អភិបាលខេត្តព្រះសីហនុ ឱ្យរួមគ្នាអភិរក្ស ឆ្នេរថ្មរៀង និង ឆ្នេរអណ្តូង ទុកជាឆ្នេរសាធារណៈ
  • ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:១៥ នាទី ព្រឹក
អភិបាលខេត្តព្រះសីហនុ ឱ្យរួមគ្នាអភិរក្ស ឆ្នេរថ្មរៀង និង ឆ្នេរអណ្តូង ទុកជាឆ្នេរសាធារណៈ
លោក ម៉ាង ស៊ីណេតអភិបាលខេត្តព្រះសីហនុ និងក្រុមជំនាញចុះពិនិត្យស្ថានភាពឆ្នេរ នាថ្ងៃទី២២មីនា ២០២៥។ រូបពី រដ្ឋបាលខេត្តព្រះសីហនុ

ភ្នំពេញ៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពឆ្នេរ ក្នុងភូមិសសាស្រ្តស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយបានណែនាំឱ្យអភិរក្សឆ្នេរចំនួន២ មានលក្ខណៈធម្មជាតិ ទុកសម្រាប់សាធារណជន។ នេះបើតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន។

TTN-Free-Banner-In-Article-PC

អភិបាលខេត្តព្រះសីហនុ បានដឹកនាំ ក្រុមការងារ រដ្ឋបាលខេត្ត មន្ទីរ និងអង្គភាពជំនាញ ចុះពិនិត្យស្ថានភាពឆ្នេរចំនួន២កន្លែង កាលពីថ្ងៃទី២២មីនា។ ឆ្នេរទីមួយ គឺឆ្នេរ ថ្មរៀង ស្ថិតនៅភូមិឬទ្ធី ១ ឃុំកែវផុស ស្រុកស្ទឹងហាវ ដែលមានព្រំប្រទល់ពីកំពង់ផែកែវផុស រហូតដល់ឆ្នេរព្រំប្រទល់ខេត្តកោះកុង។ ឆ្នេរមួយទៀត គឺឆ្នេរ អណ្ដូង រឺឆ្នេរតាបារាំង ស្ថិតនៅភូមិឬទ្ធី២។ 

លោក ម៉ាង ស៊ីណេត ឃើញឆ្នេរទាំង២ មានខ្សាច់សរ និងមានរុក្ខជាតិដុះចម្រុះតាមដៃព្រែក ដែលមានលក្ខណៈធម្មជាតិមិនមានការកែច្នៃ។ ហេតុនេះ អភិបាលខេត្ត បានណែនាំបែបនេះ៖ «ឆ្នេរទាំងពីរនេះ ត្រូវទុកជាឆ្នេរសាធារណៈ និងការពារដើមឈើ ឆ្នេរខ្សាច់ រួមទាំងរក្សាអនាម័យបរិស្ថាន ឱ្យកាន់តែល្អស្រស់បំព្រងផងដែរ»។ 

អភិបាលខេត្ត ក៏ស្នើឱ្យអាជីវករ ដែលប្រកបអាជីវកម្មនៅតាមតំបន់ឆ្នេរ ថែរក្សាអនាម័យឱ្យបានជាប់ជាប្រប្រចាំ ដើម្បីផ្តល់សោភ័ណភាព និងទាក់ទាញភ្ញៀវ មកកាន់តំបន់ទេសចរណ៍ បានកាន់តែច្រើន នៅពេលខាងមុខ៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី