សម្តេច ហ៊ុន ម៉ាណែត៖ មិនមានអ្នកបង្ខំព្រះអង្គជួន កក្កដា ឱ្យសឹកទេ!
- ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:០២ នាទី យប់

គ្មានអ្នកណាបង្ខំ លោក ជួន កក្កដា ដែលគង់នៅវត្តប្រាសាទនាង នាងខ្មៅ ក្នុងខេត្តតាកែវ ឱ្យសឹកនោះទេ។ សម្តេច ហ៊ុន ម៉ាណែត ប្រកាសដូច្នេះឆ្លើយតបនឹងការមតិមួយចំនួន ដែលមានចេតនាបង្ខូចឈ្មោះរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការសឹករបស់ អតីត ព្រះវិន័យធម៌គណខេត្តតាកែវ។ ការសឹករបស់អតីតសង្ឃដ៏ល្បី សាន សុជា និងសម្តេច ក៏ដូចជាអតីតសម្តេចសង្ឃ ឃី សុវណ្ណរតនាកន្លងមក ក៏ត្រូវបានក្រុមអ្នកប្រឆាំង ទាញភ្ជាប់ថា រដ្ឋាភិបាលបង្ខំឱ្យសឹកដែរ ដែលនាំឱ្យសាធារណជន ពិសេសពុទ្ធសាសនិកដែលស្រឡាញ់ គាំទ្រ អតីតព្រះសង្ឃ ជួន កក្កដា មានការភាន់ច្រឡំ។

នៅក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ នៅល្ងាចថ្ងៃទី២២ ខែមីនានេះ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា ទាំងរូបខ្លួន និងភរិយា ដែលជាអ្នកគាំទ្រព្រះអង្គដែរនោះ ក៏មិនចង់ឱ្យលោកសឹកដែរ។ ប៉ុន្តែគឺជាការសម្រេចចិត្តរបស់លោក។
ដោយកោតស្ងប់ស្ងែងពីចំណេះដឹង និងឆន្ទៈរបស់លោក ជួន កក្កដា ក្នុងវិស័យព្រះពុទ្ធសាសនា និងការអប់រំកុមារ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា នឹងផ្តល់តំណែងជា អនុរដ្ឋលេខាធិកា ក្រសួងធម្មការ និងសាសនា ដល់លោក ជួន កក្កដា ដើម្បីឱ្យបន្តជួយវិស័យពុទ្ធសាសនាតទៅទៀត។
សម្តេច ហ៊ុន ម៉ាណែត បន្ថែមថា៖ «ខ្ញុំសូមបញ្ជាក់អ៊ីចេះ អត់មានពីណាបានបង្ខំលោកទេ។ ហើយលោក អត់មានបានប្រព្រឹត្តអ្វីខុសទេ គឺការសម្រេចចិត្តរបស់ព្រះអង្គ។[…] ដោយសារចំណេះដឹងរបស់ លោកល្អខ្លាំង ជួយច្រើននៅក្នុងវិស័យ(ពុទ្ធសាសនា)នេះ។ រដ្ឋាភិបាលត្រូវការអ្នកដែលមាន សមត្ថភាពនេះ។ ហើយលោកក៏មាន និងមានឆន្ទៈ ជួយព្រះពុទ្ធសាសនាថែមទៀត ។ ហើយយើងគ្រោងរៀបចំលោក ជាអនុរដ្ឋលេខាធិកាក្រសួងធម្មការ ដើម្បីបន្តជួយវិស័យពុទ្ធសាសនាតទៅទៀត។ អត់មានផ្សឹកលោកទេ ហើយក៏មិនបោះបង់ចោលធនធានដែលល្អ ដែលមានឆន្ទៈជួយនោះដែរ។»។
សូមរឭកថា ព្រះអង្គមុនិបាលោ ជួន កក្កដា ព្រះវិន័យធម៌គណខេត្តតាកែវ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នាយកសាលាពុទ្ធិកនាងខ្មៅ បានសម្រេចលាចាកសិក្ខាបទ នៅព្រឹកថ្ងៃទី១៩ មីនា ក្រោយប្រើពេលវេលាជាបុព្វជិត ជាង២៧ព្រះវស្សា។ ដ្បិតតែលោក ជួន កក្កដា បានសឹកហើយក៏ដោយ ប៉ុន្តែអតីតសង្ឃរូបនេះ នៅតែបន្តឆន្ទៈ ក្នុងការជ្រោមជ្រែងនៅក្នុងវិស័យព្រះពុទ្ធសាសនាដដែល ក៏ដូចជាការជួយដល់ការអប់រំរបស់កុមារនៅក្នុងវត្តប្រាសាទនាងខ្មៅដដែល៕
អត្ថបទទាក់ទង
:
© រក្សាសិទ្ធិដោយ thmeythmey.com