៣ថ្ងៃ ទេសចរជាង៨ម៉ឺននាក់ ទៅទស្សនា«សមរាត្រី» នៅអង្គរវត្ត
  • ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:០៥ នាទី រសៀល
៣ថ្ងៃ ទេសចរជាង៨ម៉ឺននាក់ ទៅទស្សនា«សមរាត្រី» នៅអង្គរវត្ត
ទេសចរជាង៨ម៉ឺននាក់ ទៅទស្សនាសមរាត្រី ខែប្រាំង នៅប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២១ ដល់២៣ ខែមីនា ឆ្នាំ២០២៥នេះ។

សៀមរាប៖ ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត ជាផលិតផលទេសចរណ៍យ៉ាងទាក់ទាញមួយ ក្នុងខេត្តសៀមរាប។ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២១មីនាមក ព្រឹត្តិការណ៍នេះបានទាក់ទាញទេសចរសរុប ៨០ ៤៦៣នាក់ មកទស្សនា ក្នុងនោះមានទេសចរបរទេសជិត ១ម៉ឺននាក់មកទស្សនា។ នេះបើតាមរដ្ឋបាលខេត្តសៀមរាប។

TTN-Free-Banner-In-Article-PC

ព្រឹត្តិការណ៍ «សមរាត្រី» នៅប្រាសាទអង្គរវត្ត ជាព្រឹត្តិការណ៍កម្រ ដែលកើតឡើងតែ២ដងប៉ុណ្ណោះក្នុងមួយឆ្នាំ គឺខែប្រាំងអំឡុងខែមីនា និងរដូវវស្សា អំឡុងខែកញ្ញា ជារៀងរាល់ឆ្នាំ។ នៅថ្ងៃទីមួយនៃសមរាត្រី ថ្ងៃទី២១ មានអ្នកទេសចរ និងពលរដ្ឋក្នុងខេត្តសរុបប្រមាណ ១៦ ០០០នាក់ ទៅទស្សនាព្រឹត្តិការណ៍សមរាត្រីនៅអង្គរ ក្នុងនោះមានទេសចរបរទេសប្រមាណ ៣ ៥០០នាក់។

ចំណែកថ្ងៃទី២វិញ មានទេសចរ និងពលរដ្ឋក្នុងខេត្តសរុបប្រមាណ ៣៤ ០០០នាក់ ក្នុងនោះទេសចរបរទេសមានប្រមាណ ៣ ៥០០នាក់ មកទស្សនាសមរាត្រី នៅអង្គរវត្ត។ ​ឯថ្ងៃទី៣នេះវិញ មានទេសចរប្រមាណ ២៣​ ០០០នាក់​ ក្នុងនោះភ្ញៀវបរទេសចំនួន ២​ ១៣០នាក់​៕ 

 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី