ក្រសួងរៀបចំដែនដី នឹងពន្លឿនចុះបញ្ជីបង្ហើយ និងបញ្ចប់វិវាទដីធ្លី នៅក្នុងភូមិសាស្ត្រ​ខេត្តក្រចេះ
  • ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:៥០ នាទី រសៀល
ក្រសួងរៀបចំដែនដី នឹងពន្លឿនចុះបញ្ជីបង្ហើយ និងបញ្ចប់វិវាទដីធ្លី នៅក្នុងភូមិសាស្ត្រ​ខេត្តក្រចេះ
កិច្ចប្រជុំអន្តរក្រសួងស្តីពីការពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លី ក្នុងភូមិសាស្រ្តខេត្តក្រចេះ នាសាលាខេត្តក្រចេះ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ រូបភាព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងជំរុញការដោះស្រាយវិវាទដីធ្លី​រវាង​ប្រជាពលរដ្ឋ និងក្រុមហ៊ុនឯកជន ក្នុងស្រុកសំបូរ​ ខេត្តក្រចេះ។ បើតាម​សេចក្ដី​ប្រកាសព័ត៌មាន ក្រសួង នឹងជំរុញការដោះស្រាយវិវាទរវាងពលរដ្ឋចំនួន ៨១គ្រួសារ ក្នុងឃុំកោះខ្មែរ និងឃុំសំបូរ ជាមួយក្រុមហ៊ុនកាម៉ាដេនូវេនឈរ (ខេមបូឌា) លីមីធីត និង​ក្រុមហ៊ុនអិន ខេ អេហ្គី (ខេមូឌា)លីមីធីត លើផ្ទៃដី ៥២០ហិកតា។ វិវាទដីធ្លី​រវាងពលរដ្ឋចំនួន ២៩១គ្រួសារ ជាមួយនឹងក្រុមហ៊ុន ស៊ីអេចភីប៊ី ស្ថិតក្នុងឃុំកំពង់ចាម និងឃុំវឌ្ឍនៈ។

TTN-Free-Banner-In-Article-PC

ជាមួយគ្នានេះ ក្រសួងក៏នឹងជំរុញការដោះស្រាយសំណើសុំរបស់ អ្នកស្រី អែល រ៉ូហ្សា​ តំណាងឱ្យពលរដ្ឋចំនួន ១ ៣១៨គ្រួសារ ឱ្យជួយអន្តរគមន៍ដោះស្រាយវិវាទដីធ្លីរវាងពួកគេ ជាមួយក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង (ខូអិលធីឌី) ក្នុងឃុំកោះខ្មែរផងដែរ។ 

យោងតាមប្រភពដដែល ក្រសួងក៏នឹងជំរុញការដោះស្រាយវិវាទដីធ្លីរបស់ពលរដ្ឋដែលនៅសេសសល់ ផ្សេងទៀតផងដែរ ក្នុងមូលដ្ឋានខេត្តក្រចេះ ក្នុងនោះដោះស្រាយវិវាទ និងចុះបញ្ជីដីក្នុងក្រុងក្រចេះ ៤ ករណី, សំណើចុះបញ្ជី ក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល ៣៥៣គ្រួសារ , សំណើចុះបញ្ជី ស្រុកព្រែកប្រសព្វ ២ ៨៨៤គ្រួសារ និងសំណើចុះបញ្ជីរ៦ភូមិ ក្នុងឃុំឃឹម ស្រុកស្នួល។ 

ក្រសួងរៀបចំដែនដី នឹងជំរុញបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធទាំងរដ្ឋ​ និង​ឯកជន ដែលសេសសល់ប្រមាណ ២០ ១៦៩ក្បាលដី ក្នុងខេត្តក្រចេះ នាពេលឆាប់ៗ​។ បើតាមសេចក្ដីប្រកាសព័ត៌មាន ការជំរុញចុះដីធ្លីនេះ ដើម្បីបញ្ចប់វិវាទ និងហាមឃាត់រាល់ការចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់។ 

សេចក្ដីប្រកាសខាងលើ ក្រសួងនឹងដោះស្រាយករណីប្រជាពលរដ្ឋចំនួន ៧គ្រួសារ ដែល​ស្នើគោលការណ៍កាត់ផ្ទៃដីទំហំ ៤,១៤ហិកតា ក្នុងមូលដ្ឋានភូមិស្នួល ឃុំស្នួល ខេត្តក្រចេះ។ បើតាមក្រសួងបញ្ជាក់ថា ដីរបស់ពលរដ្ឋទាំង៧គ្រួសារនេះ ស្ថិតក្នុងទីតាំងដីរដ្ឋ ដែល​មិនត្រូវអនុញ្ញាតផ្ដល់ជូនឡើយ។ 

ក្រសួង ក៏នឹងបន្តពិនិត្យ និងដោះស្រាយដល់ពលរដ្ឋដែលកំពុងរស់នៅ ប្រើប្រាស់ និង​អា​ស្រ័យផលជាក់ស្ដែង នៅតំបន់ការពារធម្មជាតិ ដែលរដ្ឋាភិបាលបានកំណត់ លើផ្ទៃដីទំហំ ៩៣៣ ៥៧៧ ហិកតា។ ក្រសួងនឹងពិនិត្យ ករណីរដ្ឋបាលខេត្តក្រចេះ ដែលស្នើសុំកាត់ដី​ចេញពី​បញ្ជីសារពើភណ្ឌរបស់រដ្ឋចំនួន១១ករណី ដើម្បីធ្វើអនុប្បយោគ និងប្រទានកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី