- ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

អង្គការអុកស្វាម សហការជាមួយក្រសួងបរិស្ថាន បានរៀបចំកម្មវិធីបោះជំរំយុវជន រយៈពេល២ថ្ងៃ ពីថ្ងៃទី១៨-១៩ ខែមីនា នៅកោះហាន ខេត្តស្ទឹងត្រែង ដើម្បីប្រារព្ធទិវាអន្តរជាតិនៃសកម្មភាពដើម្បីទន្លេ ទិវានារី និងទឹក និងទិវាអន្តរជាតិនារី។ ព្រឹត្តិការណ៍នេះ មានគោលបំណងបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយទន្លេ និងជំរុញសកម្មភាពរួមគ្នាដើម្បីការពារទន្លេមេគង្គ និងក្រោមវត្តមានអ្នកចូលរួមពីយុវជន ក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រមាណ៦០នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការអុកស្វាម កម្មវិធីនេះមានសកម្មភាពរួមសំខាន់ចំនួន៣ គឺ ការជួបជុំបោះជំរំនៅកោះហាន ការពិភាក្សាតុមូល និងការធ្វើដំណើរតាមទូកដើម្បីមើលព្រៃលិចទឹកទន្លេមេគង្គ។
ទន្លេមេគង្គ បានជួយដល់វិស័យកសិកម្ម ជលផល និងជីវចម្រុះ រួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងមានសារៈសំខាន់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសជាសក្តានុពលមួយដ៏សំខាន់ សម្រាប់វិស័យទេសចរណ៍ ផ្នែកវប្បធម៌ប្រពៃណី និងជាប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់សហគមន៍ នៃអាងទន្លេមេគង្គ ក៏ដូចសង្គមកម្ពុជា។ នេះបើតាមអង្គការអុកស្វាម។
លោក គល់ វឌ្ឍនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលបានចូលរួមបើកកម្មវិធីបោះជំរំនេះ មានប្រសាសន៍ថា នៅក្នុងអាងទន្លេមេគង្គក្រោម ការអភិវឌ្ឍន៍នៅភាគខាងលើ និងការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យប្រែប្រួលដល់កម្រិតកម្ពស់ទឹក របប និងលំនាំនៃរំហូរទឹក ប្រព័ន្ធអេកូឡូស៊ី និងវិស័យកសិកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងអាងទន្លេ។ ការការពារទន្លេត្រូវការកិច្ចសហការរវាងយុវជន សហគមន៍ អាជ្ញាធរ និងអ្នកបង្កើតគោលនយោបាយ។ លោក គល់ វឌ្ឍនា បញ្ជាក់ដូច្នេះ មុននឹងបន្ថែមថា៖ «កិច្ចសហការចូលរួមចំណែកធ្វើការងាររួមគ្នា នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការធានាអនាគតនៃទន្លេមេគង្គ និងរក្សាបាននូវនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីទន្លេ។»។
លោក គល់ វឌ្ឍនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម យល់ថា សំឡេងរបស់ស្ត្រី ជនជាតិដើមភាគតិច ជនមានពិការភាព និងក្រុមជនងាយរងគ្រោះដទៃទៀត គួរត្រូវបានផ្តល់អាទិភាពក្នុងការ រៀបចំគោលនយោបាយ និងផែនការធនធានទឹក ដើម្បីធានាឱ្យបាននូនូវគោលនយោបាយ និងដំណោះស្រាយដែលគិតគូរអំពីបញ្ហាប្រឈម ឆ្លើយតបនឹងតម្រូវការ និងប្រកបដោយបរិយាប័ន្ន។
លោកស្រី ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារយេនឌ័រ នៃក្រសួងបរិស្ថានបានចាត់ទុកកម្មវិធីបោះជំរំនេះថា ជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងសហគមន៍ ជាពិសេសយុវជន និងជំរុញការអនុវត្តបរិស្ថានប្រកបដោយនិរន្តរភាព។ លោកស្រី ងិន លីណា បន្ថែមថា៖ «ទឹក គឺជីវិត ហើយប្រធានបទនៃព្រឹត្តិការណ៍ “ទន្លេរបស់យើង អនាគតរបស់យើង” គូសបញ្ជាក់ពីតួនាទីសំខាន់នៃទន្លេ ដែលមានសុខភាពល្អ ក្នុងការផ្តល់ទឹកសាប គាំទ្រជីវៈចម្រុះ និងការអភិរក្សបេតិកភណ្ឌវប្បធម៌។»។
លោកស្រី ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារយេនឌ័រ នៃក្រសួងបរិស្ថាន
រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវឱ្យមានសកម្មភាពរួមគ្នាទាំងយុវជន ប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ចូលរួមការពារទន្លេ និងធានានិរន្តរភាពរបស់ពួកគេសម្រាប់មនុស្សជំនាន់ក្រោយ។
តំណាងយុវជន កញ្ញា សួង ពេជ្រច័ន្ទបូរមី បានបង្ហាញការភ្ញាក់ផ្អើលដែលបានឃើញព្រៃលិចទឹកទន្លេមេគង្គតែមួយគត់ និងការផ្សារភ្ជាប់រវាងទន្លេមេគង្គ និងនឹងជីវភាពរស់នៅរបស់ពលរដ្ឋនៅក្នុងសហគមន៍។
យុវតីរូបនេះ បញ្ជាក់ថា កម្មវិធីនេះពិតជាបានបញ្ជាក់ពីសារៈសំខាន់នៃការការពារប្រព័ន្ធអេកូឡូស៊ីទាំងនេះ។
បើតាមអង្គការអុកស្វាម នៅក្នុងកម្មវិធីនេះ អ្នកចូលរួម បានយល់ដឹងបន្ថែមទៀត អំពីបញ្ហាប្រឈមនៃបរិស្ថាន តម្រូវការបន្ទាន់សម្រាប់កិច្ចសហការដើម្បីអភិរក្សប្រព័ន្ធនៃព្រៃលិចទឹកមេគង្គ ដែលកំណត់ថា ជាតំបន់រ៉ាមសារ។ កម្មវិធីនេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាចំពោះទន្លេមេគង្គប្រកបដោយនិរន្តរភាព ដោយធានានូវភាពចាំបាច់ក្នុងការថែទាំទន្លេសម្រាប់មនុស្សជំនាន់ក្រោយ។
នៅខេត្តស្ទឹងត្រែង អង្គការអុកស្វាម តាមរយៈគម្រោង បរិយាបន្នទឹកទន្លេមេគង្គ និងក្នុងភាពជាដៃគូជាមួយអង្គការភូមិខ្ញុំ និងអង្គការអភិរក្សវប្បធម៌ និងបរិស្ថាន បាននឹងកំពុងធ្វើការដើម្បីលើកកម្ពស់សិទ្ធិសហគមន៍ ជាពិសេសស្ត្រី ក្នុងការថែរក្សាធនធានទឹក។ អង្គការអុកស្វាម ក៏សហការជាមួយអង្គការសង្គមស៊ីវិលនានា ស្ថានប័នរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តររដ្ឋាភិបាល ដើម្បីពង្រឹងអភិបាលកិច្ចទឹក និងកសាងភាពធន់របស់សហគមន៍ ដែលជួយឱ្យពួកគេសម្របខ្លួនទៅនឹងការប្រែប្រួលដែលបង្កឡើងដោយការអភិវឌ្ឍមិនមាននិរន្តរភាពរបស់មនុស្ស និងការប្រែប្រួលអាកាសធាតុ៕