លោក Kluivert ប្តេជ្ញានាំលទ្ធផលល្អជំនួបទល់បារែន ជាការឆ្លើយតបក្រោយចាញ់អូស្ត្រាលី
  • ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី យប់
លោក Kluivert ប្តេជ្ញានាំលទ្ធផលល្អជំនួបទល់បារែន ជាការឆ្លើយតបក្រោយចាញ់អូស្ត្រាលី

លោក Patrick Kluivert ប្តេជ្ញានាំយកលទ្ធផលល្អត្រឡប់មកវិញសម្រាប់អ្នកគាំទ្រឥណ្ឌូណេស៊ី នៅការប្រកួត​ក្នុង​ទឹកដីទល់ក្រុមជម្រើសជាតិបារែន វគ្គជម្រុះជុំទី៣ World Cup 2026 ទ្វីបអាស៊ី ក្រោយក្រុម​ជម្រើសជាតិឥណ្ឌូណេស៊ីចាញ់អូស្ត្រាលីចាស់ដៃ លទ្ធផល ៥-១ កាលពីថ្ងៃទី២០ ខែមីនា។

TTN-Free-Banner-In-Article-PC

ដឹកនាំការប្រកួតដំបូងក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូណេស៊ី លោក Kluivert បានធ្វើឱ្យក្រុមស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ មានទម្រង់លេងគ្រប់គ្រងការប្រកួត និងវាយ​សម្រុកដ៏ជក់ចិត្តមួយ និងប្លែកភ្នែកមិនធ្លាប់មានពីមុនសម្រាប់ក្រុមឥណ្ឌូណេស៊ី ប៉ុន្តែក្រុម​ហាក់បីជាខ្សោយត្រង់តំបន់ការពារ បណ្តាលឱ្យអូស្ត្រាលីវាយបក​តែងរកបានគ្រាប់បាល់​ស៊ុតបញ្ចូលទី។ ភាគច្រើនកីឡាករឥណ្ឌូណេស៊ី ជាកូនកាត់ ឥណ្ឌូណេស៊ី ហូឡង់ និងខ្លះជា​កីឡាករចូលសញ្ជាតិ។

បរាជ័យក្រោមថ្វីជើងអូស្ត្រាលី ជាក្រុមខ្លាំងមួយចំណោមក្រុមខ្លាំងៗដទៃប្រចាំទ្វីបអាស៊ី ធ្វើ​ឱ្យជម្រើស​ជាតិឥណ្ឌូណេស៊ី ត្រូវបន្តធ្វើការងារធ្ងន់នៅជំនួបទល់បារែន ជាការប្រកួត​បន្ទាប់​។ ក្រោយចាញ់ការប្រកួត ឥណ្ឌូណេស៊ីធ្លាក់ទៅឈរនៅលេខ ៤ និងធ្វើឱ្យឱកាសប្រជែង​ឈ្នះ​កៅអីស្វ័យប្រវត្តិទៅព្រឹត្តិការណ៍ World Cup 2026 ត្រឹមវគ្គជម្រុះជុំទី៣ កាន់តែ​ស្តួច​ស្តើង។ 

គ្រូបង្វឹកដែលជាអតីតខ្សែប្រយុទ្ធក្រុម Barcelona និងជម្រើសជាតិហូឡង់ ដែលចូលជំនួសតំណែងលោក Shin Tae Yong កាលពីខែមករា បានប្តេជ្ញាចិត្តនាំយកលទ្ធផលល្អ នៅការប្រកួតទល់នឹងក្រុមបារែន ដើម្បីធ្វើឱ្យអ្នកគាំទ្ររីករាយឡើងវិញ និងចាក់ទុកជាការឆ្លើយតបក្រោយចាញ់អូស្ត្រាលី។

«រឿងវិជ្ជមាននោះគឺ យើងនឹងត្រូវបន្តទៅមុខទៀត ជាមួយនឹងស្មារតីដ៏ខ្លាំងរបស់ក្រុមដែលកំពុងស្រេកឃ្លានការប្រកួតប្រជែង។ អ្នកទាំងអស់គ្នាមើលមិនឃើញពីស្មារតីទាំងនេះ ដែលជាអ្វីយើងកំពុងមាននៅក្នុងក្រុម។ យើងត្រូវតែឆ្លើយតបមកវិញ នៅក្នុងជំនួបទល់នឹងក្រុមបារែន ប៉ុន្តែពេលនេះយើងត្រូវតែទទួលយកបរាជ័យ និងសម្លឹងមើលមកកាន់គ្រប់គ្នា នូវអ្វីដែលយើងបានបង្កកំហុស រួមទាំងខ្ញុំ ដើម្បីកែតម្រូវវាឡើងវិញ ប្រហែលខ្ញុំបានធ្វើអ្វីខុសមួយនៅការប្រកួតនោះ។»។ លោក Kluivert បាននិយាយបែបនេះ។

នៅវគ្គជម្រុះជុំទី៣ ពូល C ក្រុមខ្លាំងជប៉ុន បានកក់កៅអី World Cup 2026 ចេញពីពូល C នេះ រួចរាល់ទៅហើយ ខណៈដែលអូស្ត្រាលីឈ្នះការប្រកួតរកបាន ១០ពិន្ទុ ពីការប្រកួត ៧លើក ឈរនៅចំណាត់ថ្នាក់លេខ ២ ហើយនៅមានការប្រកួតចំនួន ៣ លើកបន្តទៀតដើម្បីដណ្តើមកៅអីស្វ័យប្រវត្តិ World Cup 2026។ ក្រុមលេខ ១ និង លេខ ២ តាមពូលនីមួយៗ នៅការប្រកួតជម្រុះជុំទី៣ ឈ្នះកៅអីស្វ័យប្រវត្តិទៅកាន់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំក្រោយ។

ក្រុមលេខ ៣ និងលេខ ៤ ទទួលបានឱកាសទៅប្រជែងកៅអីនៅការប្រកួតជុំទី៤ ទ្វីបអាស៊ី ដែលនៅសល់ចំនួន ៣កៅអីកន្លះ។ អារ៉ាប៊ីសាអូឌីត ជាក្រុមឈរនៅលេខ ៣ រកបាន ៩ពិន្ទុ ពីលើឥណ្ឌូណេស៊ី មានត្រឹមតែ ៦ពិន្ទុ ស្មើនឹងក្រុមបារែន និងចិន ឈរនៅលេខ ៥ និង ៦៕


អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង