- ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី យប់

ដោយ៖ ឈាង បុប្ផា (RFI ខេមរភាសា)
សឹងជារៀងរាលថ្ងៃ រដ្ឋបាលលោកដូណាល់ ត្រាំប្រកាសដំណឹងស្តីពីការកាត់បន្ថយចំណាយបរទេស ដើម្បីបង្វែរយកមកប្រើប្រាស់ក្នុងស្រុក។ អាមេរិកកាត់បន្ថយចំណាយបរទេសមិនមែនជាដំណឹងល្អទេចំពោះសម្ព័ន្ធមិត្ត។ នៅថ្ងៃសុក្រ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបានចេញមកប្រកាសបញ្ជាក់ជំហររបស់ជប៉ុនក្នុងការជំរុញសម្ព័ន្ធភាពយោធាជាមួយអាមេរិក នៅបន្ទាប់ពីមានការចុះផ្សាយដែលថា ក្រសួងការពារជាតិអាមេរិកកំពុងពិចារណាបោះបង់ចោលគម្រោងការពង្រីកកងកម្លាំងអាមេរិក ជប៉ុន ដើម្បីសន្សំថវិកាជាង១ពាន់លានដុល្លារ។ កូរ៉េខាងត្បូងដែលមានទាហានអាមេរិកឈរជើងជិត២៥០០០នាក់ កំពុងភ័យព្រួយ ខ្លាចប៉ះពាល់ដោយសារតែនយោបាយកាត់ច្រឹបថវិការបស់រដ្ឋបាលលោកត្រាំនឹងគេដែរ។
ជោគវាសនារបស់សម្ព័ន្ធយោធាអាមេរិកជប៉ុនកាន់តែមិនច្បាស់លាស់ ក្រោយពីរដ្ឋបាលលោកដូណាល់ ត្រាំបានបញ្ជាឲ្យកាត់ច្រឹបខ្ទង់ចំណាយរបស់មន្ទីរបញ្ចកោណ។ នៅសប្តាហ៍នេះ បណ្តាញទូរទស្សន៍ CNN និងNBC បានចុះផ្សាយថា រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Pete Hegsethកំពុងពិចារណាសើរើរចនាសម្ព័ន្ធប្រតិបត្តិការយោធាអាមេរិកនៅទឹកដីបរទេស ដើម្បីធ្វើយ៉ាងណាឲ្យក្រសួងកាត់បន្ថយការចំណាយឲ្យបាន៨%ស្មើនឹង៥០ពាន់លានដុល្លារ ទៅតាមបញ្ជារបស់លោកដូណាល់ ត្រាំ។
យោងតាមឯកសារ និងមន្រ្តីយោធាអាមេរិកដែលទូរទស្សន៍ CNN បានជួបសម្ភាសន៍ ក្រៅតែពី ច្របាច់បញ្ចូលគ្នានូវទីបញ្ជាការដ្ឋានអាមេរិកនៅអឺរ៉ុបនិងអាហ្វ្រិក ការលុបចោលការអប់រំ បណ្តុះបណ្តាលកងទ័ពសម្ព័ន្ធមិត្តដើម្បីសន្សំសំចៃថវិកា រដ្ឋមន្រ្តីការពារជាតិអាមេរិកកំពុងពិចារណាលុបចោលផែនការពង្រីកកម្លាំងសម្ព័ន្ធយោធាអាមេរិក ជប៉ុន ដែលលោកចូ បៃដិន និងនាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអូ គីស៊ីដាបានចុះកិច្ចព្រមព្រៀងកាលពីឆ្នាំមុន។
ទៅតាមកិច្ចព្រមព្រៀងខាងលើ កងទ័ពអាមេរិកប្រមាណ៥៤០០០នាក់ដែលប្រចាំការឈរជើងនៅប្រទេសជប៉ុន នឹងត្រូវដាក់បញ្ចូលទៅក្នុងអគ្គបញ្ជាការដ្ឋានដែលបើកប្រតិបត្តិការរួមគ្នាជាមួយកងកម្លាំងស្វ័យការពារជប៉ុន។ គោលដៅគឺបង្កើតកងកម្លាំងរួមអាមេរិក និងជប៉ុនដើម្បីបើកប្រតិបត្តិការវាយបករហ័សនៅក្នុងករណីមានការគំរាមកំហែងឈ្លានពានរបស់ចិនទៅលើកោះតៃវ៉ាន់ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។
រដ្ឋបាលលោកដូណាល់ ត្រាំវិញគ្មានគិតអ្វីក្រៅតែពីកាត់បន្ថយការចំណាយនៅទឹកដីបរទេស ដើម្បីបង្វែរលុយមកប្រើដើម្បីការពារសន្តិសុខក្នុងប្រទេស។ ជាក់ស្តែង ការលុបចោលផែនការពង្រីកកម្លាំងរបស់សម្ព័ន្ធយោធាអាមេរិកជប៉ុននឹងអាចធ្វើឲ្យមន្ទីរបញ្ចកោណសន្សំថវិកាបានជាង ១១៨០លានដុល្លារ។ ប៉ុន្តែ ទន្ទឹមគ្នានោះ អ្នកសរសេរគម្រោងកាត់បន្ថយថវិការបស់ក្រសួងការពារជាតិអាមេរិក បានព្រមានពីការបាត់បង់ប្រយោជន៍នយោបាយ និងសេដ្ឋកិច្ចរបស់អាមេរិកនៅជប៉ុនព្រោះជប៉ុនជាអ្នកវិនិយោគនិងទីផ្សារសំខាន់របស់អាមេរិក។ ម្យ៉ាងវានឹងធ្វើឲ្យដែនឥទ្ធិពលរបស់កងទ័ពអាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិកកាន់តែចុះរួមតូច ពិបាកតាមដានគ្រប់គ្រង នៅចំពោះមុខការពង្រីកកម្លាំងយោធារបស់មហាអំណាចចិន។
នៅក្រោយការចុះផ្សាយទាក់ទងនឹងគម្រោងការរបស់មន្ទីរបញ្ចកោណលុបចោលកិច្ចព្រមព្រៀងពង្រីកសម្ព័ន្ធយោធាជប៉ុន អាមេរិក ទាំងរដ្ឋមន្រ្តីការពារជាតិជប៉ុន និងអ្នកនាំពាក្យរាជរដ្ឋាភិបាលជប៉ុនកាលពីថ្ងៃសុក្រទី ២១មីនា បានចេញមកបញ្ជាក់ការប្តេជ្ញាចិត្តរបស់ជប៉ុនដើម្បីជំរុញសម្ព័ន្ធភាពជាមួយអាមេរិក និងថា ទំនាក់ទំនងយោធាជប៉ុន និងអាមេរិកនៅដូចដើម មិនប្រែប្រួល។
នៅចំពោះមុខការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងមហាអំណាចចិន ជប៉ុនបានបង្កើនថវិកាកងទ័ពឲ្យបាន២%នៃផលិតផលក្នុងស្រុកសរុប ទៅតាមការចង់បានរបស់លោកដូណាល់ ត្រាំដែលទាមទារឲ្យសម្ព័ន្ធមិត្តរបស់អាមេរិកត្រូវតែទទួលបន្ទុកលើចំណាយយោធាឲ្យបានកាន់តែច្រើនជាងមុន។
ដំណឹងស្តីពីគម្រោងការបោះបង់ចោលការពង្រីកសម្ព័ន្ធយោធាអាមេរិក ជប៉ុនបានជះភាយរហូតធ្វើឲ្យកូរ៉េខាងត្បូង សម្ព័ន្ធមិត្តមួយទៀតរបស់អាមេរិកភ័យព្រួយពីជោគវាសនារបស់ខ្លួន ដែលត្រូវពឹងផ្អែកទាំងស្រុងលើកងទ័ពអាមេរិកដើម្បីការពារខ្លួននៅចំពោះមុខកូរ៉េខាងជើង។
មានទាហានអាមេរិកប្រចាំការប្រមាណ ២ម៉ឺន ៥ពាន់នាក់ កូរ៉េខាងត្បូងក៏ធ្លាប់រងការដាក់សម្ពាធរបស់លោកដូណាល់ ត្រាំ នៅក្នុងអាណត្តិទី១។ កាលណោះលោកដូណាល់ ត្រាំបាននិយាយថា ក្នុងនាមជាប្រទេសអ្នកមានម្នាក់ដែរ កូរ៉េខាងត្បូងត្រូវបង្កើនការចំណាយ ពី៨០០លាន ទៅ ៥ពាន់លានដុល្លារ សម្រាប់បង់ថ្លៃឲ្យអាមេរិកដែលមានទ័ពឈរជើងចាំការពារប្រទេសកូរ៉េខាងត្បូង។
ការទាមទារថ្លៃការពារជាតិពីអាមេរិកធ្លាប់បង្កឲ្យសម្ព័ន្ធមិត្តទាំងពីរមានទំនាក់ទំនងមិនសូវរលូននឹងគ្នាក្នុងអាណត្តិទី១របស់លោកដូណាល់ ត្រាំ។ នៅអាណត្តិថ្មីនេះ លោកដូណាល់ ត្រាំ ទំនងមិនប្តូរគំនិតអ្វីច្រើន ប៉ុន្តែ កូរ៉េខាងត្បូងនៅតែជឿថា អាមេរិកត្រូវការទឹកដីជប៉ុន និងកូរ៉េខាងត្បូងដើម្បីទប់ទល់នឹងកូរ៉េខាងជើង និងប្រទេសចិន៕