- ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ នឹងបើកដំណើរការដំណាក់កាលទី១ នៅខែកក្កដាខាងមុខ បន្ទាប់ពីសាងសង់បាន៩៥ភាគរយ។ ក្នុងដំណើរទស្សនកិច្ចរបស់ក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី២១ មីនា លោក ឆារស៍ វ៉ាន់ អភិបាលនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ បានឱ្យដឹងថា គិតមកដល់ពេលនេះ អាកាសយានដ្ឋាននេះ ចំណាយថវិកាជតិ ១៦០០លានដុល្លារ។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបើកការដ្ឋានកាលពីឆ្នាំ២០១៨ គ្រោងបញ្ចប់ការសាងសង់ដំណាក់កាលទី១ និងបើកដំណើរការនៅខែកក្កដា ឆ្នាំ២០២៥នេះ។ អាកាសយានដ្ឋានអន្តរជាតិតេជោនេះ សាងសង់លើផ្ទៃដី ២៦០០ហិកតា និងជាអាកាសយានដ្ឋានធំជាងគេនៅកម្ពុជា។
លោក ឆារស៍ វ៉ាន់ អភិបាលនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ បញ្ជាក់ថា អាកាសយានដ្ឋាននេះ ជាប្រភេទ4F ដែលអាចឱ្យយន្តហោះធុនធំរហូតដល់Aribus A380-800 ចុះចតបាន។ បច្ចុប្បន្ននេះ អាកាសយានដ្ឋាននេះ មានកម្មករចំនួន ១៥០០០នាក់ ដែលកំពុងមមាញឹកពន្លឿនការងារ ដើម្បីឈានដល់ការដាក់ឱ្យប្រើប្រាស់។ ក្រោយបើកដំណើរការ អាកាសយានដ្ឋាននេះ នឹងទទួលការងារទាំងស្រុងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានបិទដំណើរការ។
លោក ឆារស៍ វ៉ាន់
អភិបាលនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្តថា អ្នកជំនាញ និងបុគ្គលិកទាំងអស់ នឹងត្រូវផ្ទេរមកធ្វើការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ លើសពីនេះ ក្រុមហ៊ុននឹងពិនិត្យជាក់ស្ដែងចំពោះតម្រូវការបុគ្គលិកថ្មីបន្ថែម ដោយផ្ដល់ឱកាសដល់កូនខ្មែរជាច្រើននាក់។
ក្នុងអាកាសយានដ្ឋានដែលបម្រើដល់វិស័យអាកាសចរណ៍ស៊ីវិលនេះ នឹងមានបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណរបស់កម្ពុជាផងដែរ។ បើតាមលោក ឆារស៍ វ៉ាន់ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមានបដិមាព្រះពុទ្ធដ៏ធំ រួមជាមួយរូបចម្លាក់បដិមា ដែលមានគ្រប់សតវត្សចំនួន ២០០។
ទន្ទឹមនឹងនេះ ក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកទូលាយឱ្យសាធារណជន និងអ្នកជូនដំណើរអាចចូលដល់កន្លែងCheck Inផងដែរ។ ដើម្បីបង្កើតសោភ័ណ និងលម្ហបៃតង អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់ដាំដើមត្នោត ផ្ការំដួល និងដើមឈើប្រណីត រាប់លានដើម៕