- ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

ស្ថិតលើផ្ទៃដី ២៦០០ហិកតា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ ជាអាកាសយានដ្ឋានធំជាងគេនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី២១ មីនានេះ លោក ឆារស៍ វ៉ាន់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខេមបូឌា អ៊ែរផត បានឱ្យដឹងថា លក្ខណៈពិសេសរបស់អាកាសយានដ្ឋានដ៏ធំមួយនេះ គឺរចនាបថខ្មែរ និងភាពទូលំទូលាយ។ លោក ឆារស៍ វ៉ាន់ បន្តថា អ្នកគូរប្លង់នៃគម្រោងនេះ មានបំណងធ្វើយ៉ាងឱ្យអាកាសយានដ្ឋាននេះ ស្រូបទាញភ្ញៀវឱ្យបានកាន់ច្រើន។
រចនាបថខ្មែរ ត្រូវបានដាក់បញ្ចូលនៅក្នុងស្ថាបត្យកម្មដ៏ធំមួយ គឺអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានថ្មីមួយរបស់កម្ពុជា។ អាកាសយានដ្ឋានមួយនេះ មានស្ថានភាពទទួលភ្ញៀវប្រមាណ ១៥លាននាក់ក្នុងមួយឆ្នាំ នៅក្នុងដំណាក់កាលទី១។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅខែកក្កដា ខាងមុខ។ លោក ឆារស៍ វ៉ាន់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខេមបូឌា អ៊ែរផត លើកឡើងថា៖«អាកាសយានដ្ឋានតេជោ គឺរចនាតាមរចនាបថខ្មែរ ១០០ភាគរយ ដែលជារបស់ខ្មែរទាំងអស់។ អ្វីដែលយើងមើលពីដើមទី ដល់ចុងទី គឺសុទ្ធតែរចនាបថយើងទាំងអស់។ ប៉ុន្តែអ្នករចនា មកអង់គ្លេស»។
ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋាននេះ ទស្សនវិស័យដោយធ្វើយ៉ាងណាឱ្យមានភាពទូលំទូលាយ ដោយមិនត្រូវការសសរច្រើន និងកម្ពស់ទាបឡើយ។ ក្នុងសន្និសីទសារព័ត៌មាននាអាកាសយានដ្ឋានអន្តរជាតិតេជោ លោក ឆារស៍ វ៉ាន់ បញ្ជាក់ថា ចំណុចដែលសំខាន់ គឺក្រុមហ៊ុន ចង់ឱ្យស្ថាបត្យករគូរប្លង់ ដែលអាចទាក់ចិត្តភ្ញៀវទេសចរមកកាន់អាកាសយានដ្ឋាននេះបានកាន់តែច្រើន។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ4F ដែលអាចស្រូបយក និងទទួលបានការហោះហើរឆ្លងទ្វីបដោយអាចឱ្យយន្តហោះធុនធំរហូតដល់ Airbus A380-800 និងយន្តហោះ Boeing747-800 ចុះចតបាន។ អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់បាន ៩៥ភាគរយ និងចំណាយថវិកាប្រមាណ ១៦០០លានដុល្លារ ដែលសាងសង់ដោយក្រុមហ៊ុន OCIC៕
