- ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៥:៥៩ នាទី ល្ងាច

ភ្នំពេញ៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) កំពុងពិព័រណ៍កម្រងរូបថតជាង៨០ របស់អ្នកថតរូបជប៉ុន ក្រោមចំណងជើង «ទីក្រុងតូក្យូ អតីតកាល បច្ចុប្បន្ន»។ កម្រងរូបថតកម្របានឃើញទាំងនោះ ឆ្លុះបញ្ចាំងពីការវិវត្តរបស់សង្គម សេដ្ឋកិច្ច និងស្ថាបត្យកម្មទីក្រុងតូក្យូពីអតីតកាលមក។
ពិព័រណ៍រូបថត «ទីក្រុងតូក្យូ អតីតកាល/បច្ចុប្បន្ន» ជាកម្រងរូបភាពប្រវត្តិសាស្ត្រពីទសវត្សរ៍ឆ្នាំ១៩៣០ និងឆ្នាំ១៩៤០ ជាមួយនឹងរូបភាពសហសម័យ ដែលត្រូវបានថតក្រោយឆ្នាំ២០១០។ បើតាមសារមន្ទីរ ស.ស.រ កម្រងស្នាដៃរូបថតប្រវត្តិសាស្ត្រទាំងនោះ ជាពិព័រណ៍ដែលបង្ហាញអំពីរូបភាពល្អឯក រៀបរាប់អំពីការផ្លាស់ប្តូរមុខមាត់ទីក្រុងតូក្យូទៅតាមកាលវេលា។
ហេតុអ្វីអ្នកគួរតែទៅទស្សនាពិព័រណ៍នេះ?
ពិព័រណ៍នេះនឹងធ្វើឱ្យអ្នកទស្សនាពិចារណាលើប្រធានបទទូលំទូលាយរវាងទំនើបកម្ម និងបរិវត្តកម្មទីក្រុង ដោយប្រៀបធៀបជាមួយនឹងថាមវន្តទីក្រុងផ្សេងទៀតនៅជុំវិញពិភពលោក។
រូបភាព៖ សារមន្ទីរ ស.ស
ចំណុចគួរឱ្យចាប់អារម្មណ៍បំផុត ក្រៅពីជារូបភាពពីអតីតកាលដែលកម្របានឃើញ ពិព័រណ៍នេះក៏បង្ហាញពីរូបភាព «មុន» និង «ក្រោយ» ដ៏គួរឱ្យចាប់អារម្មណ៍ ដែលអាចឱ្យអ្នកទស្សនាបានដឹងពីការផ្លាស់ប្ដូរនៃទេសភាពក្រុង ហេដ្ឋារចនាសម្ព័ន្ធ និងការរស់នៅក្នុងទីក្រុង របស់ប្រជាជនជប៉ុន។
ពិព័រណ៍រូបថតខាងលើកំពុងដាក់បង្ហាញឱ្យសាធារណជនចូលទស្សនាដោយសេរី រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ នៅឯសារមន្ទីរ ស.ស.រ រាជធានីភ្នំពេញ។ ពិព័រណ៍នេះទៀតសោត ត្រូវបានទទួល ស្គាល់ជាអន្តរជាតិ និងបានតាំងបង្ហាញក្នុងប្រទេសជាង១០រួចមកហើយ តាំងពីឆ្នាំ២០១៨មក។
រូបភាព៖ សារមន្ទីរ ស.ស
គួរឱ្យដឹងផងដែរថា ពិព័រណ៍រូបថតនេះ នាំមកជូនដោយមូលនិធិជប៉ុន (Japan Foundation) និងស្ថានទូតជប៉ុនប្រចាំកម្ពុជា សហការនឹងធនាគារជាតិនៃកម្ពុជា ហើយវាជាពិព័រណ៍មួយក្នុងចំណោមពិព័រណ៍ចំនួន១៥ផ្សេងទៀត ដែលបច្ចុប្បន្នកំពុងដាក់តាំងនៅទូទាំងពិភពលោក។
នៅសារមន្ទីរ ស.ស.រ ពិព័រណ៍នេះ បានបើកសម្ពោធកាលពីថ្ងៃទី២១ មីនា ក្រោមអធិបតីភាព លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា និង លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីភ្ញៀវកិត្តិយស មកពីវិស័យវប្បធម៌ និងការទូតផងដែរ៕