- ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ២:២៩ នាទី រសៀល

ដោយ៖ ហៃ សុហេម (អន្តរជាតិ, នយោបាយ)
ទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហារចូលភាគខាងត្បូងតំបន់កាហ្សា នៅថ្ងៃទី២៣ ខែមីនា ដោយបានសម្លាប់មេដឹកនាំរបស់ក្រុមហាម៉ាសម្នាក់ គឺលោក Salah al-Bardaweel ដែលជាសមាជិកក្រុមផ្នែកនយោបាយ រួមទាំងប្រពន្ធរបស់លោកផង។ នេះបើតាមការបញ្ជាក់របស់មន្ត្រីផ្នែកផ្សព្វផ្សាយព័ត៌មានក្រុមហាម៉ាស។
ខណៈកំពុងតែចាប់ផ្ដើមបើកប្រតិបត្តិការយោធាក្នុងតំបន់កាហ្សាសារជាថ្មី យោធាអ៊ីស្រាអែល បានវាយប្រហារសម្លាប់មេដឹកនាំផ្នែកនយោបាយរបស់ក្នុងហាម៉ាសម្នាក់ទៀត នៅថ្ងៃទី២៣ ខែមីនា។
ការវាយប្រហារតាមផ្លូវអាកាសចូលក្នុងភាគខាងត្បូងតំបន់កាហ្សា បានសម្លាប់មេដឹកនាំម្នាក់ក្នុងក្រុមហាម៉ាស គឺលោក Salah al-Bardaweel និងរួមទាំងប្រពន្ធរបស់លោក ម្នាក់ផង។ នេះបើតាមការបញ្ជាក់របស់មន្ត្រីផ្នែកផ្សព្វផ្សាយរបស់ក្រុមហាម៉ាស លោក Taher Al-Nono។
ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមហាម៉ាស បានចោទអ៊ីស្រាអែលថា បានធ្វើឃាតលោក Bardaweel ខណៈពេលដែលលោក កំពុងធ្វើពិធីបួងសួងសាសនាជាមួយប្រពន្ធ ក្នុងជម្រក នៅទីក្រុង Khan Younis។
យ៉ាងណាមិញ ភាគីអ៊ីស្រាអែល មិនទាន់មានការឆ្លើយតប និងបកស្រាយនៅឡើយទេ។ ប៉ុន្តែកន្លងមក លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសគោលដៅចម្បង គឺការកម្ទេចក្រុមហាម៉ាសទាំងស្រុង។ ហើយប្រតិបត្តិការថ្មីនេះ គឺដើម្បីបង្ខំឱ្យក្រុមនេះដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់។
ការវាយប្រហារថ្មីរបស់អ៊ីស្រាអែលកាលពីថ្ងៃទី១៨ ខែមីនា បានសម្លាប់លោក Essam Addalees និងលោក Mahmoud Abu Watfa និងមេក្លោងផ្សេងទៀតដែលសុទ្ធជាមនុស្សសំខាន់ៗក្នុងជួរដឹកនាំរបស់ក្រុមហាម៉ាស។
ស្របពេលដែលបានសម្លាប់មេដឹកនាំក្នុងក្រុមឧទ្ទាមនេះ ប្រតិបត្តិការថ្មីរបស់យោធាអ៊ីស្រាអែល បានបន្តសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង៤០០នាក់បន្ថែមទៀត គិតតែក្នុងថ្ងៃទី១៨ ខែមីនា។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសុខាភិបាលប៉ាឡេស្ទីន។
ហាម៉ាស បានចោទថាអ៊ីស្រាអែល បំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែមករា ដោយបដិសេធមិនចរចាបញ្ចប់សង្គ្រាម និងដកទ័ពចេញពីកាហ្សាជាស្ថាពរនោះទេ។ យ៉ាងណាក៏ដោយ ក្រុមខ្លួន នៅតែប្រកាន់ជំហរចូលតុចរចាបញ្ចប់សង្គ្រាម។
គួរឱ្យដឹងថា គិតចាប់តាំងពីព្រឹត្តិការណ៍វាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មកទល់បច្ចុប្បន្ន អ៊ីស្រាអែល បានវាយប្រហារតំបន់កាហ្សាដែលបណ្ដាលឱ្យមនុស្សស្លាប់ជាង៤,៩ម៉ឺននាក់។ អ៊ីស្រាអែល នៅតែបន្តរឹតបន្តឹង និងបិទខ្ទប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលតំបន់កាហ្សាដដែល៕