កុមារម្នាក់នៅខេត្តក្រចេះ ឆ្លងជំងឺផ្តាសាយបក្សី
  • ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១២:១០ នាទី រសៀល
កុមារម្នាក់នៅខេត្តក្រចេះ ឆ្លងជំងឺផ្តាសាយបក្សី

កុមារា អាយុ ៣ឆ្នាំ ៦ខែ ម្នាក់ មានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 ដែលត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២២ ខែមីនា។ កុមាររូបនេះ រស់នៅ ភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៣ ខែមីនា កុមារា រងគ្រោះ ត្រូវបាននាំមកដល់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ ជាមួយរោគសញ្ញាគ្រុនក្តៅ ក្អក និងហត់ខ្លាំង រួមទាំងមានការពិបាកដកដង្ហើម។
TTN-Free-Banner-In-Article-PC


បច្ចុប្បន្នស្ថានភាព និងការវិវត្តជំងឺកុមារា កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ និងកំពុងស្ថិតក្នុងការសង្គ្រោះព្យាបាលកម្រិតធ្ងន់ពីក្រុមគ្រូពេទ្យ ជំនាញ។ ក្រសួងសុខាភិបាល បញ្ជាក់ដូច្នេះ មុននឹងបន្តថា៖« តាមការសាកសួរបង្ហាញថា ផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ជាលក្ខណៈ គ្រួសារ និងមានមាន់ងាប់ប្រហែល៥ក្បាល និងខ្លះទៀតកំពុងឈឺ ហើយសមាជិកក្រុមគ្រួសារបានយកមាន់ងាប់ មកធ្វើម្ហូប។»

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែង រកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្ត ទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើ យុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុ។
 
ក្រសួងសុខាភិបាល ក៏បានរំឭកសារដល់ពលរដ្ឋទាំងអស់ សូមយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពសាធារណៈ។ 

បើមានមាន់ទាឈឺឬងាប់ច្រើននៅផ្ទះឬក្នុងភូមិ ហើយមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ កុំពន្យារពេលដែលធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់។ ក្រសួងសុខាភិបាល បញ្ជាក់ដូច្នេះ៕
 

អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា