- ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៣:០៩ នាទី រសៀល

អ្នកចាំទីប្រេស៊ីល Alisson Becker នឹងត្រូវវិលត្រឡប់ទៅក្លិប Liverpool នៅប្រទេស អង់គ្លេសវិញ បន្ទាប់ពីរូបគេជួបបញ្ហារបួសក្បាល អំឡុងការប្រកួតរបស់ជម្រើសជាតិប្រេស៊ីល យកឈ្នះ លទ្ធផល ២-១ លើក្រុមកូឡុំប៊ី វគ្គជម្រុះ World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង។ នេះបើតាមការប្រកាសរបស់ក្លិប ស្ថិតក្នុងក្របខណ្ឌ Premier League ថ្ងៃទី២១ មីនា។
ក្នុងការប្រកួតរវាងប្រេស៊ីល និងកូឡុំប៊ី អ្នកចាំទី Alisson បានព្យាយាមសង្គ្រោះបាល់ រហូតប៉ះទង្គិចក្បាលគ្នាទល់នឹងខ្សែការពារ Davinson Sanchez ពេញមួយទំហឹង ហើយកីឡាករទាំង២ ដេកដួលលើទីលានប្រកួត។ កីឡាករទាំង ២ ត្រូវបានក្រុមគ្រូពេទ្យប្រចាំក្រុមបង្ខំឱ្យចាកចេញពីទីលានភ្លាមៗ ដើម្បីព្យាបាលពួកគេ នៅមុនពេលកីឡាករទាំង ២ រូប ត្រូវបានក្រុមសម្រេចចិត្តផ្លាស់ប្តូរចេញ។
បើតាមប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល អ្នកចាំទីវ័យ ៣២ឆ្នាំ ត្រូវបានផ្លាស់ប្តូរចេញពីការប្រកួត បន្ទាប់ពីកីឡាករូបនេះ មានអាការវិលមុខ ក្រោយបុកក្បាលគ្នាជាមួយខ្សែការពារកូឡុំប៊ី។
ក្លិប Liverpool បានចេញសេចក្តីប្រកាសក្រោយបញ្ចប់ការប្រកួតដែលក្រុមជម្រើសជាតិប្រេស៊ីល យកឈ្នះការប្រកួតលើកូឡុំប៊ី លទ្ធផល ២-១ ដូច្នេះថា៖ «Alisson កំពុងតែវិលត្រឡប់មកកាន់ក្លិបស្ថិតក្នុងតំបន់ Merseyside ហើយនឹងត្រូវត្រួតពិនិត្យអំពីបញ្ហារបួសដែលគេបានជួបប្រទះ ជាមួយនឹងក្រុមគ្រូពេទ្យរបស់ក្លិបហង្សក្រហម។»។
បច្ចុប្បន្នជម្រើសជាតិប្រេស៊ីល បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងតារាង នៃការប្រកួតប្រជែងជម្រុះ World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL) ខណៈទ្វីបអាម៉េរិកខាងត្បូង នឹងទទួលបានកៅអីចំនួន ៦ កន្លះ ទៅកាន់ការប្រកួតនៅប្រទេសអាម៉េរិក កាណាដា និងម៉ិកស៊ិក។
ចំណែកក្រុម Liverpool វិញ ជាក្រុមឈរនៅកំពូលតារាង ដោយមានពិន្ទុដាច់ចំនួន ១២ពិន្ទុ ដែលមានការរួមចំណែកពីសំណាក់អ្នកចាំទី Alisson Becker ដែលបង្ហាញទម្រង់លេងល្អមួយប្រចាំរដូវកាល។ ការប្រកួតបន្ទាប់របស់ Liverpool នឹងត្រូវស្វាគមន៍ក្រុម Everton នៅថ្ងៃទី២ ខែមេសា៕