ក្លិប Club Leon នៅម៉ិកស៊ិកត្រូវបាន FIFA ដកចេញពីការប្រកួត Club World Cup 2025
  • ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៥៩ នាទី រសៀល
ក្លិប Club Leon នៅម៉ិកស៊ិកត្រូវបាន FIFA ដកចេញពីការប្រកួត Club World Cup 2025

ក្លិបបាល់ទាត់ Club Leon នឹងត្រូវបណ្តេញចេញពីការប្រកួត FIFA Club World Cup 2025 នៅសហរដ្ឋអាម៉េរិក ព្រោះបំពានច្បាប់របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (​​FIFA)​។ ស្ថាប័ន​បាល់ទាត់ពិភពលោក នឹងបញ្ចូលក្រុមមកពីម៉ិកស៊ិកដទៃ ដើម្បីបំពេញជំនួស​ក្នុងការ​ប្រកួត​វិញ។ ក្លិប CF Pachuca ដែលត្រូវរើសទៅជំនួស ក៏បរាជ័យក្នុងការបំពេញ​តាម​លក្ខណៈវិនិច្ឆ័យ ចំពោះការមានម្ចាស់តែមួយ ដូចទៅនឹងក្លិប Leonដែរ។

TTN-Free-Banner-In-Article-PC

ក្លិបបាល់ទាត់ Club Leon និង CF Pachuca សុទ្ធសឹងតែជាក្លិបស្ថិតក្រោមការគ្រប់គ្រង​របស់​ក្រុមហ៊ុន Grupo Pachuca ដែលដើមឡើត ក្លិបទាំងនេះ​មានលក្ខណៈសម្បត្តិគ្រប់​គ្រាន់​ក្នុងការប្រកួតប្រជែង បន្ទាប់ពីការឈ្នះពានរង្វាន់ Concacaf Champions Cup (CCC) ដាច់ដោយឡែកពីគ្នា។ ក្លិប Leon ឈ្នះពាន CCC នៅក្នុងឆ្នាំ២០២៣ ចំណែកក្លិប​ CF Pachuca ឈ្នះពានក្នុងឆ្នាំ២០២៤។

យ៉ាងណាក្លិបមួយមកពីកូស្តារីកា Liga Deportiva Alajuelense បានពាក្យប្តឹងក្លិបមកពីម៉ិក​ស៊ិក​ទាំង ២ នោះទៅកាន់ FIFA កាលពីខែវិច្ឆិកា ដោយផ្អែកលើគោលការណ៍សិទ្ធិ​ការ​ប្រ​កួត និងបានស្នើសុំសិទ្ធិចូលរួមការប្រកួតនៅ Club World Cup 2025។ ក្រោយមក FIFA ក៏​បានរកឃើញថាក្លិបមកពីម៉ិកស៊ិកទាំង២ មិនមានលក្ខណៈវិនិច្ឆ័យគ្រប់គ្រាន់ ក្នុងនាមជាក្លិប​ ស្ថិតក្រោមការគ្រប់គ្រងតែមួយ រហូតត្រូវបានគណៈកម្មាធិការវិន័យ FIFA សម្រេចចិត្ត​ដក​ក្រុម Leon មុនគេ មិនឱ្យចូលប្រកួតវិញ។

ស្ថាប័នបាល់ទាត់ពិភពលោក FIFA បាននិយាយក្នុងសេចក្តីប្រកាសដូច្នេះ​៖ «យោងតាម​មាត្រាទី១០ នៃបទប្បញ្ញត្តិសម្រាប់ការប្រកួតព្រឹត្តិការណ៍ FIFA Club World Cup នៅឆ្នាំ ២០២៥ FIFA បានកំណត់ថាក្លិប Leon នឹងត្រូវដកចេញពីការប្រកួត ដោយនឹងត្រូវមានក្លិប​ថ្មីចូលជំនួសកន្លែង ហើយការប្រកាសនឹងនៅពេលកំណត់ជាក់លាក់ខាងមុខ។»។

យ៉ាងណាមិញ ក្លិបម៉ិកស៊ិកទាំងពីរ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនតែមួយ ក៏នឹង​សម្រេចចិត្តដាក់ពាក្យបណ្តឹងឧទ្ធរណ៍ទៅកាន់ FIFA ដើម្បីប្រឆាំងទៅនឹងការដកក្រុម​របស់ពួកគេចេញពីការប្រកួត Club World Cup។ 

ដើមឡើយក្លិប Leon ត្រូវបានចាប់ចូលក្នុងពូល D នៃការប្រកួតពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០២៥ ដោយស្ថិតក្នុងពូលជាមួយនឹងក្រុម Chelsea មកពីអង់គ្លេស, Flamengo មកពីប្រេស៊ីល និងក្រុម Esperance មគពីទុយណេស៊ី។

ការប្រកួតពានរង្វាន់ក្លិបកំពូលពិភពលោក Club World Cup មានតម្លៃប្រាក់រង្វាន់សរុប​ខ្ពស់បំផុតលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់រហូតដល់ជាង ១ពាន់លានដុល្លារ៕


អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង