែរីកចម្រើនខ្លាំង ហើយនឹងទួលបាន​ការគាំទ្រកាន់​តែច្រើនពី​សមាជិក នៃចលនាអូឡាំពិក។ «អាណត្តិដឹកនាំរបស់លោកស្រីនឹងខ្លាំង។ នេះ គឺជា​សញ្ញាដ៏អស្ចារ្យនៃការរួបរួមក្នុងចលនាអូឡាំពិក។ លោកស្រី អាចពឹងផ្អែកលើការគាំទ្រពីសមាជិកភាពបាន។» យោងតាមទៅលើគេហទំព័រ Japan Time លោក Thomas បាននិយាយដូច្នេះ។

លោក វ៉ាត់ ចំរើន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអបអរចំពោះ​ការជាប់ជាប្រធាន​របស់លោកស្រី Kirsty។ តាមរយៈទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី២១ ខែមីនា លោក លោក វ៉ាត់ ចំរើន មានសុទិដ្ឋិនិយមថា លោកស្រី នឹងធ្វើឲ្យរីក​ចម្រើនបន្ថែមទៀត នៃចលនា​អូឡាំពិក ជាពិសេសសមាភាពស្ដ្រី នៅក្នុងអូឡាំពិក។

​​លោក វ៉ាត់ ចំរើន បាននិយាយថា៖ «ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមអបអរសាទរយ៉ាងកក់ក្ដៅ និងចូលរួមទំនាក់ទំនងសហការ ការងារបន្តទៀតជាមួយលោកស្រីឱ្យបានល្អ។ សង្ឃឹមថាគាត់ដែលជាអតីតម្ចាស់មេដាយមាសអូឡាំពិក ឆ្នាំ២០០៤ គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរ និងរីកចម្រើនថ្មី នៃចលនាអូឡាំពិក បន្ទាប់ពីផ្លាស់ប្ដូរតំណែងពីបុរស មកជាស្ត្រី។ នេះជាអ្វីដែលយើងសង្ឃឹម និងជឿជាក់ថា ចលនាអូឡាំពិកដែលកាន់តំណែងជាស្ត្រីនេះ នឹងបង្កើតនូវប្រសិទ្ធភាពការងាររបស់សមភាពស្ត្រីនៅក្នុងចលនាកីឡាបន្ថែមទៀត។»។

គួរបញ្ជាក់ផងដែរ អ្នកស្រី Kirsty Coventry ធា្លប់ជាអត្ដពលិកឆ្នើម របស់ប្រទេសហ្ស៊ីបាវ៉េ និងជាអត្ដពលិក ដែលមានកេរ្ដិ៍ល្បីនៅទ្វីបអាហ្វ្រិក ផងដែរ។ ស្ដ្រីវ័យ ៤១ឆ្នាំរូបនេះ ធ្លាប់ឈ្នះមេដាយមាសកីឡាហែលទឹកអូឡាំពិក ៧គ្រឿង ក្នុងឆ្នាំ២០០៤ និងឆ្នាំ២០០៨៕


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា